ខេត្តកណ្តាល ៖ ស្ត្រីម្នាក់បានរងរបួសយ៉ាងដំណំដោយសារតែក្រុមគ្រួសារមួយនៅផ្ទះជិតគ្នា ព្រួតវាយដោយសារតែខឹងស្ត្រីរូបនេះជះទឹកដាក់ ខណៈភាគីផ្ទះជិតគ្នាម្នាក់បានស្តោះទឹកមាត់ចំអកឡកឡឺយ ។ ហេតុការណ៍ប្រទូស្តរ៉ាយមួយគ្រួសារព្រួតគ្នាវាយលើស្ត្រីម្នាក់កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៥ មីនា នៅខាងមុខផ្ទះស្ត្រីរងគ្រោះឈ្មោះម៉ៅ សុផារី អាយុ៤៨ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ចំណែកភាគីក្រុមជនសង្ស័យមានគ្នា៦នាក់ ប៉ុន្តែប៉ូលិសឃាត់ខ្លួនបានតែ៣នាក់ ១-ឈ្មោះប៊ូ ភំ ភេទប្រុស អាយុ៦៣ឆ្នាំ ២-ឈ្មោះមាស ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ និង៣-ឈ្មោះភំ ភួង ភេទប្រុស អាយុ២០ឆ្នាំ ។ ចំណែក៣នាក់ទៀតមិនត្រូវបានចាប់ខ្លួន ១-ឈ្មោះភំ សុខា ភេទស្រី អាយុ២៣ឆ្នាំ ២-ឈ្មោះហែម វណ្ណា ភេទស្រី អាយុ៥២ឆ្នាំ និង៣-ឈ្មោះសួង មករា ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំងអស់គ្នារស់នៅផ្ទះជិតគ្នា ជាមួយជនរងគ្រោះ ។
តាមសំដីស្ត្រីរងគ្រោះបានប្រាប់ប៉ូលិសថា នៅថ្ងៃកើតហេតុគាត់ជាជនរងគ្រោះនៅផ្ទះតែម្នាក់ឯង ។ នៅពេលកើតហេតុឈ្មោះប៊ូ ភំ បានដើរកាត់មុខផ្ទះគាត់ ហើយបានខាកស្តោះទឹកមាត់នៅខាងមុខផ្ទះជាច្រើនដង ដែលគាត់ចាត់ទុកថា ជាការចំអកឡកឡឺយ ។ ពេលនោះគាត់បានចេញពីក្នុងផ្ទះមកសួរឈ្មោះប៊ូ ភំ ថា ចុះហេតុអ្វីបានជាដើរកាត់មុខផ្ទះ ខ្ញុំហើយខាកស្តោះទឹកមាត់ តែរហូតអ៊ីចឹង ។ សួរចប់ជនរងគ្រោះក្តៅចិត្តស្រាប់ផង បានដើរទៅដងទឹកមួយផ្តិលយកមកជះដាក់ឈ្មោះប៊ូ ភំ បណ្តាលឱ្យទទឹក ពេលនោះក៏មានការប្រវាយប្រតប់គ្នារវាងអ្នកទាំងពីរកើតឡើង ។ ខណៈនោះដែរក្រុមគ្រួសាររបស់ឈ្មោះប៊ូ ភំ មានគ្នា៦នាក់បានចេញមកព្រួតគ្នាវាយទៅលើរូបគាត់ ខ្លះបោចសក់ ខ្លះទៀតវាយដោយដៃ និងទាត់ធាក់ បណ្តាលឱ្យរូបគាត់តែម្នាក់ឯងរងរបួសយ៉ាងដំណំ ប៉ោងមុខមាត់ ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ស្រុកតាខ្មៅ។ ចំណែកបក្សពួកក្រុមគ្រួសារដែលព្រួតគ្នាវាយគេនេះត្រូវបានប៉ូលិសក្រុងតាខ្មៅ ហៅទៅធ្វើការសាកសួរហើយធ្វើការឃាត់ខ្លួន៣នាក់ គឺ១-ឈ្មោះប៊ូ ភំ ២-ឈ្មោះមាស ធារ៉ា និង៣-ឈ្មោះភំ ភួង ។ មន្ត្រីប៉ូលិសបានឱ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការបន្តទៀតតាមច្បាប់។ នៅរសៀលថ្ងៃទី៥ មីនា ក្នុងចំណោមជនសង្ស័យទាំងបីនាក់ ត្រូវបានឃុំខ្លួនតែម្នាក់ទេ គឺឈ្មោះប៊ូ ភំ ដែលចេញដីកាសម្រេចឃុំខ្លួនដោយលោកខូវ ចាន់ថូ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ៕
ចែករំលែកព័តមាននេះ