ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កំពុង​សិក្សាការ​បែងចែក​ក្រុមការងារ​បក្ស និង​ក្រុមការងារ​រដ្ឋាភិបាល​ចេញពី​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ពេល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុងធ្វើការ​សិក្សា ដើម្បី​ញែក​តួនាទី និង​ភារកិច្ច​របស់​ក្រុមការងារ​គណបក្ស…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ពេល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុងធ្វើការ​សិក្សា ដើម្បី​ញែក​តួនាទី និង​ភារកិច្ច​របស់​ក្រុមការងារ​គណបក្ស និង​ក្រុមការងារ​រដ្ឋាភិបាល​ឲ្យ​ដាច់​ចេញពី​គ្នា ។ សម្តេច ស ខេ​ង បាន​បន្ត​ថា ការ​សិក្សា​នេះ​បន្ទាប់​ពីក្រោយ​មានការ​ចង្អុលបង្ហាញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កាល​ពេល​កន្លង​មក ។

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា (១៩៧៩-២០២០) នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ សម្ដេច ស ខេ​ង បាន​លើក​ឡើង​ថា ក្រុមការងារ​រដ្ឋាភិបាល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់ ដើម្បី​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ។ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​យើង​មាន​ក្រុមការងារ​គណបក្ស​ផង ក្រុមការងារ​រដ្ឋាភិបាល​ផង ។

តាម​ការ​ប្រគល់​ភារកិច្ច​ពី​ថ្នាក់ដឹកនាំ​ខ្ញុំ​កំពុងធ្វើការ​សិក្សា ដើម្បី​ញែក​តួនាទី​ភារកិច្ច​របស់​ក្រុមការងារ​ទាំង​២​ហ្នឹង​ក្នុង​បក្ស និង​ក្នុង​រដ្ឋាភិបាល ។ ពី​មុន​ក្រុមការងារ​បក្ស​ធ្វើ​ទាំងអស់​ឥឡូវ​មាន​ក្រុមការងារ​រដ្ឋាភិបាល ។ ចឹ​ង គឺថា​កិច្ចការ​របស់​រដ្ឋាភិបាល គឺ​ក្រុមការងារ​ហ្នឹង​ជា​អ្នក​ធ្វើ​កិច្ចការបក្ស គឺ​ក្រុមការងារ​បក្ស​ជា​អ្នក​ធ្វើ​» ។ សម្តេច​ស ខេ​ង គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​រត់ និង​ភ្លេច​ប្រជាពលរដ្ឋ​នោះ​ទេ ។ ពិសេស​នោះ​មន្ត្រី​គណៈ​ពង្រឹង​តែងតែ​ចុះ​តាម​មូល​ដ្ឋា​ស្ទើរ​គ្មាន​សៅរ៍​អាទិត្យ​នោះ​ទេ ។

សម្តេច​ក្រឡាហោម​ក៏​បាន​បន្ថែម​ថា គណបក្ស​ប្រជាជន​មិន​ដែល​ភ្លេច​ប្រជាពលរដ្ឋ​ទាំង​ពីរ​ដើម​រហូត​ដល់​ពេល​នេះ ។ ហើយ​មក​ដល់​ពេល​នេះ​រាជរាជ​រដ្ឋាភិបាល​ពង្រាយ​មន្ត្រី​ជា​ច្រើន​ទាំង​មន្ត្រី​គណបក្ស និង​មន្ត្រី​មុខងារសាធារណៈ​ដែល​ច្បាប់​បាន​ចែង​ជា​ធរមាន ក្នុង​ការ​ចុះ​តាម​មូលដ្ឋាន ដើម្បី​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ស្វែងរក​ផល​លំបាក​របស់​រាស្ត្រ និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។ សម្តេច​បាន​បញ្ជាក់​ថា ៖«​ក្រុម​ការ​បក្ស​ស្ទើរតែ​គ្មាន​ថ្ងៃ​សៅរ៍​អាទិត្យ​នោះ​ទេ ក្នុង​ការ​ចុះ​មក​តាម​មូលដ្ឋាន ។ ចំណែក​ក្រុមការងារ​រាជរដ្ឋាភិបាល​ក៏​បាន​ចុះ​មករ​ហូត​ដោយ​មិន​ចាំ​ថ្ងៃ ឬ​ម៉ោង​ណា​នោះ​ទេ ឲ្យ​តែ​ប្រជាពលរដ្ឋ​ត្រូវការ​»​។ សម្តេច​បន្ថែម​ថា ការ​ចុះ​មកនេះ​ជា​ឱកាស​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​រាយការណ៍​ជូន​ដូច​ជា ករណី​ល្បែងស៊ីសង ករណី​ចោល​លួច ឬ​ប្លន់ បញ្ហា​ចរាចរណ៍ ឬ​បញ្ហា​ទឹក​ភ្លើង​ជាដើម ។

សម្តេច​បាន​លើក​ឡើង​ថា គណបក្សកាន់អំណាច​បាន​ធ្វើ​តាំងពី​បុព្វហេតុ​ដើម​មក​ម្ល៉េះ មិន​ដូច​ជា ពួក​ប្រឆាំង​មួយ​ចំនួន​បាន​តែ​ស្រែ​កថា ពេល​កាន់​អំណាច​នឹង​ធ្វើ​បែប​នេះ​បែប​នោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ