មេដឹកនាំលីប៊ី លោកមូអាម៉ា កាដាហ្វី អះអាងក្នុងបទសម្ភាសន៍មួយជាមួយកាសែតបារាំងថ្ងៃអាទិត្យថា លោកវាយប្រហារប្រឆាំងភេរវកម្មអាល់កៃដា ហើយអំពាវនាវដល់ប្រទេសបារាំងឱ្យដឹកនាំគណៈកម្មការសើុបអង្កេតមួយលើសភាពការណ៍ក្នុងប្រទេសលោក។ ក្នុងបទសម្ភាសន៍ក្នុងទីក្រុងទ្រីប៉ូលីកាលពីថ្ងៃទី៥ មីនា លោកកាដាហ្វីថ្លែងថា ខ្ញុំមានការឆ្ងល់ណាស់ ហេតុអីក៏គេមិនយល់ថា នោះជាការប្រយុទ្ធមួយប្រឆាំងភេវរកម្ម។ ហេតុអីពេលយើងប្រឡូកប្រយុទ្ធប្រឆាំងភេរវកម្មនៅលីប៊ីគេមិនមកជួយយើងបែរជាលើកគ្នាមកប្រឆាំងយើងទៅវិញ។
ដោយអះអាងជាថ្មីថា ភាពចលាចលទាំងឡាយបង្កឡើងដោយអូសាម៉ា ប៊ីនឡាដេន និងពួកជីហាដនិយមអាល់កៃដា លោកកាដាហ្វី បន្តថា ខ្ញុំចង់ធ្វើឱ្យគេយល់ថា ប្រសិនបើគេគំរាមខ្ញុំ និងប្រសិនបើគេបង្កអស្ថេរភាពនោះគេពិតជាយល់ច្រឡំហើយចំពោះប៊ីនឡាដេន និងពួកក្រុមប្រដាប់អាវុធមួយក្តាប់តូច។ មានមនុស្សជាច្រើនពាន់នាក់នឹងហូរចូលទៅអឺរ៉ុបពីលីប៊ី។ នឹងពុំនៅសល់មនុស្សសំរាប់ចាប់ខ្លួនឡើយ។ លោកបន្តថា អាល់កៃដាបានផ្តល់ការណែនាំដល់សាខាទាំងឡាយដែលដេកនៅលីប៊ី ឱ្យទៅកាន់ទុយនីស៊ី និងអេហ្ស៊ីបក្រោយការបះបោរ ហើយអះអាងជាថ្មីថា ពួកជីហាដបានបំពុលគ្រឿងញៀនដល់ពួកយុវជនលីប៊ី។ នឹងមានពួកជីហាដនៅគ្រប់កន្លែង។ ពួកមនុស្សរបស់ប៊ីនឡាដេន នឹងចាប់មនុស្សជម្រិតទារប្រាក់លោះនៅលើដែនដី និងក្នុងសមុទ្រ។ នោះនឹងជាវិបត្តិពិភពលោកដ៏ពិតប្រាកដមួយ និងជាគ្រោះមហន្តរាយមួយសំរាប់ពិភពលោកទាំងមូល។
លោកកាដាហ្វីដែលសន្យាថា លោកមិនបាញ់ប្រហារប្រជាជនបានធ្វើការប្រៀបធៀបការប្រយុទ្ធប្រឆាំងការបះបោរ និងពួកជ្រុលនិយមអ៊ិស្លាមនៅកន្លែងដទៃៗទៀត។ លោកសួរថា របបអាល់ហ្សេរីចាប់តាំងពីច្រើនឆ្នាំមកហើយក្នុងការប្រយុទ្ធប្រឆាំងពួកជ្រុលនិយមអ៊ិស្លាម តើមិនប្រើកំលាំងទេឬ? ពួកអីុស្រាអែលក្នុងការវាយប្រហារជ្រោយហ្គាហ្សាតើសម្លាប់ជនសីុវិលអស់ប៉ុន្មាន? តើមានជនសីុវិលរងគ្រោះប៉ុន្មានដោយសារកងទ័ពអាមេរិកនៅអីុរ៉ាក់ ឬនៅអាហ្វហ្គានីស្ថាន?
ក្នុងការប្រយុទ្ធគ្នានៅលីប៊ីកងទ័ពរដ្ឋាភិបាលលីប៊ីបានវាយដណ្តើមត្រួតត្រាវិញទាំងស្រុងទីក្រុង ZAWIYA ចម្ងាយ៤០គីឡូម៉ែត្រភាគ ខាងលិចក្រុងទ្រីប៉ូលីក្រោយការប្រយុទ្ធគ្នា២ថ្ងៃ។ នេះជាការអះអាងរបស់អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសលីប៊ី។ អ្នកទទួលខុសត្រូវរូបនេះអះអាងទៀតថា កងទ័ពរដ្ឋាភិបាលបានតតាំងជាមួយពួកបះបោរនៅក្រុង AL-BREGA និងក្រុង RAS LANUL ជាទីក្រុងកំពង់ផែនាំប្រេងចេញសំខាន់នៅភាគខាងកើតប្រទេស៕
ចែករំលែកព័តមាននេះ