ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​នៅ​សល់​អាច​ប្រើ​បាន​តែ​៣​ថ្ងៃ​ទៀត គឺ​អស់ហើយ ចឹ​ង​ទើប​រក​វិធានការ​ទើប​ស្កាត់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នា​រសៀល​ថ្ងៃ​ទី​០៨ ខែមករា​នេះ​លោក អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​អមដំណើរ​ដោយ​លោក យឹ​ម ប៊ុ​ន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក…

ខេត្តបន្ទាយមានជ័យ ៖ នា​រសៀល​ថ្ងៃ​ទី​០៨ ខែមករា​នេះ​លោក អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​អមដំណើរ​ដោយ​លោក យឹ​ម ប៊ុ​ន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត អភិបាលស្រុក​មង្គល​បូ​រី រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ពី​ស្ថានភាព​ទឹក​នៅ​តាម​ដងស្ទឹង​សិរី​សោភ័ណ ដោយ​ផ្ទាល់​ក្នុង​សង្កាត់​មួយ​ចំនួន​នៃ​ក្រុង​សិរី​សោភ័ណ ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់ និង​ធ្វើការ​បូម​បង្ហូរទឹក​ពី​ស្ទឹង​សិរី​សោភ័ណ​តាម​ប្រឡាយ​មេ​ទៅ​ស្ទឹង​មង្គល​បូ​រី ដែល​ស្ថានភាព​ទឹក​មានការ​ខ្វះខាត​ខ្លាំង​ប្រឈម​នឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ។

អភិបាលស្រុក​មង្គល​បូ​រី លោក រ័​ត្ន ដា​ស៊ី​ណ​ង់​បាន​និយាយ​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​ទៀត​ទឹកស្ទឹង​មង្គល​បូ​រី ដែល​ទទួល​ទឹក​ពី​ខេត្ត​ប៉ៃលិន​ឆ្លងកាត់​ស្រុក​ប​វេ​លម​ក​ស្រុក​មង្គល​បូ​រី និង​រីង​អស់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​របស់​មង្គល​បូ​រី ជាង​៨,០០០​គ្រួសារ នឹង​រង​នូវ​ផល​ប៉ះពាល់​ដោយ​កត្តា​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។

លោក​បាន​អះអាង​ទៀត​ថា វិធានការ​ចំពោះ​មុខ​នៅ​ពេល​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រសួង​ធនធានទឹក​កំពុង​ជួយ​អន្ដរាគមន៍​ខណៈ​ដែល​បញ្ហា​ខ្វះខាត​ទឹក​នេះ បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​សម្រុក​ប្រើប្រាស់​ទឹក​ខ្លាំង​ពេក ដើម្បី​ផ្គត់ផ្គង់​ស្រូវ​នៅ​ក្នុង​រដូវប្រាំង​របស់​ពួក​គាត់ ដែល​បូម​ហួស​ពី​ផែនការ​ដែល​អាជ្ញាធរ​ខេត្ត​បាន​ដាក់​ជូន​ទើប​ធ្វើ​ឲ្យ​មានការ​ប្រឈម​ខ្វះខាត​យ៉ាង​ដូច្នេះ ។

ចំពោះ​មុខការ​ប្រឈម​នេះ លោក យឹ​ម ប៊ុ​ន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ ដែល​កំពុង​ដឹកនាំ​ក្រុមការងារ​ដោះស្រាយ​បញ្ហា​នេះ​បាន​បញ្ជាក់​ថា ៖ ជា​ការ​ពិត​ជាក់ស្ដែង​ប្រភព​ទឹកស្ទឹង​មង្គល​បូ​រី​មក​ដល់​ពេល​នេះ​ស្ទើរ​រីង​ខះ​អស់​ទៅ​ហើយ​អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេល​យ៉ាង​យូរ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក្រសួង​ក៏​បាន​រក​ប្រភព​ទឹក​ពី​ស្រុក​ផ្សេង​ទៅ​ជួយ​ផ្គត់ផ្គង់​ដោយ​ក្រសួង និង​អាជ្ញាធរ​ខេត្ត ស្រុក​បាន និង​កំពុង​តំឡើង​ម៉ាស៊ីនបូមទឹក គឺ​បូមទឹក​ពី​ស្ទឹង​សិរី​សោ​ភណ្ឌ ទម្លាក់​ចូល​ក្នុង​ប្រឡាយ​មេ​មួយ​ខ្សែ ហើយ​ហូរ​ធ្លាក់​ទៅ​ស្ទឹង​មង្គល​បូ​រី ។ ជា​រួម​បញ្ហា​ប្រឈម​នេះ​យើង​អាច​ដោះស្រាយ​បាន​នឹង​មិន​មានការ​ប្រឈម​ខ្លាំង​ដូច​កាលពី​ឆ្នាំ​២០១៦​នោះ​ទេ ។

មួយ​គ្នា​នោះ​ដែរ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ក្រុង និង​អាជ្ញាធរ​ឃុំ ជួយ​ការពារ​ប្រភព​ទឹក​នេះ​ជៀសវាង​កុំ​ឲ្យ​មានការ​បង្កបង្កើន​ផល​ស្រូវប្រាំង​បន្ថែម​ទៀត​ព្រោះ​ប្រភព​ទឹក​នេះ​ទុក​សម្រាប់​តែ​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ព្រោះថា រដូវប្រាំង​ក៏​នៅ​មាន​ពេលវេលា​យូរ​ទៀត​ទ​ម្រា​ប់​រដូវវស្សា​មក​ដល់ និង​មាន​ភ្លៀង​ធ្លាក់ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ