រាជធានីភ្នំពេញ ៖ បច្ចុប្បន្នក្រោយពីបំបាត់ការជួញដូរគ្រឿងញៀន ការចាប់អ្នកសេពគ្រឿងញៀន និងចរាចរគ្រឿងញៀន យើងសង្កេតឃើញអំពើចោរកម្មទាំងលួចម៉ូតូ និងឆក់ខ្សែ.ក ប្លន់ប្រដាប់អាវុធមានការថយចុះគួរកត់សម្គាល់ ។ ផ្តើមចេញពីករណីខាងលើអាចនិយាយថា អសន្តិសុខសង្គម គឺបណ្តាលមកពីគ្រឿងញៀននេះឯងជាស្នូល ។ នេះជាប្រសាសន៍របស់លោកឃួង ស្រេង អភិបាលខណ្ឌសែនសុខ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» កាលពីថ្ងៃទី៤ មីនា នៅឯសង្កាត់ឃ្មួញ ហើយក៏មានការចូលរួមពីលោកម៉ក់ ហុង អធិការប៉ូលិសខណ្ឌសែនសុខ លោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកចៅសង្កាត់ឃ្មួញ លោកមេភូមិ អនុភូមិ លោក លោកស្រី ប្រធានសហគមន៍ ប្រជាការពារភូមិ និងពលរដ្ឋយ៉ាងច្រើនកុះករ។
លោកអភិបាលខណ្ឌបានបន្តថា នៅខណ្ឌសែនសុខក៏មានបញ្ហានេះកើតឡើងដែរ ប៉ុន្តែកន្លងមក គណៈបញ្ជាការខណ្ឌបានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការជាច្រើននាក់ ហើយយើងនឹងធ្វើដូចជាភ្លៀងរលឹម លុះត្រាតែបញ្ហានេះសាបសូន្យអស់ពីបណ្តាភូមិ-សង្កាត់របស់យើង ដើម្បីធានាបាន«ភូមិ-សង្កាត់មានសុវត្ថិភាព» ។
ទាក់ទងអំពើហិង្សាក្នុងគ្រួសារវិញ ក៏ពាក់ព័ន្ធចំពោះភូមិ-សង្កាត់មានសុវត្ថិភាពដែរ ដោយលោកអភិបាលខណ្ឌបានព្រមានថា វាយប្រពន្ធបាន តែប្រយ័ត្នប្រពន្ធប្តឹងមានទោស ព្រោះប្រទេសមានច្បាប់។
លោកអភិបាលបានបញ្ជាក់ថា ដើម្បីលុបបំបាត់នូវសកម្មភាពល្មើសខាងលើ អាជ្ញាធរភូមិ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវអនុវត្តឱ្យបាននូវផែនការសកម្មភាពដូចខាងក្រោម ។
១-គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ ត្រូវអនុវត្តឱ្យបានរបបប្រជុំជាប្រចាំ ដើម្បីត្រួតពិនិត្យសភាពការណ៍ ដាក់ចេញនូវផែនការ និងវិធានការជាក់ស្តែងក្នុងការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ក្នុងរង្វង់សមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ។
២-ពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឱ្យមានសកម្មភាពការងារតាមស្តង់ដាអន្តរជាតិ ដើម្បីក្លាយជាស្នួលពិតប្រាកដនៃចលនាការពារ «ភូមិ-សង្កាត់មានសុវត្ថិភាព» និងក្លាយជាសេវាសាធារណៈដែលនៅជាប់ជាមួយប្រជាពលរដ្ឋ ។
៣-ចាត់តាំងឱ្យមានកម្លាំងប្រចាំការអចិន្ត្រៃយ៍នៅស្នាក់ការសាលាសង្កាត់ និងប៉ុស្តិ៍នគរបាលធ្វើឱ្យមូលដ្ឋានភូមិ-សង្កាត់របស់យើង ក្លាយជាភូមិ-សង្កាត់មានសុវត្ថិភាព ស្របតាមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាក់ជាមិនខាន ៕
ចែករំលែកព័តមាននេះ