ក្លិប Yokohama FC នៃលីគកំពូលជប៉ុន (J1 League) កាលពីថ្ងៃសៅរ៍ បានប្រកាសបន្តកិច្ចសន្យាថ្មីសម្រាប់អតីតខ្សែប្រយុទ្ធជម្រើសជប៉ុនកីឡាករ Kazuyoshi Miura ដែលជាកីឡាករបាល់ទាត់អាជីព ចំណាស់ជាងគេបំផុតនៅលើពិភពលោក ។
ការបន្តកុងត្រាថ្មីសម្រាប់ Miura នឹងធ្វើឱ្យរូបលោក បន្តជាកីឡាករបាល់ទាត់អាជីពរហូតដល់វ័យ ៥៣ឆ្នាំ ។ Miura បានថ្លែងអំពីអារម្មណ៍ខ្លួនថា«ខ្ញុំសង្ឃឹមថានឹងរីករាយក្នុងការបន្តលេងបាល់ទាត់ និងចងចាំអារម្មណ៍ដ៏អសា្ចរ្យ នៅពេលដែលខ្ញុំខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ក្លិប ដើម្បីបន្តនៅ J1 ។ ខ្ញុំនឹងខិតខំដើម្បីរួមចំណែកដល់ជ័យជម្នះរបស់ក្រុម»។
កាលពីរដូវកាលមុន Miura បង្ហាញខ្លួនបានត្រឹមតែ៣ប្រកួតប៉ុណ្ណោះ ដោយពុំបានស៊ុតបញ្ចូលទីឡើយ។ សម្រាប់ការបើករដូវកាលថ្មី នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយ Yokohama FC នឹងត្រូវតទល់ជាក្រុម Vissel Kobe ដែលមានអតីតតារាឆ្នើមរបស់ក្លិប Barcelona កីឡាករ Andres Iniesta នៅពហុកីឡដ្ឋាន Noevir ។
គួររំលឹកថា Miura បានចូលរួមជាមួយក្លិប Yokohama FC ចាប់តាំងពីឆ្នាំ ២០០៥ ដោយបង្ហាញខ្លួនបានចំនួន ២៧៧ប្រកួត ស៊ុតបញ្ចូលទី ២៧គ្រាប់ និងជួយក្លិបឱ្យឈ្នះពានរង្វាន់ J2 League ម្តងកាលពីឆ្នាំ ២០០៦ ៕
ចែករំលែកព័តមាននេះ