ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​លើ​ទីផ្សារ​កម្ពុជា​រង​ឥទ្ធិពល​យ៉ាង​ណា ខណៈ​នាំ​ចូល​ប្រមាណ​ជិត​២​លាន​តោន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ទីផ្សារ​ប្រេង​អន្តរជាតិ​មាន​ភាព​មិន​ច្បាស់លាស់ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល បាន​សម្រេច​ប្តូរ​ការ​គណនា​តម្លៃ​ប្រេង​លក់​លើ​ទីផ្សារ​ពី​១០​ថ្ងៃ​ម្ដង មក​ជា​១៥​ថ្ងៃ​ម្ដង​វិញ​ដើម្បី​អោយ​ម្ចាស់​ស្ថានីយ៍​យក​ទៅ​អនុវត្តន៍​លើ​ទីផ្សារ​ប្រចាំ​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ទីផ្សារ​ប្រេង​អន្តរជាតិ​មាន​ភាព​មិន​ច្បាស់លាស់ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល បាន​សម្រេច​ប្តូរ​ការ​គណនា​តម្លៃ​ប្រេង​លក់​លើ​ទីផ្សារ​ពី​១០​ថ្ងៃ​ម្ដង មក​ជា​១៥​ថ្ងៃ​ម្ដង​វិញ​ដើម្បី​អោយ​ម្ចាស់​ស្ថានីយ៍​យក​ទៅ​អនុវត្តន៍​លើ​ទីផ្សារ​ប្រចាំ​ថ្ងៃ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​អន្តរក្រសួង​ក្រសួង​ទាំង​បី ចុះ​ថ្ងៃ​ទី ០៩ មក​រា​បានអោយ​ដឹង​ថា យោង​ទៅ​លើ​ស្ថានភាព​ទីផ្សារ​អន្តរជាតិ បច្ចុប្បន្ន​តម្លៃ​ប្រេងឥន្ធនៈ​អាច​មានការ​ប្រែប្រួល​មិន​អាច​ព្យាករណ៍​បាន ហើយ​ទោះបីជា​មានការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​ក្ដី ក្រសួងពាណិជ្ជកម្ម នឹង​គណនា​តម្លៃ​ប្រេង​ទៅ​តាម​ប្រកាស​របស់​អន្តរក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម​និង ក្រសួង​រ៉ែ និង​ថាមពល នូវ​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ទៅ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​សម្រាប់​រយៈពេល​១៥​ថ្ងៃ​ម្ដង ដូច​អ្វី​ដែល​បាន​ឯក​គ្នា​អនុវត្ត​កន្លង​មក ដើម្បី​រួមចំណែក​ផ្ដល់​នូវ​ស្ថិរភាព​សេដ្ឋកិច្ច សង្គម​កម្ពុជា ។

បើ​តាម​លោក​ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា កន្លង​មក​អន្តរ​ក្រសួង​បាន​កំណត់​តម្លៃ​ប្រេង លើ​ទីផ្សារ​ក្នុង​រយៈពេល​១០​ថ្ងៃ​ម្ដង តែ​ដោយសារ​តែ​អន្តរក្រសួង​បាន​មើលឃើញ​ថា​វា​ហាក់ដូចជា​រយៈពេល​នេះ​ខ្លី ដូច្នេះ​ហើយ​ទើប​សម្រេច​យក​១៥​ថ្ងៃ​គណនា​កំណត់​តម្លៃ​ប្រេង​ម្ដង ដែល​ធ្វើ​អោយ​ពលរដ្ឋ​និង​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​នានា​អាច​ទទួលយក​បាន​ទាំងអស់​គ្នា ។

លោក​បាន​បន្ត​ថា «​ថ្វី​ត្បិត​តែ​ក្រសួង​កំណត់​យក​១៥​ថ្ងៃ​ម្ដង​មែន ក៏​ប៉ុន្តែ​ក៏​យោង​ទៅ​លើ​តម្លៃ​ប្រេង​កាលពី​១៥​ថ្ងៃមុន​កំណត់​យក​មក​គណនា​ដែរ ដើម្បី​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​រយៈពេល​១៥​ថ្ងៃ​ក្រោយ ។​ហើយ​នៅ​ពេល​ដល់កំណត់​១៥​ក្រោយ ក្រសួង​នឹង​យក​តម្លៃ​ប្រេង​ក្នុង​រយៈពេល​នោះ មក​គណនា​សម្រាប់​អោយ​ម្ចាស់​ស្ថានីយ​នានា​អនុវត្តន៍​ដដែល​» ។ លោក​បាន​បន្ត​ថា «​តម្លៃ​ប្រេង​លើ​ទីផ្សារ​កម្ពុជា វា​មិន​ពាក់ព័ន្ធ​ទាំងស្រុង​ទៅ​សង្គ្រាម អ៊ី​រ៉​ង់ និង​អា​មេ​រិ​ក​នោះ​ទេ ព្រោះ​ប្រទេស​ផលិត​ប្រេង​មិនមែន​មាន​តែ​អ៊ី​រ៉​ង់​មួយ​នោះ​ឡើយ ក៏​ប៉ុន្តែ​វា​ក៏​មិន​អាច​ប្រកែក​បាន​ដែរ ពោល​គឺ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​បន្តិចបន្តួច​ដែរ​» ។

លោក​ស៊ា​ង ថៃ បាន​មាន​ប្រសាសន៍​បន្ថែម​ថា «​ប្រទេស​ផលិត​ប្រេង​មាន​ច្រើន​នៅ​លើ​ពិភពលោក​នេះ ហើយ​បើសិនជា​អ៊ី​រ៉​ង់​ជាប់រវល់​ធ្វើសង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក​ដែល​មិន​អាច​ផលិត​ប្រេង​បាន វា​ក៏​អាច​ធ្វើ​អោយ​ប្រេង​ឡើងថ្លៃ ក៏​ប៉ុន្តែ​បើសិនជា​ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត យក​ឱកាស​នេះ ដើម្បី​បង្កើន​ការ​ផលិត​របស់​ខ្លួន​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ពិភពលោក វា​ក៏​មិន​ធ្វើ​អោយ​តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​បាន​ដែរ ដូច្នេះ​វា​នឹង​នៅ​ទ្រឹង ឬ​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ » ។

បើ​តាម​លោក​ស៊ា​ង ថៃ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​កំណើន​នៃ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​មក​ផ្គត់ផ្គង់​នៅ​តែ​មានការ​កើនឡើង ពីព្រោះ​កម្ពុជា​មិន​ទាន់​យក​អ្វី​មក​ជំនួស​អោយ​ប្រេង​បាន​នៅឡើយ ក៏​ប៉ុន្តែ​កំណើន​នៃ​ការ​នាំ​ចូល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ មានការ​កើនឡើង​តិចតួច​ប៉ុណ្ណោះ ។

លោក​បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​មួយ​ឆ្នាំ​ការ​នាំ​ចូល​ប្រេង​ពី​បរទេស​មាន​បរិមាណ​ប្រមាណ​ជិត​២​លាន​តោន គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១​ពាន់​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ប្រភព​នាំ​ចូល​សំខាន់​ៗ​សម្រាប់​កម្ពុជា​រួម​មាន​ប្រទេស​វៀតណាម ប្រទេស​ថៃ ប្រទេស​សឹ​ង្ហ​បុរី ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស​អា​រ៉ាប់​រួម ប្រទេស​អា​ល្លឺ​ម៉​ង់ ប្រទេស​ហ្វី​លី​ពី​ន ហុងកុង ជប៉ុន អូស្ត្រាលី អេ​ស្ប៉ា​ញ អ៊ី​តា​លី អ៊ុយ​គ្រែ​ន ឥណ្ឌា ហូ​ឡង់ តួ​ក​គី ប៉ូ​ឡូញ អង់គ្លេស កា​ណា​ដា អា​រ៉ា​ប៊ី​អូ​សា​ឌី​ត និង​ប៊ែ​ល​ហ្សិ​ក។

គួរ​បញ្ជាក់​ថា​តម្លៃ​ប្រេង​លក់​លើ​ទីផ្សារ​កម្ពុជា ពេល​បច្ចុប្បន្ន​នេះ ចាប់ពី​ថ្ងៃ​ទី ០១ ដល់​ថ្ងៃ​ទី ១៥ មក​រា ឆ្នាំ ២០២០ តម្លៃ​សាំង​ធម្មតា​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ ៣៧៥០​រៀល ក្នុង​មួយ​លី​ត្រ ប្រេង​ម៉ាស៊ូត ក្នុង​តម្លៃ ៣៦៥០​រៀល​ក្នុង​មួយ​លី​ត្រ ហើយ​ចំពោះ​សាំង​ស៊ុប​ពែរ​ម្ចាស់​ស្ថានីយ៍​អាច​ដាក់​ថ្លៃ​ដោយ​ខ្លួនឯង​តាម​ទីផ្សារ​ជាក់ស្ដែង​។

លោក សំណាង ដែល​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹង​ថា «​តម្លៃ​ប្រេងសាំង​ធម្មតា​គឺ​បាន​ឡើងថ្លៃ​លើស ៥០ រៀល​ក្នុង​មួយ​លី​ត្រ​ចាប់តាំងពី​ដើម​ខែមករា ពោល​តម្លៃ​ចុងខែ​ធ្នូ គឺ​ត្រឹមតែ ៣៧០០ រៀល​ក្នុង​មួយ​។ មុន​ពេល​មាន​បញ្ហា​តានតឹង​រវាង​អា​មេ​រិ​ក​និង​អ៊ីរ៉ង់ សាំង​នៅ​ខ្មែរ​យើង​បាន​ឡើងថ្លៃ​រួច​បាត់​ទៅ​ហើយ អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរ​មាន​វិធាន​ការ​សម​ស្រប កុំ​ឲ្យ​តែ​ទីផ្សារ​អន្តរជាតិ​ប្រែប្រួល​មិន​ច្បាស់លាស់ មក​តម្លើង​ថ្លៃ​សាំង​ទៀត​អី ព្រោះ​កន្លង​មក​បាន​ឡើង​រហូត​មិនសូវ​ជា​ចុះថ្លៃ​ប៉ុន្មាន​នោះ​ទេ​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ