រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្នេហាឆ្លងដែន បុរសជនជាតិចិនម្នាក់ស្រឡាញ់គ្នាជាមួយស្ត្រីខ្មែរនិងរស់នៅដូចជាប្ដីប្រពន្ធ ខណៈដែលនាងធ្វើជាពលការិនីនៅឯប្រទេសចិន។ លុះចប់អាណត្តិនាងវិលត្រឡប់មកស្រុកកំណើតវិញ ស្រាប់តែបុរសចិនរូបនោះមកតាមរកនាងដល់ស្រុកនឹងស្នាក់នៅផ្ទះនាងមួយរយៈ រហូតដល់ថ្ងៃត្រូវត្រឡប់ទៅវិញនាងក៏ជូនដំណើរឡើងយន្តហោះ ប៉ុន្តែបុរសរូបនេះបានបង្ខំឲ្យនាងទៅចិន តែនាងមិនព្រម ទើបមានការប្រវាយប្រតប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា ទាំងបុរសជនជាតិចិនខាងលើ រួមជាមួយនឹងស្ត្រីជនជាតិខ្មែរដែលជាសង្សារនោះ មិនបានប្រាប់ឲ្យដឹងពីអត្តសញ្ញាណរបស់ខ្លួននោះឡើយ ហើយក្រោយពីមានការបង្ខិតបង្ខំឲ្យនាងទៅប្រទេសចិនជាមួយបែបនេះ ស្ត្រីខាងលើបាននាំបុរសជនជាតិចិនម្នាក់នោះទៅកាន់ប៉ុស្តិ៍កាកាបទី១ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍។
បើតាមស្ត្រីខ្មែររូបនោះបានឲ្យដឹងថា នាងមានស្រុកកំណើតនៅឯខេត្តកំពង់ចាម ហើយជាអតីតពលការិនីធ្វើការងារនៅប្រទេសចិនក្នុងពេលកន្លងមកផងដែរ មិនតែប៉ុណ្ណោះអំឡុងពេលធ្វើការងារនៅទីនោះ នាងមានស្នេហាជាមួយបុរសជនជាតិចិនម្នាក់នោះ ព្រមទាំងរស់នៅជាមួយគ្នាឯស្រុកចិនដូចប្តីប្រពន្ធថែមទៀតផង។ លុះពេលចប់អាណត្តិ នាងក៏វិលត្រឡប់មកប្រទេសកម្ពុជាវិញ ចោលប្រុសស្នេហ៍អស់ច្រើនខែមកហើយ ។ លុះប៉ុន្មានថ្ងៃមុននេះ ប្រុសស្នេហ៍បានតាមមករកនាងដល់ផ្ទះនៅឯខេត្តកំពង់ចាម ហើយបានស្នាក់នៅទីនោះមួយរយៈ។
ស្ត្រីរូបនេះបន្តថា រហូតដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ប្រុសថ្លៃដល់ពេលកំណត់វិលទៅប្រទេសចិនវិញ ហើយបានសុំឲ្យនាងជូនដំណើរឡើងយន្តហោះ នាងក៏ព្រមជូនដំណើរ ប៉ុន្តែពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្រាប់តែប្រុសស្នេហ៍បង្ខំឲ្យនាងឡើងយន្តហោះទៅស្រុកចិនជាមួយគេ តែនាងមិនព្រម ព្រោះគ្មានឯកសារត្រូវទៅរស់នៅទីនោះទេ ម្យ៉ាងទៀតក៏មិនចង់ទៅរស់នៅស្រុកចិនឡើយ។
ប្រភពដដែលបន្តថា ខណៈនោះស្រាប់តែប្រុសបណ្ដូលចិត្ត ខឹងយ៉ាងខ្លាំងក៏ប្រវាយប្រតប់ជាមួយនាង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតាមដងផ្លូវតែម្តង បន្ទាប់មកអ្នករត់ម៉ូតូឌុបនៅជិតនោះបានមកជួយឃាត់ ហើយនាងក៏បាននាំបុរសជនជាតិចិនរូបនោះទៅកាន់ប៉ុស្តិ៍កាកាបទី១ ដើម្បីឲ្យជួយអន្តរាគមន៍។
បើតាមនគរបាលបានឲ្យដឹងថា ក្រោយពីមានរឿងបែបនេះ នគរបាលប៉ុស្តិ៍កាកាបទី១ បានហៅអ្នកទាំង២ចូលជួបដោះស្រាយគ្នានៅក្នុងប៉ុស្តិ៍ ទើបបន្តិចក្រោយមកបុរសជនជាតិចិនខាងលើនោះ សុំទោសនាងជាសង្សារ និងសុំចាកចេញទៅប្រទេសចិនវិញ បាត់ស្រមោលតែម្តង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ