ខេត្តមណ្ឌលគិរី ៖ ២នាក់ប្តីប្រពន្ធដែលជនឃៅរឃៅ ជះសាំងដុតទាំងរស់កាលពី១៤ថ្ងៃមុន ពេលនេះស្ត្រីជាប្រពន្ធដែលរលាករលួយធ្ងន់ធ្ងរនោះបានស្លាប់បាត់បង់ជីវិតហើយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី៧ មីនា។ ២នាក់ប្តីប្រពន្ធត្រូវជនសាហាវគ្មានមេត្តាជះសាំងដុតកាលពីវេលារំលងអធ្រាត្រថ្ងៃទី២១ កុម្ភៈ ព្រោះតែរឿងមិនទុកបាយសម្លឱ្យស៊ី។ ក្នុងការរងគ្រោះគឺប្រពន្ធរបួសធ្ងន់ ឯប្តីរបួសដៃ និងជើង។ ដូច្នេះហើយដោយសារសភាពរបួសធ្ងន់ធ្ងរប្រពន្ធបានស្លាប់ បន្សល់ប្តីពិការ និងកូន៣នាក់គ្មានទីពឹង និងរស់ជាក្មេងកំព្រាម្តាយ។
លោកទុយ ស្រស់ អនុប្រធានមន្ទីរពេទ្យបង្អែកមណ្ឌលគិរី ប្រាប់កោះសន្តិភាពកាលពីថ្ងៃទី៧ មីនា ថា ទាំង២នាក់ប្តីប្រពន្ធដែលរងគ្រោះក្នុងករណីជនល្មើសជះសាំងដុតនៅចំណុចអូរពោត ឃុំប៊ូស្រា ស្រុកពេជ្រាដា ហើយបានបញ្ជូនមកកាលពីថ្ងៃទី២១ កុម្ភៈ កន្លងមកនេះ ក្រុមគ្រូពេទ្យបានខិតខំជួយព្យាបាលជូនពួកគាត់យ៉ាងយកចិត្តទុកដាក់បំផុត។ ស្ត្រីជាប្រពន្ធឈ្មោះម៉ុង លីណា អាយុ៣៨ឆ្នាំ បានស្លាប់នៅវេលាម៉ោង៩និង២៥នាទីព្រឹក ដោយសារសភាពរបួសធ្ងន់ធ្ងរពេក និងឆេះរលួយពេញរាងកាយ។
ក្រុមគ្រួសារបាននាំយកសពស្ត្រីរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះបងប្អូនក្នុងភូមិចំបក់ ឃុំស្ពានមានជ័យ ក្រុងសែនមនោរម្យ។ អ្វីដែលបន្សល់ទុកនូវភាពខ្លោចផ្សារនោះ គឺកូនៗចំនួន៣នាក់បានស្រែកទ្រហោយំសោកស្តាយជីវិតមួយដែលបានស្លាប់ទៅយ៉ាងអយុត្តិធម៌ដោយសារជនដៃដល់មិនទាន់បានចាប់ខ្លួនកាត់ទោសឱ្យសមនឹងកំហុសរបស់ខ្លួន។ ចំពោះបុរសជាប្តីវិញត្រូវពិការជើងខាងស្តាំ និងដៃខាងស្តាំដោយសារតែការជះសាំដុតនោះ។
លោកឆេង បារាំង ជាប្តីបាននិយាយឱ្យដឹងថា ជារឿងអយុត្តិធម៌ណាស់ចំពោះគ្រួសារគាត់ ព្រោះថ្ងៃទី៧ មីនា ប្រពន្ធគាត់ស្លាប់ទៅហើយ។ ទាំងសមត្ថកិច្ចស្រុក ទាំងអ្នកទទួលខុសត្រូវឈ្មោះអេង ស្រ៊ុន និងអ្នកបង្កឈ្មោះធា ត្រូវជាបងប្អូនថ្លៃនឹងគ្នា បែរជាឃុតឃិតគ្នាលាក់រឿងយ៉ាងសាហាវឃោរឃៅបង្កឱ្យមាននីទណ្ឌភាពរហូតមកដល់ពេលនេះ។
លោកឆេង បារាំង បានអំពាវនាវ និងសំណូមពរដល់សមត្ថកិច្ចទូទាំងខេត្តសូមជួយស្រាវជ្រាវវែកមុខឃាតកឈ្មោះធា ជាបងប្អូនថ្លៃជាមួយឈ្មោះអេង ស្រ៊ុន អ្នកម៉ៅការពីក្រុមហ៊ុនចំការកៅស៊ូក្នុងស្រុកពេជ្រាដា ដើម្បីរកយុត្តិធម៌ឱ្យពួកគាត់ផង។ អ្វីគួរឱ្យហួសចិត្តនោះលោកអេង ស្រ៊ុន ហៅប្រុស ជាអ្នកម៉ៅការតាំងពីពួកគាត់ចូលមន្ទីរពេទ្យព្យាបាលរហូតដល់ប្រពន្ធគាត់ស្លាប់អត់ដែលឃើញមុខមកមើលសួរសុខទុក្ខឡើយ។ បុរសជាប្តីបានលើកដៃអំពាវនាវដល់សប្បុរសជននានាឱ្យជួយគាត់ផង ព្រោះគាត់ក្រណាស់គ្មានប្រាក់សម្រាប់ធ្វើបុណ្យសពប្រពន្ធទេ៕


ចែករំលែកព័តមាននេះ