នេះជាការខិតខំប្រឹងប្រែង បានសម្រេចហើយ ដែលលោកអ៊ិន សុភិន បានកសាងស្នាដៃរឿងខ្មែរអស់ជាច្រើនរឿង ដោយចុងក្រោយ សមិទ្ធផលលោកឈ្នះពានលើឆាកអន្តរជាតិ។ ក្រោមការប្រកាសលើវេទិកា ធ្វើឱ្យក្រុមការងារអររំភើបនៅពេលបានដឹង ដោយមិនជឿតែម្តងនៅពេលដែលកម្ពុជា អាចងើបឡើងវិញឈ្នះពាន ក្នុងចំណោមភាពយន្តមកប្រជែងគ្នា។
ភាពយន្តរឿង «លោកឪពុក» ជាប់ជារឿងដែលមានតួសំខាន់ គឺលោក យស បូវណ្ណៈ សម្ដែងបានស័ក្តសមជាងគេ ក្នុងព្រឹត្តិការណ៍ មហោស្រពភាពយន្តអន្តរជាតិ អាស៊ាន ប៉ាស៊ីហ្វិក លើកទី59 នៅម៉ាកាវ ខណៈដែលភាពយន្តរឿង «ព្រលឹង» របស់មហាហង្ស បានជាប់ជម្រើសជាភាពយន្តល្អបំផុតផ្នែក Best Visual effect top 3 ក្នុងចំណោមភាពយន្តមកពីជាង100ប្រទេស មកពីទូទាំងពិភពលោក។
នេះចាត់ទុកជាមោទនភាពយ៉ាងខ្លាំង ដែលភាពយន្តរឿង «លោកឪពុក» ត្រូវបានគេប្រកាសឱ្យលើកពាន១ ក្នុងចំណោមពានដែលបានប្រកាសនៅក្នុងការប្រកួតភាពយន្តអន្តរជាតិ អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងម៉ាកាវ ប្រទេសចិន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។
លោក អ៊ិន សុភិន ត្រូវគេឃើញឡើងទទួលពានអន្តរជាតិមួយនេះ បើទោះជាពាននោះ មានឈ្មោះជាពានបុគ្គលក្នុងរឿង។ លោក អ៊ិន សុភិន និយាយថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលភាពយន្តរឿង «លោកឪពុក» ទទួលបានពានមួយលើឆាកអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តលើកទី៥៩ អាស៊ី ប៉ាស៊ីហ្វិក នៅទីក្រុងម៉ាកាវ ប្រទេសចិន។
បើទោះជាពានដែលទទួលបាននោះ គឺបានទៅលើតួឪពុកក្នុងរឿងឆ្នើម ដែលមិនសំដៅដល់ភាពយន្តទាំងមូល ប៉ុន្តែក៏ត្រូវបានលោកចាត់ទុកថា គឺជាមោទនភាពដ៏ធំក្នុងនាមជាផលិតករខ្មែរផងដែរ ដែលយករឿងមកប្រកួតលើឆាកអន្តរជាតិ ហើយទទួលបានពានមួយ ដើម្បីឱ្យពិភពលោកដឹងថា ខ្មែរក៏មានឱកាសលើពានមួយក្នុងចំណោមពានសំខាន់ៗ នៅមហោស្រពភាពយន្តអន្តរជាតិ។
លោកថា លោក យស បូវណ្ណៈ អត់បានដឹងថា ខ្លួនត្រូវបានគណៈកម្មការជម្រើសឱ្យជាប់ជាតួរងប្រុស ឬតួឪពុកឆ្មើមបែបនេះទេ ប្រសិនបើបានដឹងមុន គឺលោកក៏ប្រហែលមកចូលរួមផងដែរ។ លោក និង លោក យស បូវណ្ណៈ បានឯកភាពហើយថា សម្រាប់ពាន គឺលោកនឹងតម្កល់ទុកនៅក្នុងក្រុមហ៊ុន ចំណែកប័ណ្ណសរសើរ គឺនឹងផ្ញើឱ្យលោក យស បូវណ្ណៈ នៅសហរដ្ឋអាមេរិក។
ការប្រកួតភាពយន្តនេះ ត្រូវបានធ្វើឡើងច្រើនថ្ងៃមកហើយ ដោយមានប្រទេសជាង១០ និងភាពយន្តជាង២០ នៅលើពិភពលោកចូលរួម។ ព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជា គឺមានចំនួន២រឿងចូលប្រកួតដែរ គឺរឿង «ព្រលឹង» ជាប់ជារឿង Best Visual Effect ក្នុងចំណោមជម្រើសចុងក្រោយ និងរឿង «លោកឪពុក» ជាប់ពានផ្នែកតួរងឆ្នើម។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ