ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស៊ី​ដា ចាប់ផ្ដើម​ជាមួយ​ទុន​៦០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រហូត​ក្លាយជា​ធនាគារ​ពាណិជ្ជកម្ម​ទី​១​ចូល​ផ្សារ​ហ៊ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង គ្រាន់តែ​ជា​អង្គការ​មួយ​ជួយ​អភិវឌ្ឍន៍​ដល់​កសិករ​តាម​ជនបទ​ប៉ុណ្ណោះ តែ​ដោយសារ​តែ​ប្រតិបត្តិការ​របស់​ខ្លួន​ត្រូវ​បាន​​ទទួលស្គាល់​ពី​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ និង​បាន​ក្លាយ​ខ្លួន​ជា​ធនាគារ​ពាណិជ្ជកម្ម​ឈានមុខ​គេ​នៅ​កម្ពុជា និង​ជា​ធនាគារ​ពាណិជ្ជកម្ម​ទី​១…

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង គ្រាន់តែ​ជា​អង្គការ​មួយ​ជួយ​អភិវឌ្ឍន៍​ដល់​កសិករ​តាម​ជនបទ​ប៉ុណ្ណោះ តែ​ដោយសារ​តែ​ប្រតិបត្តិការ​របស់​ខ្លួន​ត្រូវ​បាន​​ទទួលស្គាល់​ពី​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ និង​បាន​ក្លាយ​ខ្លួន​ជា​ធនាគារ​ពាណិជ្ជកម្ម​ឈានមុខ​គេ​នៅ​កម្ពុជា និង​ជា​ធនាគារ​ពាណិជ្ជកម្ម​ទី​១ បាន​ចូល​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។

យោង​តាម​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​ស្តី​ពី​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មក​រា ២០២០ នេះ​ថា កាល​ចាប់ផ្ដើម​ដំបូង អេ​ស៊ី​លី​ដា គ្រាន់តែ​ជា​ធនាគារ​ក្រៅ​រដ្ឋាភិបាល​មួយ​ប៉ុណ្ណោះ​ជាមួយនឹង​ដើមទុន​ប្រមាណ​៦០​ម៉ឺន​ដុល្លារ​កាលពី​២៧​ឆ្នាំ​មុន ។ ក្នុងអំឡុងពេល​ចាប់ផ្ដើម​ដំបូង​នោះ វា​មិនមែន​ជា​រឿង​ងាយស្រួល​សម្រាប់​អង្គការ​អេ​ស៊ី​លី​ដា​នោះ​ទេ ។

លោក​បន្ត​ថា ដើមទុន​ប្រមាណ​ជាង​៦០​ម៉ឺន​ដុល្លារ​នោះ ចាត់ទុកជា​គ្រាប់ពូជ​មួយ​របស់​ធនាគារ​អេ​ស៊ី​លី​ដា នៅ​ពេល​បច្ចុប្បន្ន​ដែល​ធ្វើ​អោយ​សាប ព្រោះ​បាន​នូវ​ពូជ​ជា​បន្តបន្ទាប់​ទៀត ដោយ​ក្នុង​រយៈពេល​២៧​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ពង្រីក​ការ​លូតលាស់​រហូត​ដល់​៧០០​ដង ធ្វើ​អោយ​ទុន​ម្ចាស់ទ្រព្យ​កើន​ដល់​៩០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​ថា​៖ « បើ​និយាយ​ពី​ទ្រព្យសកម្ម​របស់​ធនាគារ អេ​ស៊ី​លី​ដា ចាប់តាំងពី​កកើត​ដំបូង​មក​ដល់​ឥឡូវនេះ មាន​កំណើន​រហូត​ដល់​៩​ពាន់​ដង និង​បាន​ធ្វើ​អោយប្រាក់​ចំណេញ​របស់​យើង​កើន​ដល់​ជិត​២​ពាន់​ដង និង​ប្រកបដោយ​គុណភាព » ។

លោក​បណ្ឌិត​បាន​មាន​ប្រាស​ន៍​ថា ដើម្បី​អោយ​ធនាគារ អេ​ស៊ី​លី​ដា នៅ​តែ​ក្លាយជា​ធនាគារ​ពាណិជ្ជ​កម្ម​ឈានមុខ​គេ និង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ អេ​ស៊ី​លី​ដា បាន​ឈាន​ជើង​ទៅ​មុខ​មួយ​កម្រិត​ទៀត ដោយ​គ្រោង​នឹង​បោះផ្សាយ​មូល​ប​ត្រ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

យ៉ាងណា​ក៏​ដោយ ដើម្បី​អោយ​ដំណើរការ​បោះផ្សាយ​មូល​ប​ត្រ​ក្នុង​ផ្សារ​ហ៊ុន​នេះ ក៏​ត្រូវការ​ទាម​ទារ​អោយ​មានការ​ជួយ​គាំទ្រ និង​សហការ​ពី​អាជ្ញាធរ​កម្ពុជា​ដូច​ជា ស្ថាប័ន​ដែល​ពាក់ព័ន្ធ នឹង​វិស័យ​មូល​ប​ត្រ​នេះ​ជាដើម ។ ជា​ជំ​ហ៊ាន​ដំបូង មុន​នឹង​ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ ធនាគារ​ត្រូវការ​ផ្សព្វផ្សាយ​អោយ​វិនិយោគិន​ក៏​ដូច​ជា អតិថិជន​របស់​ខ្លួន​អោយ​បានដឹង​ពី​កម្មវត្ថុ​បំណង​របស់​ធនាគារ ។

បើ​តាម​លោក ហុង សុ​ហួរ អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​បញ្ញត្តិ​ករ​វិស័យ​មូល​ប​ត្រ​កម្ពុជា ពិតជា​ចង់បាន​ស្ថាប័ន​ក្នុងស្រុក​ជា​ច្រើន​ទៀត​ចូលរួម​ក្នុង​ផ្សារ​ហ៊ុន ដោយ​​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ ។ វា​ជា​កិត្តិយស​ខ្លាំង​ណាស់​ដែល​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ទទួល​បាន​ធនាគារ​ពាណិជ្ជកម្ម​ទី​១ និង​ជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ ដើម្បី​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ ។

កន្លង​មក​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក៏​ទទួល​បាន​ធនាគារពាណិជ្ជ​ជា​បន្តបន្ទាប់​ដែរ ក៏​ប៉ុន្តែ​ពួក​គេ​ចុះបញ្ជី​ជា​សញ្ញាបត្រ​បំណុល ដែល​មិនសូវ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ប៉ុន្មាន​ទេ ពី​សាធារណជន ។ តែ​នៅ​ពេល​ដែល​ធនាគារ​អេ​ស៊ី​លី​ដា ចូល​ក្នុង​ផ្សារ​ហ៊ុន​នឹង​ធ្វើ​អោយ​សកម្មភាព​ផ្សារ​ហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​កក្រើក និង​ជំរុញ​អោយ​មានការ​វិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ​នេះ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។

លោក​រំពឹង​ថា នឹង​មាន​វិនិយោគិន​ជា​ច្រើន ចាប់អារម្មណ៍​វិនិយោគ​ជាមួយនឹង​ភាគហ៊ុន​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ហើយ​ខ្លួន​លោក​ផ្ទាល់ ក៏​មានការ​សាកសួរ​ច្រើន​ពី​សំណាក់​វិនិយោគិន ដែល​ចង់​វិនិយោគ​ជាមួយ​ធនាគារ​អេ​ស៊ី​លី​ដា ដូច្នេះ​ពួក​គេ​គួរ​ត្រៀម​ទុន​សម្រាប់​វិនិយោគ​ជាមួយ​អេ​ស៊ី​លី​ដា នៅ​ពេល​ដែល​ធនាគារ​នេះ ប្រកាស​លក់​មូល​ប​ត្រ​ជា​ផ្លូវការ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ ២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ ទ្រព្យសកម្ម​របស់​ធនាគារ អេ​ស៊ី​លី​ដា មាន​ប្រមាណ ៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ទុន​របស់​ម្ចាស់ទ្រព្យ​ក្នុង​ធនាគារ​អេ​ស៊ី​លី​ដា​មាន​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ