រាជធានីភ្នំពេញ ៖ បុរសប្រព្រឹត្តចោរកម្ម២នាក់ក្នុងចំណោមបក្សពួក៤នាក់ត្រូវបានប៉ូលិសខណ្ឌសែនសុខ ដេញប៉ផាប់ចាប់ពភីងឃាត់ខ្លួនខណៈពួកគេព្រួតគ្នាប្រើកណ្តាប់ដៃវាយប្លន់ទៅលើបុរសជនជាតិម្នាក់ ដែលធ្វើដំណើរពេលយប់មកដល់មុខផ្ទះរបស់ខ្លួន ប៉ុន្តែសំណាងអាក្រក់របស់ពួកចោរក៏ត្រូវប៉ូលិសល្បាតប្រទះឃើញដេញចាប់ខ្លួនបាន២នាក់ ព្រមទាំងដកហូតទូរស័ព្ទត្រឡប់មកវិញ ។
សកម្មភាពពួនស្ទាក់ប្លន់នៅតាមផ្លូវ ឬមុខផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី១ មីនា ២០១១ លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនដៃដល់ប្រព្រឹត្តអំពើប្លន់មានគ្នា៤នាក់ ធ្វើសកម្មភាពវាយដោយកណ្តាប់ដៃប្លន់យកទូរស័ព្ទពីបុរសជនជាតិម្នាក់មិនស្គាល់ឈ្មោះ…ប៉ុន្តែភ្លាមៗនោះត្រូវប៉ូលិសដើរល្បាតប្រទះឃើញក៏ដេញចាប់បាន២នាក់ គឺ១-ឈ្មោះលុង សេដ្ឋីបុត្រ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣៨ ក្រុម៤ ភូមិទឹកថ្លា ខណ្ឌសែនសុខ ២-ឈ្មោះថុល ប៊ុនធឿន ហៅប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចំណែក២នាក់ទៀតបានរត់គេចខ្លួនបាត់ក្នុងស្បៃរាត្រីទៅហើយ…។
សូមបញ្ជាក់ថា នៅវេលារំលងអធ្រាត្រនោះបុរសជនជាតិចិន បានវិលត្រឡប់មកពីកន្លែងការងារវិញ លុះដល់មុខផ្ទះដែលខ្លួនស្នាក់នៅគ្រាន់តែចុះពីលើម៉ូតូឌុបបានបន្តិច ស្រាប់តែមានបុរស៤នាក់ មិនដឹងជាដើរមកពីណាទេ ស្ទុះទៅដាល់ទាត់ធាក់លើបុរសជនជាតិចិននោះ រួចហើយដណ្តើមយកទូរស័ព្ទស៊េរីទំនើបមួយគ្រឿងរត់គេចខ្លួន ប៉ុន្តែស្របពេលនោះមានប៉ូលិសដើរល្បាតការពារសន្តិសុខប្រទះឃើញសកម្មភាពប្រទូស្តរ៉ាយបែបនេះ ក៏ដេញចាប់បានជនដៃដល់២នាក់ នាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕
ចែករំលែកព័តមាននេះ