រាជធានីភ្នំពេញ ៖ ការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងក្តៅគគុកមួយរបស់សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនាយកដ្ឋានសន្តិសុខក្រសួងមហាផ្ទៃ និងតុលាការត្រូវបានធ្វើឡើងជុំវិញអចលនទ្រព្យរបស់មេខ្លោងផលិតគ្រឿងញៀនឈ្មោះហុង អេនឌី ទោះបីជាលំនៅឋាន២កន្លែងត្រូវបានទទួលការឆែកឆេរហើយក្តី ក៏នៅរសៀលថ្ងៃទី៦ និងព្រឹកថ្ងៃទី៧ មីនា លំនៅឋាន២កន្លែងទៀតត្រូវបានធ្វើការឆែកឆេរ ។
លំនៅឋានទី៣ ដែលត្រូវបានឆែកឆេរនៅរសៀលថ្ងៃទី៦ មីនា ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានឆែកឆេរលំនៅឋានតាមដីកាឆែកឆេររបស់សាលាដំបូងរាជធានី បានរកឃើញមានទូដែកមួយ និងរថយន្តម៉ាក LEXUS ៤៧០ ថ្មីមួយគ្រឿងទៀត។ ក្រៅពីនេះពុំឃើញមានអ្វីគួរឱ្យកត់សំគាល់ឡើយ សូម្បីតែមនុស្សក្នុងលំនៅឋានក៏ពុំមានដែរ ។ ចំពោះលំនៅឋាន និងសម្ភារដែលសមត្ថកិច្ចបានចុះអនុវត្តការឆែកឆេរត្រូវបានតុលាការចេញដីការឹបអូស និងបិទទ្វារផ្ទះទាំងស្រុងតែម្តង ។ដោយឡែកទូដែកតុលាការបានសម្រេចឱ្យគាស់ត្រួតពិនិត្យនៅព្រឹកថ្ងៃទី៧ មីនា។
សូមរំលឹកថា ឈ្មោះហុង អេនឌី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១ មីនា នៅក្នុងដីឡូត៍គ្មានលេខ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ហើយបច្ចុប្បន្នត្រូវបានតុលាការចេញដីការឃុំខ្លួននៅពន្ធនាគារព្រៃសកាលពីល្ងាចថ្ងៃទី៥ មីនា ។ នៅព្រឹកថ្ងៃទី៧ មីនា ទូដែកដែលសមត្ថកិច្ចដកហូតបាននៅក្នុងផ្ទះហុង អេនឌី នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន នោះ គណៈកម្មការចំរុះរួមមួយបានគាស់ពិនិត្យមើលនៅអង្គភាពនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ តែពុំមានអ្វីឡើយ សូម្បីតែលុយមួយសេនក៏គ្មានដែរ។ ចំពោះបញ្ហានេះប្រភពព័ត៌មានមួយបង្ហើបថា ក្រុមគ្រួសារហុង អេនឌី ដឹងរឿងមុន បានប្រមូលលុយ និងមាសប្រាក់ចេញអស់ពីក្នុងទូដែក ។
នៅព្រឹកថ្ងៃទី៧ មីនា ដោយមានការដឹកនាំពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកគួច ចំរើន អភិបាលខណ្ឌមានជ័យ លោកហ៊ី ណារិន អធិការនគរបាលខណ្ឌ លោកជឹម ស៊ីថា អធិការរងនគរបាលខណ្ឌ លោកម៉ែន ហេងទិត្យ អធិការរងនគរបាលខណ្ឌ និងលោកតេង ស៊ីណូ អធិការរងដែរនោះ បានចុះឆែកឆេរលំនៅឋានរបស់ឈ្មោះហុង អេនឌី មួយកន្លែងថ្មីទៀតស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ គឺជាផ្ទះទី៥ ។
ប្រតិបត្តិការនោះ ក៏មានការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ជា ឡាយ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខនិងមន្ត្រីជំនាញជាច្រើនរូបទៀត ។ ដោយឡែកផ្នែកមន្ត្រីតុលាការវិញ ក៏មានវត្តមានលោកជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំអនុវត្តនីតិវិធីច្បាប់ផងដែរ ។ នៅក្នុងរង្វង់អនុវត្តកិច្ចប្រតិបត្តិការឆែកឆេរលំនៅឋាននៅភូមិព្រែកថ្មីខាងលើនេះ សមត្ថកិច្ចបានរកឃើញឧបករណ៍ផលិតថ្នាំញៀនត្រូវបានបំពាក់នៅក្នុងរថយន្តក្លាស្សេមួយគ្រឿងដូចរថយន្តក្លាស្សេទឹកអនាម័យ ដើម្បីចល័តចុះឡើងផលិតពីទីតាំងមួយទៅទីតាំងមួយផ្សេងដែលងាយស្រួលក្នុងការបំភ័ន្តភ្នែកសមត្ថកិច្ច គឺជារថយន្តផលិតថ្នាំញៀនចល័ត។ លើសពីនេះទៅទៀត សមត្ថកិច្ចបានឆែកឆេររកឃើញថ្នាំញៀនដែលផលិតហើយប្រភេទថ្នាំម្សៅកន្លះបាវដែលត្រៀមដឹកយកទៅចែកចាយនៅតាមតំបន់ផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រតិបត្តិការដដែលខាងលើនេះ សមត្ថកិច្ចរកពុំឃើញមានមនុស្សណាម្នាក់នៅក្នុងលំនៅឋាននោះទេ ។ ដោយសារតែបញ្ហានេះក្រុមសមត្ថកិច្ចបានបង្ខំចិត្តយកកន្ត្រៃកាត់ដែកកាត់ផ្តាច់សោទីតាំងខាងលើដោយកម្លាំងបាយ។ ក្នុងនោះដែរសូម្បីតែរថយន្តឃ្លុបដែលបំពាក់ឧបករណ៍ផលិតថ្នាំញៀនក៏ត្រូវសមត្ថកិច្ចកាត់សោទ្វារដែក ទើបដឹងថា មានឧបករណ៍ផលិតថ្នាំញៀន និងសារធាតុញៀនផ្សេងៗទៀតនៅក្នុងរថយន្តនោះ ។ សូមបញ្ជាក់ថា ទីតាំងផលិតថ្នាំញៀននៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ដែលទើបត្រូវបានផ្ទេរចូលមកក្នុងការគ្រប់គ្រងរដ្ឋបាលរបស់សាលារាជធានីភ្នំពេញនោះ គឺជាទីតាំងទី៤ ហើយដែលសមត្ថកិច្ចចុះអនុវត្តរឹបអូសយកមកតម្កល់ទុក។
ចំពោះទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចអនុវត្តកន្លងមក ទី១ គឺដីឡូត៍នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ទី២ ផ្ទះល្វែងនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ទី៣ ផ្ទះល្វែងនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន និងទី៤ គឺដីឡូត៍ធំនៅភូមិព្រែកថ្មីខាងលើតែម្តង ។ ចំពោះទីតាំងទាំង៤កន្លែងនោះ សុទ្ធតែបំពាក់កាមេរ៉ាចាប់រូបភាពគ្រប់ជ្រុងទាំងអស់។ ទីតាំងទាំងនោះសម្រាប់មនុស្សធម្មតាល្មមៗ ពុំមានលទ្ធភាពទិញយកមកធ្វើជាកម្មសិទ្ធិឡើយ ៕




ចែករំលែកព័តមាននេះ