ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កាសែត​ម្នាក់​ត្រូវ​ក្មេង​ស្ទាវ​ស្រវឹង​វាយ​បែក​ក្បាល​ ខណៈ​ដេក​ចាំ​ប្រមាញ់​អ្នក​ដឹក​ឈើ

15 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ភ្នាក់​ងារ​កាសែត​ក្រុង​កម្ពុជា​ម្នាក់​ប្រចាំ​នៅ​ស្រុក​​សូទ្រ​និគម ត្រូវ​បាន​យុវ​ជន​២​នាក់ ស្ថិត​ក្នុង​សភាព​ស្រវឹង​ជោក​ជាំ ​កាប់​ក្បាល​នឹង​​ពូថៅ​បណ្តាល​ឱ្យ​​រយះ​ដេរ​៥​ថ្នេរ កាល​ពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៧ កុម្ភៈ នៅ​ក្នុង​ភូមិ​ត្រពាំង​ថុង ឃុំ​ពពេល ស្រុក​សូទ្រ​និគម ខណៈ​ពេល​កំពុង​ដេក​​លង់​លក់​នៅ​ក្នុង​អង្រឹង​ចាំ​ឃ្លាំ​មើល​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់។ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មីនា ជន​សង្ស័យ​២​នាក់​ក្នុង​នោះ​ម្នាក់​ជា​ក្មេង​ទំនើង​ប្រចាំ​ភូមិ និង​ម្នាក់​ទៀត​ជា​មន្ត្រី​បំរើ​ការ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិ​ការ​ដ្ឋាន​​នគរ​បាល​ស្រុក​សូទ្រ​និគម ប៉ុន្តែ​ជន​ដៃ​ដល់​ទាំង​២​នាក់​នោះ​មិន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​តុលា​ការ​ដើម្បី​​​ធ្វើ​ការ​ចោទ​ប្រកាន់​ទេ គឺ​ត្រូវ​ដោះ​លែង​វិញ ក្រោយ​ពី​សំរួល​ដោះ​ស្រាយ​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​រួច​ហើយ។

លោក​អនុ​សេនីយ៍​ឯក ហេង សំណាង អធិ​ការ​រង​នគរ​បាល​ស្រុក​សូទ្រ​និគម ទទួល​បន្ទុក​ព្រហ្ម​ទណ្ឌ​បាន​ថ្លែង​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ឈ្មោះ​ទុំ មោង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់​នៅ​​ក្នុង​ភូមិ​បុស្ស ឃុំ​ដំដែក ស្រុក​សូទ្រ​និគម ជា​អ្នក​យក​ព័ត៌​មាន​​ឱ្យ​កាសែត​ក្រុង​កម្ពុជា បាន​រង​របួស​បែក​​ថ្ងាស​រយះ​ដេរ​៥​ថ្នេរ។ ចំណែក​ជន​សង្ស័យ​បង្ក​អំពើ​ហិង្សា​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ម្នាក់​ឈ្មោះ​សាំ ហាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅ​ភូមិ​កើត​ហេតុ និង​ម្នាក់​ទៀត​ឈ្មោះ​ហៀន ហង់ រស់​នៅ​ភូមិ​តាពេញ ឃុំ​ខ្នង​ភ្នំ ស្រុក​ស្វាយ​លើ ជា​មន្ត្រី​ឧទ្យានុ​រក្ស​នៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ប៉ុន្តែ​ត្រូវ​បាន​លោក​ហង្ស សាវុធ នាយក​ឧទ្យាន​ជាតិ​ភ្នំ​គូលែន បញ្ជូន​មក​យាម​ដី​របស់​គាត់​នៅ​ភូមិ​កើត​ហេតុ។

លោក​អនុ​សេនីយ៍ឯក ហេង​ សំណាង បាន​បញ្ជាក់​ថា នៅ​យប់​កើត​ហេតុ​ជន​រង​គ្រោះ​ដែល​ជា​អ្នក​កាសែត​របស់​អង្គ​ភាព​ក្រុង​កម្ពុជា រួម​ជា​មួយ​អ្នក​កាសែត​ម្នាក់​ទៀត​បាន​ទៅ​ចង​អង្រឹង​ដេក​នៅ​តាម​ផ្លូវ​ក្នុង​ភូមិ​កើត​ហេតុ ដើម្បី​ចាំ​​ឃ្លាំ​មើល​បទ​ល្មើស​ព្រៃ​ឈើ ហើយ​បក្ស​ពួក​ជន​ដៃ​ដល់​បាន​ផឹក​ស្រាស​នៅ​ក្បែរ​នោះ​ដែរ លុះ​ដល់​ពេល​ស្រវឹង​ជោក​ជាំ​មិន​ដឹង​ជា​មាន​គំនុំ​​តាំង​ពី​ពេល​ណា​មក​ ក៏​យក​​ពូថៅ​កាប់​​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​​ថ្ងាស​បណ្តាល​ឱ្យ​បែក​ហូរ​ឈាម​ដេរ​៥​ថ្នេរ។ ចាង​ហ្វាង​កាសែត​ក្រុង​កម្ពុជា លោក​សំ​ វិចិត្រ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២ មីនា ​បាន​ថ្លែង​ថា លោក​​កំពុង​តែ​ជំរុញ​ឱ្យ​សមត្ថ​កិច្ច​ជួយ​អន្តរា​គមន៍​ចាត់​ការ​ទៅ​តាម​ច្បាប់ ដើម្បី​ទាម​ទារ​រក​យុត្តិ​ធម៌​ឱ្យ​កូន​ចៅ​របស់​លោក​ចំពោះ​ករណី​​កាប់​ឱ្យ​រង​របួស​យ៉ាង​ដំណំ​បែប​នេះ។

លោក​ទុំ ​មោង ដែល​ត្រូវ​គេ​​​កាប់​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា កាល​ពី​វេលា​​​យប់​កើត​ហេតុ​​ខ្លួន​បាន​ទៅ​សុំ​រោង​របស់​ឈ្មោះ​​សាំ ដែល​ត្រូវ​ជា​ឪពុក​ឈ្មោះ​សាំ ហាក់ ដើម្បី​ចង​អង្រឹង​ដេក​​ចាំ​ឃ្លាំ​មើល​សកម្ម​ភាព​ដឹក​ជញ្ជូន​​ឈើ​ខុស​ច្បាប់​​ឆ្លង​កាត់​​ផ្លូវ​នេះ ។ លោក​ទុំ​​មោង បាន​បន្ត​ថា ​នៅវេលា​ម៉ោង​​ជាង​១០​យប់ ខណៈ​ខ្លួន​​កំពុង​ដេក​ក្នុង​​អង្រឹង ស្រាប់​តែ​មាន​មនុស្ស​ពីរ​នាក់​ម្នាក់​កាន់​ពូថៅ និង​ម្នាក់​ទៀត​​កាន់​ដំបង​ដើរ​សំដៅ​ចូល​មក​ ដោយ​អ្នក​កាន់​ដំបង​​បាន​វាយ​​បំបែក​អំពូល​ភ្លើង​ដើម្បី​ឱ្យ​ងងឹត​ ចំណែក​អ្នក​កាន់​ពូថៅ​ស្ទុះ​ចូល​មក​កាប់​ក្បាល​របស់​ខ្លួន​ដែល​កំពុង​តែ​ដេក​ក្នុង​អង្រឹង​​បណ្តាល​ឱ្យ​រង​របួស​ជា​​ទម្ងន់ ហើយ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​រួច​ពួក​គេ​បាន​រត់​គេច​ខ្លួន​បាត់ ។ លោក​អនុ​សេនីយ៍​ឯក ហេង សំណាង ​នៅ​រសៀល​ថ្ងៃ​​​ដដែល​ប្រាប់​ថា ​ជន​សង្ស័យ​ទាំង​ពីរ​នេះ​អាច​ត្រូវបាន​បញ្ជូន​ទៅ​កាន់​តុលា​ការ​ច្រើន​ជាង បន្ទាប់​ពី​ពួក​គេ​បាន​យល់​ព្រម​​ធ្វើ​ការ​​សម្រប​សម្រួល​ដោយ​ព្រម​បង់​លុយ​​ចំនួន​៥​ពាន់​ដុល្លារ​ទៅ​ឱ្យ​ជន​រង​គ្រោះ​តែ​​គ្មាន​លុយ​បង់​ទាន់​ពេល​ ។

​ទាក់​ទិន​​ទៅ​នឹង​ករណី​ដែល​សមត្ថ​កិច្ច​គ្រោង​ធ្វើ​ការ​បញ្ចប់​រឿង​នោះ ​លោក​ទី សុវិន​​ថាល់ ​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​សៀម​រាប​បាន​មាន​ប្រសាសន៍​​ថា រាល់​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​សមត្ថ​កិច្ច​មន្ត្រី​នគរបាល​​យុត្តិ​ធម៌​មិន​​មាន​សិទ្ធិ​ដោះ​លែង​បាន​ទេ ត្រូវ​តែ​បញ្ជូន​សំណុំ​រឿង​​​ទៅតុលា​ការ​ ហើយ​ការ​ឃុំ​ខ្លួន​ ឬ​មិន​ឃុំ​វា​ជា​ឆន្ទានុ​សិទ្ធិ​របស់​តុលា​ការ៕