ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួលស្គាល់​ឆ្នាំ ២០២០ អាច​នឹង​មាន​ហានិភ័យ​សេដ្ឋកិច្ច តែ​រំពឹង​ថា​នឹង​មាន​កំណើន​ខ្ពស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្ពុជា​បាន​ទទួលស្គាល់​ថា​ឆ្នាំ ២០២០​នេះ​សេដ្ឋកិច្ច​របស់​ខ្លួន​អាច​នឹង​មាន​ហានិភ័យ​មួយ​ចំនួន ដែល​អាច​ជា​បញ្ហា​ប្រឈម​ចំពោះ​កំណើនសេដ្ឋកិច្ច ក្នុង​នោះ​មាន​ទាំង​ហានិភ័យ​ពី​ខាងក្រៅ និង​ខាងក្នុង​ផង​ដែរ ដូច្នេះ​ត្រូវ​ទាមទារ​ឱ្យ​មានការ​ធ្វើ​ពិពិធ​កម្ម​មួយ​ចំនួន ដើម្បី​រក្សា​បាន​នូវ​កំណើន​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ ២០២០​នេះ ។…

រាជធានី​ភ្នំពេញ​៖ កម្ពុជា​បាន​ទទួលស្គាល់​ថា​ឆ្នាំ ២០២០​នេះ​សេដ្ឋកិច្ច​របស់​ខ្លួន​អាច​នឹង​មាន​ហានិភ័យ​មួយ​ចំនួន ដែល​អាច​ជា​បញ្ហា​ប្រឈម​ចំពោះ​កំណើនសេដ្ឋកិច្ច ក្នុង​នោះ​មាន​ទាំង​ហានិភ័យ​ពី​ខាងក្រៅ និង​ខាងក្នុង​ផង​ដែរ ដូច្នេះ​ត្រូវ​ទាមទារ​ឱ្យ​មានការ​ធ្វើ​ពិពិធ​កម្ម​មួយ​ចំនួន ដើម្បី​រក្សា​បាន​នូវ​កំណើន​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ ២០២០​នេះ ។

យោង​តាម​របាយ​ការ​របស់​ធនាគារជាតិ នៃ កម្ពុជា ស្ដី​ពី វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ ឆ្នាំ ២០១៩ និង​ទស្សនវិស័យ​ឆ្នាំ ២០២០ បាន​បង្ហាញ​ថា​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ ២០២០ អាច​ប្រឈម​ន​នឹង​ហានិភ័យ​មួយ​ចំនួន ដោយ​ទាក់ទង​នឹង​ទៅ​នឹង​ហានិភ័យ​ខាងក្រៅ និង​ហានិភ័យ​ខាងក្នុង ។

ចំពោះ​ហានិភ័យ​ខាងក្រៅ​វា​មាន​ទាក់ទង​ទៅ​នឹង​ការ​ថយ​ចុះ​ល្បឿន​ជាង​ការ​រំពឹង​ទុក​នៃ​សេដ្ឋកិច្ច​ចិន ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​សេដ្ឋកិច្ច ។ និន្នាការ​នៃ​ការ​អនុវត្ត​គោលនយោបាយ​គាំពារ​និយម ក៏​អាច​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា ដែល​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​បញ្ហា​ផង​ដែរ ។ ចំពោះ​ហានិភ័យ​ខាងក្នុង​ដែល​ជា​បញ្ហា​ប្រឈម​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​នោះ​រួម​មាន ការ​អាច​បាត់បង់​ការ​អនុគ្រោះ​ពន្ធ អ្វី​ៗ​គ្រប់យ៉ាង​លើកលែង​សព្វាវុធ ( EBA ) ដែល​អាច​ប៉ះពាល់​ផ្ទាល់​ដល់​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​វិស័យ​នានា​ក្នុង​សេដ្ឋកិច្ច​ដែល​ទទួលផល​ដោយ​ប្រយោល​ពី​វិស័យ​កាត់ដេរ ។ កម្រិត​ខ្ពស់​កំណើន​ឥណទាន​ទៅ​កាន់​វិស័យ​សំណង់ អាច​បង្ក​ឱ្យ​ហានិភ័យ​កើនឡើង នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​ក្នុង​វិស័យ​អចលនទ្រព្យ​កើនឡើង​ខ្ពស់​ហួស​តម្រូវការ ។

ក្នុង​របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ពី​ហានិភ័យ​ប្រឈម​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២០​នេះ​ផង​ដែរ​ថា ការ​ទិញ​ផ្ទះ​ដោយ​បង់​រំលស់​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់ និង​លំនៅ​ឋាន មាន​ភាព​សម្ម និង​មិន​ទាន់​មានការ​ត្រួតពិនិត្យ​ច្បាស់លាស់ ក៏​ជា​ហានិភ័យ​ចំបង​មួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ និង​នាំ​ឱ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ ។ តែ​ទោះជា​យ៉ាងណា ក្នុង​របាយការណ៍​ដដែល​នេះ ក៏​បាន​បង្ហាញ​ពី​លក្ខណៈ​វិជ្ជមាន​ថា ទោះបីជា​កម្ពុជា​មាន​ហានិភ័យ​មួយ​ចំនួន​ក្ដី តែ​កម្ពុជា​នៅ​តែ​រំពឹង​ថា កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​អាច​នឹង​មាន​កំណើន​ប្រមាណ ៧​ភាគរយ​ក្នុង​ឆ្នាំ ២០២០​នេះ ជាមួយនឹង​កម្រិត​អតិផរណា​ប្រមាណ ២,៣​ភាគរយ ។ ការ​រំពឹង​ទុក​នេះ ដោយ​ផ្អែក​លើ​កត្តា​មួយ​ចំនួន ដូច​ជា​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក ដែល​នឹង​រួមចំណែក​ផ្ដល់​ភាព​អំណោយផល​ដល់​ការ​នាំ​ចេញ កំណើន​វិនិយោគ បរទេស និង​វិស័យ​ទេសចរណ៍​កម្ពុជា ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ទទួល​បាន​លទ្ធផល​ជា​លំដាប់​ពី​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន និង​ការ​កែទម្រង់​សម្រាប់​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ។

កម្ពុជា​រំពឹង​ថា ការ​នាំ​ចេញ​នៅ​ឆ្នាំ ២០២០ នឹង​មាន​កំណើន​ខ្ពស់​ជា​ពិសេស​ការ​នាំ​ចេញ​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ ទំនិញ​កម្មន្តសាល​ផ្សេង​ៗ ទោះបីជា​កំណើន​ការ​នាំ​ចេញ​សម្លៀក​បំពាក់​អាច​ថមថយ​ល្បឿន​ក៏​ដោយ ។ ទោះបីជា​សហភាព​អឺរ៉ូប​នឹង​អាច​សម្រេច​ដក EBA ពី​កម្ពុជា នៅ​ខែកុម្ភៈ​ឆ្នាំ ២០២០​ក្ដី ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​តែ​រំពឹង​ថា​បន្ត​មាន​កំណើន ដោយសារ​តែ​ការ​អនុវត្ត​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ រយៈពេល ៦​ខែ​បន្ទាប់​ពី​ចេញ​សេចក្ដី​ប្រកាស​របស់ EU ។ ម្យ៉ាងវិញទៀត បើ​ទោះបីជា​អឺរ៉ុប​ដក EBA ចេញពី​កម្ពុជា ក៏​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​បាន​ដែរ គ្រាន់តែ​បង្កើន​ថ្លៃ​ទំនិញ​នាំ​ចេញ​របស់​កម្ពុជា​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប ។ ហេតុផល​ផ្សេង​ទៀត ដូច​ជា​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ក៏​ជា​អំណោយ ផល​ដល់​កម្ពុជា​ព្រោះ​ទំនិញ​ប្រមាណ ២០​ភាគ​របស់​កម្ពុជា​ទៅ​កាន់​អឺរ៉ុប​គឺ​ត្រូវ​នាំ​ចេញ​ទៅ​អង់គ្លេស ។

សេដ្ឋវិទូ​ក្នុងស្រុក​មួយ​ចំនួន​បាន​ផ្ដល់​ជា​ទស្សនទាន​ដល់​កម្ពុជា ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​ក្នុងឆ្នាំនេះ និង​ឆ្នាំ​បន្តបន្ទាប់ ដោយ​កម្ពុជា​មិន​ត្រូវ​ពឹង​តែ​លើ​ទីផ្សារ​មួយ​នោះ​ទេ ។ កម្ពុជា​ត្រូវការ​រក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត ខណៈ​អ្នក​ក្នុងស្រុក​ត្រូវការ​បង្កើន​ការ​ផលិត និង​ច្នៃ​នូវ​ទំនិញ​ថ្មី​ៗ​បំពេញ​ទៅ​តាម​តម្រូវការ​ទីផ្សារ​អន្តរជាតិ ។
លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​លើក​ឡើង​ថា ការ​ធ្វើ​ពិពិធ​កម្ម ទីផ្សារ និង​ផលិតផល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​អាច​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​កាន់តែ​យូរ ហើយ​មិន​ចាំបាច់​ពឹង​បរទេស​ទៀត​នោះ​ទេ ។ កម្ពុជា​ត្រូវ​កែ​ប្រែជា​បន្តបន្ទាប់ ខណៈ​តម្លៃ​ពលកម្ម​ក្នុងស្រុក​បាន​បន្ត​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​កម្ពុជា​ត្រូវ​ច្នៃប្រឌិត រក​ផលិតផល​ណា​ដែល​លក់​លើ​ទីផ្សារ​បាន​តម្លៃបន្ថែម​ខ្ពស់ ដើម្បី​ទប់ទល់​ជាមួយនឹង​ការ​កើនឡើង​នៃ​ប្រាក់​ឈ្នួល​កម្មករ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ