ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក​បូមទឹក​ស្ទឹង​សិរី​សោ​ភ័ណ ចាក់​បញ្ចូល​ស្ទឹង​មង្គល​បូ​រី​​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​៩ មក​រារដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹ​ម គាន​ហោ បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ចាត់ចែង​ការងារ​អន្តរាគមន៍​បូមទឹក​ពី​ស្ទឹង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​៩ មក​រារដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹ​ម គាន​ហោ បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ចាត់ចែង​ការងារ​អន្តរាគមន៍​បូមទឹក​ពី​ស្ទឹង​សិរី​សោភ័ណ ស្ថិត​ក្នុង​ក្រុង​សិរី​សោ​ភ័ណ បញ្ជូន​ទៅ​កាន់​ស្ទឹង​មង្គល​បូ​រី ស្ថិត​ក្នុងស្រុក​មង្គល​បូ​រី ដែល​កំពុង​រីង​ខះ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​មង្គល​បូ​រី​ប្រមាណ​ជាង​៨​ពាន់​គ្រួសារ ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ។

ក្នុង​ឱកាស​នេះ​ផង​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នា​ពេល​ខាង​មុខ​ផង​នោះ លោក​រដ្ឋមន្ត្រី​បាន​សម្រេច​ផ្ដល់​ជូន​នូវ​ស្ថានីយ​បូមទឹក ហ៊ុន សែន (​បណ្តែត​) ដែល​មាន​ទុយោ​ទំហំ​៥​តឹក ចំនួន​១​ស្ថានីយ ព្រមទាំង​បាន​ណែនាំ​ឲ្យ​ក្រុម​អ្នកបច្ចេកទេស​ធ្វើការ​សិក្សា ដើម្បី​ឈាន​ទៅ​សាងសង់​ប្រឡាយ​បេតុង​១​ខ្សែ ប្រវែង​ប្រមាណ​៨​គីឡូម៉ែត្រ ចេញពី​ស្ថានីយ​ទៅ​ភ្ជាប់​នឹង​ស្ទឹង​មង្គល​បូ​រី ដែល​ប្រឡាយ​នេះ​មាន​តួនាទី​ជា​ប្រឡាយ​ស្រោចស្រព​ផង និង​ជា​ប្រឡាយ​នាំ​ទឹក​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុងស្រុក​មង្គលបុរី​ផង​ដែរ ។ ទោះបីជា​បែប​ណា​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ សម្រាប់​ស្រុក​មង្គល​បូ​រី​មិន​ទាន់​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ ដោយ​លោក​រដ្ឋមន្ត្រី​បាន សម្រេច​ត​ម្លេ​ី​ង​ម៉ាស៊ីនបូមទឹក​ចំនួន​៣​គ្រឿង បូមទឹក​បង្ហូរ​ទៅ​ស្ទឹង​មង្គល​បូ​រី ។

គួរ​បញ្ជាក់​ជូន​ថា ក្នុង​ឆ្នាំ​២០១៩- ២០២០ នេះ ស្រុក​មង្គល​បូ​រី មានការ​បង្កបង្កើន​ផល​ស្រូវប្រាំង​រហូត​ដល់​ទៅ​៨​មុ​ឺ​ន​ហិ​កតា (​ផែនការ​ខេត្ត​បាន​ដាក់ចុះ​តែ​៧​ពាន់​ហិ​កតា​តែ​ប៉ុណ្ណោះ​) ។ ចំពោះ​បញ្ហា​បង្កបង្កើន​ផល​ស្រូវប្រាំង​នេះ ត្រូវ​បាន​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​រួចរាល់​អស់ហើយ មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទៀត​ទេ ។

កាលពី​រសៀល​ថ្ងៃ​ទី​៨ មក​រា លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ អមដំណើរ​ដោយ​លោក យឹ​ម ប៊ុ​ន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ លោក រ​ត្ន័ ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត បាន​ចុះ​ពិនិត្យ​មើល​ពី​ស្ថានភាព​ទឹក​នៅ​តាម​ដងស្ទឹង​សិរី​សោភ័ណ ដោយ​ផ្ទាល់​ក្នុង​សង្កាត់​មួយ​ចំនួន​នៃ​ក្រុង​សិរី​សោភ័ណ ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់ និង​ធ្វើការ​បូម​បង្ហូរទឹក​ពី​ស្ទឹង​សិរី​សោភ័ណ​តាម​ប្រឡាយ​មេ​ទៅ​ស្ទឹង​មង្គល​បូ​រី ដែល​ស្ថានភាព​ទឹក​មានការ​ខ្វះខាត​ខ្លាំង ប្រឈម​នឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ។

អភិបាលស្រុក​មង្គល​បូ​រី លោក រ័​ត្ន ដា​ស៊ី​ណ​ង់ បាន​និយាយ​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​ទៀត​ទឹកស្ទឹង​មង្គល​បូ​រី​ដែល​ទទួល​ទឹក​ពី​ខេត្ត​ប៉ៃលិន ឆ្លងកាត់​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង នឹង​រីង​ខះ​អស់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​មង្គល​បូ​រី​ជាង​៨.០០០​គ្រួសារ នឹង​រង​នូវ​ផល​ប៉ះពាល់​ដោយ​កត្តា​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

លោក​បាន​អះអាង​ទៀត​ថា វិធានការ​ចំពោះ​មុខ​នៅ​ពេល​នេះ អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រសួង​ធនធានទឹក​កំពុង​ជួយ​អន្ដរាគមន៍ ខណៈ​ដែល​បញ្ហា​ខ្វះខាត​ទឹក​នេះ បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​សម្រុក​ប្រើប្រាស់​ទឹក​ខ្លាំង​ពេក ដើម្បី​ផ្គត់ផ្គង់​ស្រូវ​នៅ​ក្នុង​រដូវប្រាំង​របស់​ពួក​គាត់ ដែល​បូម​ហួស​ពី​ផែនការ​ដែល​អាជ្ញាធរ​ខេត្ត​បាន​ដាក់​ជូន ទើប​ធ្វើ​ឲ្យ​មានការ​ប្រឈម​ខ្វះខាត​យ៉ាង​ដូច្នេះ ។ ចំពោះ​មុខការ​ប្រឈម​នេះ លោក យឹ​ម ប៊ុ​ន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ដែល​កំពុង​ដឹកនាំ​ក្រុមការងារ​ដោះស្រាយ​បញ្ហា​នេះ​បាន​បញ្ជាក់​ថា ជា​ការ​ពិត​ជាក់ស្ដែង ប្រភព​ទឹកស្ទឹង​មង្គល​បូ​រី​មក​ដល់​ពេល​នេះ​ស្ទើរ​រីង​ខះ​អស់​ទៅ​ហើយ អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេល​យ៉ាង​យូរ បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ។

ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក្រសួង​ក៏​បាន​រក​ប្រភព​ទឹក​ពី​ស្រុក​ផ្សេង​ទៅ​ជួយ​ផ្គត់ផ្គង់ ដោយ​ក្រសួង និង​អាជ្ញាធរ​ខេត្ត ស្រុក បាន​នឹង​កំពុង​ដំឡើង​ម៉ាស៊ីនបូមទឹក គឺ​បូមទឹក​ពី​ស្ទឹង​សិរី​សោភ័ណ​ទម្លាក់​ចូល​ក្នុង​ប្រឡាយ​មេ​មួយ​ខ្សែ ហើយ​ហូរ​ធ្លាក់​ទៅ​ស្ទឹង​មង្គល​បូ​រី ។ ជា​រួម​បញ្ហា​ប្រឈម​នេះ យើង​អាច​ដោះស្រាយ​បាន នឹង​មិន​មានការ​ប្រឈម​ខ្លាំង​ដូច​កាលពី​ឆ្នាំ​២០១៦​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយ​មាន​ជ័យ ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ក្រុង និង​អាជ្ញាធរ​ឃុំ ជួយ​ការពារ​ប្រភព​ទឹក​នេះ ចៀសវាង​កុំ​ឲ្យ​មានការ​បង្កបង្កើន​ផល​ស្រូវប្រាំង​បន្ថែម​ទៀត ព្រោះ​ប្រភព​ទឹក​នេះ​ទុក​សម្រាប់​តែ​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ព្រោះថា​រដូវប្រាំង​ក៏​នៅ​មាន​ពេលវេលា​យូរ​ទៅ​មុខ​ទៀត ទម្រាំ​ដល់​រដូវវស្សា​មក​ដល់​នឹង​មាន​ភ្លៀង​ធ្លាក់ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ