ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករដាំម្រេចខេត្តកំពង់ចាមចង់ឱ្យសហគមន៍អឺរ៉ុបជួយរកទីផ្សារ

13 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ប្រជាកសិករ​ដែល​កំពុង​ប្រកបរបរ​ដាំម្រេច​នៅ​ខេត្ត​កំពង់​ចាម​ បាន​ធ្វើ​សំណូមពរ​ដល់​សហគមន៍​អឺរ៉ុប ​ឱ្យ​ជួយ​រក​ទីផ្សារ​នៅ​បណ្តា​ប្រទេស​អឺរ៉ុប ​ខណៈ​​​ដែល​ទីផ្សារ​ក្នុង​ស្រុក​មាន​តម្លៃ​ថោក ​និង​មិន​អាច​ទប់​ទល់​ការ​ចំណាយ​បាន ។​ លោក​កៅ វណ្ណី​ អាយុ​៣២ឆ្នាំ តំណាង​អាជីវ​​ករ​ដាំ​ម្រេច​នៅ​ភូមិ​ស្អំ​ ឃុំ​ពញា​ក្រែក​ ស្រុក​មេមត់​ ខេត្ត​កំពង់​ចាម បាន​និយាយ​ថា​ បច្ចុប្បន្ន​​នេះ​ដំណាំ​ម្រេច​នៅ​តំបន់​នោះ​មាន​ប្រមាណ​ជាង​៨០០​ហិកតា និង​ជិត​ដល់

ខេត្តកំពង់ចាម ៖ ប្រជាកសិករ​ដែល​កំពុង​ប្រកបរបរ​ដាំម្រេច​នៅ​ខេត្ត​កំពង់​ចាម​ បាន​ធ្វើ​សំណូមពរ​ដល់​សហគមន៍​អឺរ៉ុប ​ឱ្យ​ជួយ​រក​ទីផ្សារ​នៅ​បណ្តា​ប្រទេស​អឺរ៉ុប ​ខណៈ​​​ដែល​ទីផ្សារ​ក្នុង​ស្រុក​មាន​តម្លៃ​ថោក ​និង​មិន​អាច​ទប់​ទល់​ការ​ចំណាយ​បាន ។​ លោក​កៅ វណ្ណី​ អាយុ​៣២ឆ្នាំ តំណាង​អាជីវ​​ករ​ដាំ​ម្រេច​នៅ​ភូមិ​ស្អំ​ ឃុំ​ពញា​ក្រែក​ ស្រុក​មេមត់​ ខេត្ត​កំពង់​ចាម បាន​និយាយ​ថា​ បច្ចុប្បន្ន​​នេះ​ដំណាំ​ម្រេច​នៅ​តំបន់​នោះ​មាន​ប្រមាណ​ជាង​៨០០​ហិកតា និង​ជិត​ដល់​ពេល​ប្រមូល​ផលហើយ ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ទីផ្សារ​ម្រេច ​ដែល​លក់​ក្នុង​ស្រុក​មាន​តម្លៃ​ថោក​ហើយ​ពួក​ឈ្មួញ​កណ្តាល​​កំពុង​តែ​វាយ​តម្លៃ​បន្ទាបថែមទៀត ។

លោក​គិត​ថា បើ​លក់​ក្នុង​តម្លៃ​ទាប​ពេក​ដូចតម្លៃ​ដែល​ឈ្មួញ​កណ្តាល​​ដើរ​ប្រមូល​ទិញ ​គឺ​ប្រជា​កសិករ​ប្រាកដ​​ជា​ជួបនូវ​ការ​ខាត​បង់​ប្រាក់​ដើម​មិន​ខាន ។ លោក​បញ្ជាក់​ថា ​ម្រេច​នៅ​ខេត្ត​កំពង់​ចាម​និង​ម្រេច​នៅ​ខេត្ត​កំពត គឺ​មាន​គុណភាព​ខ្ពស់​ដូចគ្នា នៅ​ពេល​ដែល​ប្រជាកសិករ​បាន​បោះបង់​ចោល​ការ​ប្រើ​ប្រាស់​ជីគីមី ​និងងាក​​មក​ប្រើ​ប្រាស់​ជី​ធម្ម​ជាតិ​ជំនួស​វិញ ។ លោក​​ទទួល​ស្គាល់​ថា ​មុននេះ​កសិករ​របស់​យើង​បាន​ប្រើប្រាស់​ជីគីមី​ លើ​ដំណាំ​ម្រេច​ដែល​ធ្វើ​ឱ្យគុណភាព​មាន​កំរិត​ទាប ហើយ​លំបាក​រកទីផ្សារ ​។ ប៉ុន្តែ​ដំណាំ​ម្រេច​ក្រោយ​នេះ (៨០០ហិកតា) ​គឺ​កសិករ​យើង​បាន​ងាក​មក​រក​ការ​ប្រើ​ប្រាស់​ជី​ធម្មជាតិ​និង​មាន​ការ​ថែទាំ​បែប​ធម្ម​ជាតិ​ ដែល​ធ្វើ​ឱ្យ​គុណភាព​ម្រេច​កើន​ឡើង​ខ្ពស់​មិន​ខុសពី​ម្រេច​ដែល​កសិករ​ដាំ​នៅ​ខេត្ត​កំពត​ឡើយ ។

លោក​កៅ វណ្ណី បាន​និយាយ​ថា ពេល​លោក​បាន​អានសារព័ត៌មាន​កោះ​សន្តិភាព​ដែល​ចុះ​ផ្សាយ​​អំពី​ដំណាំ​ម្រេច​នៅ​ខេត្ត​កំពត​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​អឺរ៉ុប​ទាំងមូលនិធិ​​និង​ទីផ្សារ​ក្រៅ​ប្រទេស​ ធ្វើ​ឱ្យ​រូបលោក​និង​ប្រជាកសិករ​មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ និង​សំណូមពរ​ដល់​សហគមន៍​អឺរ៉ុប​មេត្តា​ចុះ​ពិនិត្យ​ដំណាំ​ម្រេច​នៅ​សហគមន៍​ខេត្តកំពង់​ចាម​និង​ជួយ​រកទី​ផ្សារ​ផលិតផល​​ម្រេចដល់ពួក​​គាត់​ផង ។ លោក​អះអាង​ថា របៀប​ដាំ​ម្រេច​និង​ការ​ប្រើ​ប្រាស់​ជី​លើ​ដំណាំ​ម្រេច​រួមទាំង​ការ​ថែទាំ​ផងគឺដូចគ្នា​នឹង​ការដាំ​ម្រេច​របស់​ប្រជា​កសិករនៅខេត្ត​កំពត​ដែល​សហគមន៍​អឺរ៉ុប​ជួយ​នោះដែរ ។ ឯគុណភាព​វិញ​គឺ​កំរិត​ខ្ពស់​ចំណាត់​ថ្នាក់​ស្តង់​ដា​អន្តរជាតិ​ដូចគ្នា ។

លោក​បញ្ជាក់​ជាចុង​ក្រោយ​ថា​ ចំពោះ​ជី​ធម្មជាតិ​ដែល​ប្រើ​ប្រាស់​លើ​ដំណាំ​ម្រេច​នៅ​ខេត្ត​កំពង់​ចាម​ ជា​ប្រភេទ​ជីធម្មជាតិ​ឈ្មោះ​វែគ​(WEHG) ផលិត​នៅ​សហរដ្ឋ​​អាមេរិក​ដែល​គុណភាពដី​របស់​វា​គឺជួយ​កែលំអ​គុណភាព​និង​មិន​ប៉ះពាល់​ដល់​សុខភាព​សត្វ​និង​មនុស្ស​ឡើយ ។​ យ៉ាង​ណាក៏ដោយ​ ប្រជា​កសិករ​ដាំម្រេច​នៅ​ខេត្ត​កំពង់​ចាម ​បាន​ទទូច​សុំ​ឱ្យ​សហគមន៍​អឺរ៉ុប​មេត្តា​ជួយ​ស្វែង​រក​ទីផ្សារ​ក្រៅ​ប្រទេស​សំរាប់ផលិត​ផល​​ម្រេច​របស់​ពួកគាត់​ផង ព្រោះក្រៅពី​បរិ​មាណ​ម្រេច​ដែល​មាន​ចំនួន​ច្រើន​​លំបាក​រកទី​ផ្សារ​​ក្នុង​ស្រុក​ តម្លៃ​​ម្រេច​ក្នុង​ស្រុក​​ក៏​មាន​តម្លៃ​ទាបពេក ​ដែល​អាច​នាំឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាកសិករ ។ ប្រជាកសិករ​មាន​សង្ឃឹម​ថា មន្ត្រី​នៃសហគមន៍​អឺរ៉ុប​ប្រចាំ​ប្រទេសកម្ពុជា​នឹង​ចាប់​អារម្មណ៍​ចំពោះ​សំណូមពរ​របស់​ប្រជា​​កសិករ​ដាំ​ម្រេចនៅ​ខេត្ត​កំពង់​ចាម​ជា​មិនខាន ៕