ខេត្តស្វាយរៀង ៖ ក្មេងស្រីឈ្មោះទុំ វល័ក្ខ អាយុ៤ឆ្នាំ ខណៈកំពុងរត់លេងនៅក្បែរចង្ក្រានស្ងោរនំ បានដួលធ្លាក់ចូលភ្លើងចង្ក្រានបណ្តាលឱ្យឆេះអស់មួយកំណាត់ខ្លួនត្រឹមដើមទ្រូងចុះក្រោម សន្លប់ស្តូកស្តឹងគួរឱ្យអាសូរក្រៃលែង ។ ហេតុការណ៍អកុសលនេះបានកើតឡើងកាលពីថ្ងៃទី២១ មីនា វេលាម៉ោង៦ល្ងាចនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ។
បើតាមបុរសជាឪពុកឈ្មោះទុំ ចិត្ត អាយុ២៨ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុប្រពន្ធរបស់គាត់ឈ្មោះគឹម ស្លូត អាយុ២៥ឆ្នាំ បានវេចនំលក់រួចបានបង្កាត់ភ្លើងក្នុងចង្ក្រានដើម្បីដាំទឹកស្ងោរនំ លុះស្ងោរនំឆ្អិនមួយ ឆ្នាំង ហើយក៏បានលើកឆ្នាំងនំចេញពីចង្ក្រាន។ ជាអកុសលខណៈប្រពន្ធគាត់កំពុងតែស្រង់នំចេញពីឆ្នាំងបំរុងដាក់នំស្ងោរទៀត ស្រាប់តែកូនស្រីដែលរត់លេងក្បែរចង្ក្រានជំពប់ជើងដួលចូលក្នុងភ្លើងចង្ក្រាននោះបណ្តាលឱ្យឆេះរលេះរលួយអស់ខ្លួនកូនស្រីអស់មួយកំណាត់ខ្លួនត្រឹមដើមទ្រូងចុះមកក្រោម សន្លប់បាត់ស្មារតី ។ ភ្លាមនោះរូបគាត់និងប្រពន្ធក៏បានប្រញាប់ប្រញាល់ដឹកកូនស្រីតាមម៉ូតូមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ប៉ុន្តែរហូតមកដល់ថ្ងៃទី២២ មីនា វេលាម៉ោង៣រសៀលទៅហើយកូនស្រីគាត់នៅពុំទាន់ដឹងខ្លួនទៀត ។
មន្ត្រីសមត្ថកិច្ចបាននិយាយថា នេះមកពីការធ្វេសប្រហែសរបស់ឪពុកម្តាយ លើកឆ្នាំងចេញពីចង្ក្រានគួរណាស់ប្រយ័ត្នកុំឱ្យក្មេងរត់លេងក្បែរនោះបង្ការគ្រោះថ្នាក់កើតឡើងជាយថាហេតុនាំឱ្យមានការស្តាយក្រោយ ដូចករណីខាងលើនេះឪពុកម្តាយបានត្រឹមតែយំសោកស្តាយដោយមិនដឹងថាជោគវាសនាកូនស្រីរបស់ខ្លួន នឹងទៅជាយ៉ាងណា ព្រោះនាងតូចរបួសធ្ងន់ធ្ងរណាស់ហើយគ្រូពេទ្យកំពុងជួយសង្គ្រោះ ។
នេះមិនមែនជាករណីទី១ទេ ដែលក្មេងៗរត់លេងក្បែរចង្ក្រានហើយជំពប់ជើងដួលចូលភ្លើងចង្ក្រានបណ្តាលឱ្យមានគ្រោះថ្នាក់ជាពិសេសនៅខេត្តស្វាយរៀងនេះតែម្តង ។ ហេតុនេះអ្នកអាណាព្យាបាលទាំងឡាយគួរតែកែលម្អទំលាប់ធ្វើចង្ក្រានទាបជាងដីនេះទើបអាចចៀសវាងគ្រោះថ្នាក់ជាយថាហេតុបែបនេះបាន ៕
ចែករំលែកព័តមាននេះ