រាជធានីភ្នំពេញ ៖ តំបន់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេសដែលមានបញ្ហាកកស្ទះចរាចរណ៍ស្ទើររៀងរាល់ថ្ងៃនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញសម្រេចស្ថាបនាផ្លូវក្រោមដី នៅក្រោមមហាវិថីសហព័ន្ធរុស្ស៊ីនាពេលឆាប់ៗនេះហើយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្ស និស្សិតនិងប្រជាពលរដ្ឋ ។
គម្រោងស្ថាបនាផ្លូវក្រោមដីនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
លោក ឃួង ស្រេង ថ្លែងថា អាជ្ញាធរចាំបាច់ណាស់ត្រូវស្ថាបនាផ្លូវក្រោមដីនៅតំបន់ខាងលើ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជារយៈពេលវែង ដោយសារតែបច្ចុប្បន្នតំបន់នេះជួបបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សនិស្សិត និងភ្ញៀវទេសចរផងដែរ ។
លោកអភិបាលរាជធានីភ្នំពេញបញ្ជាក់ថាគម្រោងស្ថាបនាផ្លូវក្រោមដីនេះនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ព្រោះនេះជាការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋចំគោលដៅ គ្មានការរំខានដោយបញ្ហាកកស្ទះចរាចរណ៍តទៅទៀត ៕
ចែករំលែកព័តមាននេះ