ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាក់​គី​អាវ​តាំង​ចិត្ត​ដណ្តើម​​យក​ជ័យ​ជំនះ​ជា​លើក​ទី​១៤ជា​មួយ​ម៉ូស្លី

15 ឆ្នាំ មុន

ស្តេច​ប្រ​ដា​ល់​ហ្វ៊ី​លីពីន ​ម៉ានី ប៉ាក់គីអាវ​បាន​តាំង​ចិត្ត​ថា​នឹង​ដណ្តើម​ឲ្យ​បាន​នូវ​ជ័យ​ជំនះ​ជា​លើក​ទី​១៤​ជាប់​ៗគ្នា​ក្នុង​រយៈ​ពេល​៦ឆ្នាំ​នេះ ​ពោល​គឺ​ចាប់​ពី​ពេល​ដែល​រូប​គេ​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃកីឡាករ​អេរីក ម៉ូ​រ៉ា​ល់​ក្នុង​ឆ្នាំ​២០០៥។
ប៉ាក់គី​អាវ ​ដែល​ចាប់​ផ្តើម​ធ្វើ​ការ​ហ្វឹក​ហាត់​នៅ​ទី​ក្រុង​ភាគ​ខាង​ជើង​ហ្វ៊ីលីពីន​Baguio City ជា​មួយ​លោក​ហ្វ្រេដឌី រ៉ូច ​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​យក​ឈ្នះ​កីឡាករ​សេន ម៉ូស្លី​ឲ្យ​ខាង​តែ​បាន​ក្នុង​ពេល​​ដែល​ពួក​គេ​ជួប​គ្នា​នៅ​​សង្វៀន​MGM Grand Garden ទី​ក្រុង​ឡាស​វេហ្គាស​ រដ្ឋ​នេវ៉ាដា សហរដ្ឋ​អាមេរិក​នា​​ថ្ងៃទី​៧ខែ​ឧសភា​ខាង​មុខ​នេះ។

ចាប់​តាំង​ពី​ការ​បរាជ័យ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ក្រោម​ថ្វី​ដៃ​កីឡាករ​ម៉ូ​រ៉ាល់​ក្នុង​ឆ្នាំ​២០០៥​មក​ ប៉ាក់គីអាវ​បាន​ចំណាយ​ពេល​របស់​ខ្លួន​ស្ទើរ​តែ​ទាំង​អស់​​​ហ្វឹក​ហាត់​ជា​មួយ​លោក​ហ្វ្រេដឌី រ៉ូច​។​ ប៉ាក៉គីអាវ ​បាន​កែ​លំអ​ជំនាញ​ប្រកួត​របស់​ខ្លួន​បាន​មួយ​កម្រិត​ធំ​។​ ការ​ផ្លាស់​ប្តូរ​មួយ​ក្នុង​ចំណោម​​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​ គឺ​សន្ទុះ​កណ្តាប់​ដៃ​ស្តាំរបស់​គេ​​ជា​លទ្ធផល​នៃ​ការ​ជួយ​ជ្រោម​ជ្រែង​ដោយ​លោក​រ៉ូច ។​

វិធី​​ដែល​លោក​រ៉ូច​បាន​ប្រែ​ក្លាយ​ដៃ​ស្តាំ​ប៉ាក់គី​អាវ​ឲ្យ​ទៅ​ជា​អាវុធ​ដ៏​មាន​ប្រ​សិទ្ធិ​ភាព​មួយ​នោះ​ គឺ​ជា​ការ​សម្ងាត់​​ផ្នែក​ពាណិជ្ជ​កម្ម​ដែល​គាត់​បាន​រក្សា​ទុក​ដ៏​ល្អ​បំផុត ។ គូ​ប្រកួត​របស់​ប៉ាក់គី​អាវ​ទាំង​ឡាយ​ពិត​ជា​បាន​ស្គាល់​ពី​កណ្តាប់​ដៃ​មច្ចុរាជ​នេះ។ ​មក​ដល់​ពេល​នេះ​ មិន​ត្រឹម​តែ​កណ្តាប់​ដៃស្តាំ​​ទេ​ ដែល​ខ្លាំង​នោះ ដៃ​ឆ្វេង​ក៏​មិន​ចាញ់ដៃ​​ស្តាំ​ដែរ​។ កណ្តាប់​ដៃ​ទាំ​ង​ពីរ​របស់​ប៉ាក់គីអាវ​ញាប់​និង​រហ័ស​ស្ទើរ​មើល​មិន​ទាន់​ ។

យោង​តាម​លោក​អាល់ បឺន​ស្ទេន​ថា នៅក្នុង​ការ​ប្រកួត​១លើក​ ប៉ាក់គីអាវ​វាយ​ចេញ​ជា​មធ្យម​បាន​ចំនួន​១.០០០​ដៃ ។ អ្នក​​យក​ព័ត៌​មាន​កី​ឡារូបនេះ​បាននិយាយ​ទៀត​ថា​ ខ្លួន​ប្រាថ្នា​ឲ្យ​មាន​ការ​ជួប​គ្នា​រវាង​មេវេដឌ័រ​និង​ប៉ាក់គីអាវ​។
នៅក្នុង​បទ​សម្ភាសន៍​​ជា​មួយ​Bleacher Report Columnist Kingលោក​បឺន​ស្ទេន​បាន​បញ្ជាក់​ថា​៖«ខ្ញុំ​ហ៊ាន​ទាយ​ចំពោះ​ការ​ប្រកួត​នោះ​គឺ​ប៉ាក់គីអាវ​នឹង​ឈ្នះ​ដោយ​ពិន្ទុ​។ ក្នុង​ការ​ប្រកួត​១លើក​វាយ​ចេញ​បាន​១.១០០ដៃ​ឬ​១.២០០ដៃ។ ឯមេវេដឌ័រវិញ​ក្នុង​១ប្រកួត​វាយ​ចេញ​បាន​តែ​៥០០ដៃ​ប៉ុណ្ណោះ​។​ ដូច្នេះ​​បញ្ហា​សម្រាប់​ប៉ាក់​គី​អាវ ​ដែល​ធ្វើ​ឲ្យ​គេ​ចាញ់​មេវេដឌ័រ​នោះគឺ​ថា គេ​អាច​​ត្រូវ​សន្លប់​ឬក៏​មេវេដឌ័រ​ធ្វើ​ឲ្យ​គេ​មាន​របួស​មិន​អាច​បន្ត​ការ​ប្រកួត​បាន​ ។ ទោះ​ជា​យ៉ាង​ណា សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​មេវេដឌ័រ​គឺ​ជា​កីឡាករ​ដ៏​គ្រោះ​​ថ្នាក់​មួយ​រូប»។

សម្រាប់​កីឡាករ​សេន ម៉ូ​ស្លី​វិញ​ កណ្តាប់​ដៃ​វាយ​ចេញ​របស់​គេ​ក៏​រហ័ស​ណាស់​ដែរ​ តែ​បើ​ប្រៀប​​ធៀប​ជា​មួយ​ប៉ាក់គីអាវ​ គេ​នៅ​យឺត​ជាង​បន្តិច​។ ទោះ​ជា​យ៉ាង​ណា ប៉ាក់គីអាវ​មិន​ហ៊ាន​មើល​ស្រាល​​លើ​សមត្ថភាព​របស់​ម៉ូ​ស្លី​ទេ​ ហើយ​គេ​នឹង​ហ្វឹក​ហាត់​ឲ្យ​បាន​ហ្មត់​ចត់​បំផុត​ដើម្បី​យក​ជ័យ​ជំនះ​ឲ្យ​ខាង​តែ​បាន​ ។ ចំពោះ​ឯតទគ្គកម្ម​ប្រកួត​ ប៉ាក់គីអាវ​នៅក្នុង​ការ​ប្រកួត​៥៧លើក​ ឈ្នះ​៥២ ចាញ់​៣ ស្មើ​២ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៨លើក​។ ឯម៉ូ​ស្លី​ប្រកួត​៥៤​លើក​ឈ្នះ​៤៦ចាញ់​៦ ស្មើ​១ឈ្នះ​ដោយ​គ្មាន​ដៃ​គូ​១លើក​ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៩លើក​ ៕