រាជធានីភ្នំពេញ ៖ សមិទ្ធផលនានារួមមានខ្លោងទ្វារធំចំនួន៤ទិសចេញ-ចូលវត្តកោះ និងរបងជុំវិញវត្តកោះចំនួន១២៦ចន្លោះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីស្ថាបនារួច ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ មីនា ២០១១ ក្រោមអធិបតីភាពលោកកែប ជុតិមា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងជាអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជុំ សាមីន ជាភរិយា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ដែលជួយចូលរួមស្ថាបនាកសាងខ្លោងទ្វារ និងរបង ។ ជាមួយនេះក៏មានការចូលរួមពីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ ។
លោកតាអាចារ្យបានមានប្រសាសន៍នៅក្នុងពិធីនោះថា វត្តកោះមានវ័យចំណាស់ប្រហាក់ប្រហែលនឹងការកកើតរាជធានីភ្នំពេញ ក្នុងសតវត្សទី១៥ សម័យព្រះបាទសុរិយោពណ៌ ពញ្ញាយ៉ាតជាព្រះចៅក្រុងកម្ពុជា ។ វត្តដែលមានវ័យចំណាស់ជាងគេក្នុងរាជធានីភ្នំពេញ មានចំនួន៤គឺ វត្តកោះ វត្តសំពៅមាស វត្តលង្ការ និងវត្តព្រះពុទ្ធមានបុណ្យ ។ វត្តកោះត្រូវបានកសាងនិងកែលំអជាបន្តបន្ទាប់ក្រោយឆ្នាំ១៩៧៩ បន្ទាប់ពីរបបប៉ុល ពត បានបំផ្លាញសំណង់ក្នុងវត្តមួយចំនួន ហើយក្នុងឆ្នាំ១៩៩៥ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រួចមកហើយ ប៉ុន្តែដោយសាររបង និងខ្លោងទ្វារមានសភាពចាស់ទ្រុឌទ្រោម ទើបព្រះគ្រូចៅអធិការ និងគណៈកម្មការវត្តបានបំផុសចលនាសប្បុរសជន ជាពិសេសលោកកែប ជុតិមា បានជួយចូលរួមកសាង និងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលនេះ ។
នៅក្នុងឱកាសនោះ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជននានាដែលបានចូលរួមកសាងរបង និងខ្លោងទ្វារវត្តកោះនេះ ដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ យើងឱ្យកាន់តែមានភាពរីកចម្រើនសម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទខ្មែរ យើងគ្រប់រូបតទៅអនាគត ៕






ចែករំលែកព័តមាននេះ