ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​សារ​ព័ត៌​មាន និង​វិទ្យុ​សំឡេង​ «កោះ​សន្តិ​ភាព​» ចូល​រួម​មរណ​ទុក្ខ​​នៅ​ស្ថាន​ទូត​ជប៉ុន លេខា​ទី១ស្ថាន​ទូត​ជប៉ុន​ទទួល​ការ​ដាក់​បាច់​ផ្កា និង​ការ​ជួយ​ឧបត្ថម្ភ​៥០០ដុល្លារ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ប្រតិភូ​សារ​ព័ត៌​មាន និង​វិទ្យុ​សំឡេង​ «​កោះ​សន្តិ​ភាព» វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០១១ ដឹក​នាំ​ដោយ​លោក​ឧកញ៉ា ថុង អ៊ុយប៉ាង ជា​ស្ថាប​និក បាន​ទៅ​កាន់​ស្ថាន​ទូត​ជប៉ុន​​ប្រចាំ​រាជ​ធានី​ភ្នំពេញ ដើម្បី​ដាក់​កម្រង​ផ្កា និង​ផ្តល់​ជូន​ប្រាក់​ឧបត្ថម្ភ ព្រម​ទាំង​សម្តែង​នូវ​ទឹក​ចិត្ត​ក្រៀម​ក្រំ​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​​រាជ​រដ្ឋា​ភិបាល និង​ប្រជា​ជន​ជប៉ុន ចំពោះ​ជន​រង​គ្រោះ​ក្នុង​គ្រោះ​​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមី នាពេល​កន្លង​មក។

លេខា​ទី១ នៃ​ស្ថាន​​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ លោក KAMADA Yasuhiko បាន​ស្វាគមន៍​និង​សម្តែង​នូវ​ការ​​រាក់​ទាក់​ ស្និទ្ធ​ស្នាល ​ទទួល​យក​ការ​ចូល​រួម​រំលែក​ទុក្ខ​ពី​សំណាក់​អ្នក​សារ​ព័ត៌​មាន និង​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព ក្នុង​ឱកាស​ដែល​ប្រជា​ជន​ជប៉ុន​កំពុង​ជួប​នូវ​គ្រោះ​មហន្ត​រាយ​ដោយ​ធម្ម​ជាតិ។ លោក KAMADA ​បាន​ជម្រាប​ជូន​​ប្រតិភូ​ដោយ​សង្ខេប​​ពី​មហា​វិនាស​កម្ម​ដោយ​គ្រោះ​ធម្ម​ជាតិ​នេះ ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​របស់​លោក​ជួប​ការ​លំបាក​ដ៏​ធ្ងន់​ធ្ងរ​កន្លង​មក។ លោក​លេខា​ទី១ ​បាន​ថ្លែង​​អំណរ​គុណ​​ដែល​អ្នក​សារ​ព័ត៌​មាន និង​វិទ្យុ​សំឡេង​ «កោះ​សន្តិ​ភាព» បាន​ចូល​រួម​សម្តែង​នូវ​សមាន​ចិត្ត​ក្រៀម​ក្រំ​ចំពោះ​ប្រជា​ជន​ជប៉ុន​ដែល​ជួប​ប្រទះ​គ្រោះ​មហន្ត​រាយ។

លោក​ជា ហ្គារូដា នាយក​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព និង​ក្នុង​នាម​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ផង​ដែរ បាន​ជម្រាប​ជូន​​លោក KAMADA Yasuhiko វិញ​ថា ​នាយក​គ្រប់​គ្រង​សារ​ព័ត៌​មាន​​កោះ​សន្តិ​ភាព ការិយា​ល័យ​​និពន្ធ អ្នក​ឆ្លើយ​ឆ្លង​សារ​ព័ត៌​មាន​ និង​វិទ្យុ​ផ្សាយ​​សំឡេង​កោះ​សន្តិ​ភាព សូម​សម្តែង​នូវ​សមាន​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​ចូល​រួម​មហា​ទុក្ខ និង​រំលែក​ទុក្ខ​ប្រកប​ដោយ​​ភាព​ក្រៀម​ក្រំ​ឥត​ឧបមា ​ចំពោះ​ប្រជា​ជន​​ជប៉ុន​ទាំង​មូល ជា​ពិសេស​ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត និង​បាត់​​ខ្លួន​ក្រោម​គ្រោះ​មហន្ត​រាយ​រញ្ជួយ​ព្រះ​ធរណី និង​រលក​យក្ស​ស៊ូណាមី បង្ក​ឱ្យ​មាន​មហា​វិនាស​កម្ម​យ៉ាង​ធំ​ធេង និង​ធ្ងន់​ធ្ងរ​បំផុត។
លោក​​ហ្គារូដា ថ្លែង​បញ្ជាក់​ទៀត​ថា «យើង​ខ្ញុំ​ទាំង​អស់​គ្នា​សូម​បួង​សួង​ឱ្យ​គ្រោះ​ភ័យ​ទាំង​ឡាយ​ឆាប់​រលាយ​បាត់ ហើយ​ប្រជា​ជន​ជប៉ុន​ជា​បង​ប្អូន​នឹង​ទទួល​បាន​​មក​វិញ​នូវ​ភាព​សុខ​សាន្ត និង​ស្តារ​ប្រទេស​ជាតិ​ឆ្លង​ផុត​​ការ​លំបាក​ទាំង​នេះ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត»។

បន្ទាប់​មក​ក៏​មាន​ពិធី​ដាក់​បាច់​ផ្កា​ជា​និមិត្ត​សញ្ញា ព្រម​ទាំង​ឧបត្ថម្ភ​ប្រាក់​ចំនួន​៥០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក ចូល​រួម​រំលែក​ទុក្ខ និង​ជូន​ពរ​ឱ្យ​​ប្រជា​ជន​ និង​រាជ​​រដ្ឋា​ភិបាល​ជប៉ុន​កសាង និង​ស្តារ​ឡើង​វិញ​នូវ​​ប្រទេស​បាន​រីក​​ចំរើន​ឆាប់​រហ័ស ព្រម​ទាំង​ចូល​រួម​ ថត​រូប​រួម​គ្នា​​ជា​អនុ​ស្សាវរីយ៍​ផង​ដែរ៕