ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ប់​ភី​ស៊ី​ត​ភូត​កុហក តើ​ផ្ទៃដី​ត្រួតស៊ីគ្នា​ដែល​សៀម​និយាយ​នោះ​នៅ​ត្រង់​ណា​ផ្អែក​លើ​ផែនទី​អ្វី?

13 ឆ្នាំ មុន

តាម​រយៈ​ការ​ផ្សាយ​របស់​កាសែត “ឌឹ​ណេស្សិន” ​របស់​ថៃ នា​ថ្ងៃ​ទី​១១ ខែសីហា លោក អាប់​ភី​ស៊ី​ត បាន​លើក​ឡើង​ថា ប្រទេស​ថៃចង់ឱ្យ​ប្រជាជន​កម្ពុជា​រើ​ចេញពី​តំបន់​ត្រួតស៊ីគ្នា ជា​តំបន់​ដែល​បាន​ទាមទារ​ដោយ​ប្រទេស​ទាំងពីរ​នៅ​ក្បែរ​ប្រាសាទព្រះវិហារ​លើ​ ព្រំដែន ដែលវត្ដមាន​របស់​ប្រជាជន​កម្ពុជា គឺ​ផ្ទុយ​ទៅ​នឹងអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០​ ។ អាប់​ភី​ស៊ី​ត​បាន​លើក​ឡើង​ថា បញ្ហា​បាន​កើតឡើង​ដោយសារ​កម្ពុជា​បាន​រំលោ.ភ​ចូល​ទៅ​ក្នុង ទឹកដី​ថៃ

តាម​រយៈ​ការ​ផ្សាយ​របស់​កាសែត “ឌឹ​ណេស្សិន” ​របស់​ថៃ នា​ថ្ងៃ​ទី​១១ ខែសីហា លោក អាប់​ភី​ស៊ី​ត បាន​លើក​ឡើង​ថា ប្រទេស​ថៃចង់ឱ្យ​ប្រជាជន​កម្ពុជា​រើ​ចេញពី​តំបន់​ត្រួតស៊ីគ្នា ជា​តំបន់​ដែល​បាន​ទាមទារ​ដោយ​ប្រទេស​ទាំងពីរ​នៅ​ក្បែរ​ប្រាសាទព្រះវិហារ​លើ​ព្រំដែន ដែលវត្ដមាន​របស់​ប្រជាជន​កម្ពុជា គឺ​ផ្ទុយ​ទៅ​នឹងអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០​ ។ អាប់​ភី​ស៊ី​ត​បាន​លើក​ឡើង​ថា បញ្ហា​បាន​កើតឡើង​ដោយសារ​កម្ពុជា​បាន​រំលោភ​ចូល​ទៅ​ក្នុង ទឹកដី​ថៃ ដោយ​កម្ពុជា​បាន​កសាង​ផ្លូវ​ទៅ​កាន់វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ និង​សហគមន៍​ក្នុង​តំបន់ ដែល​ថៃ​ទាមទារ ហើយ​តាម​រយៈ​អ្នកនាំពាក្យស្ដីទី​របស់​រដ្ឋបាល​អាប់​ភី​ស៊ី​ត​ថ្លែង​ថា អាប់​ភី​ស៊ី​ត នឹង​លើក​បញ្ហា​ជម្លោះ​លើ​ប្រាសាទព្រះវិហារ នៅ​ពេល​អាប់​ភី​ស៊ី​តទៅ​ចូលរួម​មហាសន្និបាត សហប្រជាជាតិ​នៅ​ខែ​ក្រោយ​នេះ ​។

ការ​និយាយ​ក្រឡិចក្រឡុច គ្មាន​គោល​ជំហរច្បាស់លាស់ និង​ការ​លើក​ឡើងជា​បន្ដបន្ទាប់ ដោយ​គ្មាន​មូលដ្ឋាន​លើ​ច្បាប់​អន្ដរជាតិ របស់រដ្ឋបាល​អាប់​ភី​ស៊ី​ត គឺជា​យុទ្ធនាការ​បន្ដ​ការ​ ភូតកុហក និង​បំភាន់​សាធារណ​មតិ​ជាតិ​ថៃ និង អន្ដរជាតិ ដើម្បី​គ្រាន់តែ​ទទួល​បាន​នូវ​សមានចិត្ដ ​គាំទ្រ​ពី​ក្រុម​អាវ​លឿង​អតីត​សម្ព័ន្ធមិត្ដ​របស់ អាប់​ភី​ស៊ី​ត ដើម្បី​បន្ដជីវិត​អំណាច​នយោបាយរបស់​ខ្លួន និង​គូកន និង​ដើម្បី​សម្លេង​ឆ្នោត ទៅ​ថ្ងៃ​មុខ និង​ពិសេស ដើម្បី​បង្វែរ​ការ​យកចិត្ដ ទុកដាក់​ពី​វិបត្ដិ​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​ដែល មិន​អាច​ដោះស្រាយ​បាន​នៅឡើយ ​។

តើ​ផ្ទៃដី​ត្រួតស៊ីគ្នា​ដែល ​អាប់​ភី​ស៊ី​ត និង​គូកន​បាន​លើក​ឡើង​នៅ​ត្រង់​ណា ហើយ​ផ្អែក​លើ​ផែនទី​អ្វី?

តាម​ពិត ភាព​តានតឹង​ខាង​យោធា​នៅ​តាម បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ បាន​កើតចេញពី​ការ​លួច​គូស​ផែនទី​ជា​សម្ងាត់​ឯកតោភាគីរបស់​ថៃ ក្រោយ​ពី​ថៃ​បាន​ចាញ់ក្ដី​នៅ​ ឡា​អេ ជាផែនទី​អាថ៌​កំបាំង​ ដែល​អន្ដរជាតិ​មិន​បាន​ទទួលស្គាល់ ​។ ការ​លួច​គូស​ផែនទី​ សម្ងាត់ ​ដោយ​ឯកតោ​ភាគី​ថៃ គឺជា​បទឧក្រិដ្ឋ​កម្ម​អន្ដរជាតិ ដែលប្រព្រឹត្ដ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ទូទៅ​នៅ​ក្នុងទំនាក់ទំនង​អន្ដរជាតិ ក៏​ដូច​ជា​រំលោភ​ទៅ​ នឹងធម្មនុញ្ញ​សហប្រជាជាតិ​ សម័យ​ទំនើប ​។ នៅ​ក្នុងសម័យ​ទំនើប​នេះ គ្មាន​ប្រទេស​ណាមួយ​អាច លួច​គូស​ផែនទី​សម្ងាត់​ឯកតោភាគី​បាន​ឡើយ​ ។ លើកលែងតែ​សម័យកាល​របស់​ពួក ​ហ៊ី​ទ្លែ​រ និងមូ​សូលី​នី ​ប៉ុណ្ណោះ ដែល​លួច​គូស​ផែនទី​សម្ងាត់ ដោយ​ឯកតោភាគី រំលោភ​យក​ទឹកដី​នៃ​ប្រទេសផ្សេង​ៗ​ក្នុង​ពិភពលោក ​។ ការ​តានតឹង​ខាងយោធា​នេះ បាន​កើតឡើង​ពី​ការ​រំលោភ​ជាក់ស្ដែង ដោយ​កំលាំង​ទ័ព​ថៃ​ចូល​កាន់កាប់​ក្នុងតំបន់​ក្បែ​ប្រាសាទព្រះវិហារ ​ក្នុង​ថ្ងៃ​ទី​១៥ ខែ កក្កដា ឆ្នាំ​២០០៨​ ។ ដូច្នេះ ការ​ឈ្លានពាន របស់​កងទ័ព​ថៃ​ ពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ គឺជា​ប្រភព​នៃ​បញ្ហា​តានតឹង​ខាង​យោធា មិនមែន​កើត​ចេញពី​ការ​កសាង​ផ្លូវ​ទៅ​កាន់​វត្ដ​កែវសិក្ខា​គិរី​ស្វា​រៈ​របស់​កម្ពុជា និង​សហគមន៍​នៅ​ក្នុងតំបន់​នោះ​ឡើយ​ ។ ផ្លូវ​និង​សហគមន៍​ក្នុង​តំបន់​នោះ​ត្រូវ​បាន​កសាង​​ឡើង​នៅ​ក្នុង​ទឹកដី​កម្ពុជា​ប៉ុណ្ណោះ​ ។

តើ​អាប់​ភី​ស៊ី​ត និង​គូកន​ផ្អែក​លើ​ផែនទី​អ្វី ដើម្បី​ប្រឌិត​តំបន់​ត្រួតស៊ីគ្នា?

បើសិន​ថៃ​ពិតជា​ប្រទេស​មួយ​មាន​ភាព​ស៊ី​វិ​ល័យ​ពិតប្រាកដមែន​នោះ អាប់​ភី​ស៊ី​ត និង​គូកន​ត្រូវ​អនុវត្ដ និង​គោរព​តាម​កាតព្វកិច្ច ដែល​ផ្ដល់​ជូន​ដោយ​សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ​ឆ្នាំ​១៩៦២​ ។ ត្រង់​ចំណុច​នេះ អាប់​ភី​ស៊ី​ត និង​គូកន មិន​ត្រូវ​ធ្វើការ​បកស្រាយ​ខុស ដើម្បី​បំភាន់​សាធារណ​មតិ​ជាតិថៃ និង​អន្ដរជាតិ​ ថាសាលដីកា​ឆ្នាំ​១៩៦២ សម្រេច​ដាក់​តែ​តួ​ប្រាសាទ​មក​ក្នុង​ទឹកដី​កម្ពុជា​ឡើយ​ ។ ផ្ទុយ​ទៅ​វិញ​សាលដីកា​ឆ្នាំ​១៩៦២ បាន​បញ្ជាក់​ច្បាស់​ដោយ​សម្លេង​៩​ទល់​នឹង​៣ ដាក់​ប្រាសាទព្រះវិហារ ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា ហើយ​បង្គាប់​ឱ្យ​ថៃ​ដក​ចេញ​នូវ​កងកំលាំងប្រដាប់អាវុធ កង​នគរបាល និង​ឆ្មាំ​ទាំងអស់ ​ដែល​ថៃ​បាន​ដាក់​តាំង​ក្នុង​ឆ្នាំ​១៩៥៤ ចេញពី​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ​។ ដូច្នេះ​ អាប់​ភី​ស៊ី​ត និង​គូកន​មិន​ត្រូវ​បន្ដ​និយាយ​ភូត​កុហក និង​បំភាន់​សាធារណ​មតិ​ជាតិ​និង​អន្ដរជាតិ ​លើ​ចំណុច​នេះ​បាន​ឡើយ​ ។ យោង​តាម​សេចក្ដីសម្រេច​របស់​ ឡា​អេ គឺ​មាន​ន័យ​យ៉ាង​ច្បាស់​ថា តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា ដោយ​សំអាង​លើ​ខ្សែ​ព្រំដែន​អន្ដរជាតិ​ក្នុង​តំបន់​នោះ គឺ​គ្មាន​តំបន់​ត្រួតស៊ីគ្នា ឬ​តំបន់​មាន​ជម្លោះ ដូចដែល​ថៃ​ទើបតែ​អះអាង​ក្នុង​ពេល​នេះ​ឡើយ​ ។

វា​ប្រាកដ​ណាស់ កម្ពុជា​និង​ថៃ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ ២០០០ ដែល​ធ្វើ​ឡើង​ដើម្បី​ការងារ​វាស់វែង និង​ខណ្ឌ​ព្រំសីមា​ព្រំដែន​គោករវាង​ប្រទេស ទាំង​ពីរ​ដោយ​ផ្អែក​លើ​អនុសញ្ញា​ ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា ឆ្នាំ​១៩០៧ និង​ផែនទី​ដែល​ជា​លទ្ធផល ​នៃ​ការ​ខណ្ឌ​ព្រំសីមា​របស់​គណៈកម្មការ កំណត់ព្រំដែន ឥណ្ឌូចិន និង​សៀម​ ។ កន្លងមកនេះ យន្ដការ​ទ្វេភាគី​បាន​ប្រជុំ​គ្នា​ចំនួន​៣លើក ក៏​ប៉ុន្ដែ​យន្ដការ​ទ្វេភាគី​បាន​និង​កំពុង​ក្លាយ ជា​ចំណាប់ខ្មាំង​របស់​ អាប់​ភី​ស៊ី​ត និង​គូកន​ ដើម្បីធ្វើ​ជា​ល្បែង​នយោបាយ​ដើម្បី​អំណាច​ដែលមិន​បាន​បង្ហាញ​នូវ​សុច្ឆន្ទៈ​ពិតប្រាកដ​ដើម្បី ដោះស្រាយ​អ្វី​ឡើយ​ ។   

ក្នុង​ករណី​យន្ដការ​ទ្វេភាគី​មិន​អាច​ដំណើ​ការបាន ហើយ​នៅ​តែ​ជា​ចំណាប់ខ្មាំង​របស់​ អាប់ភី​ស៊ី​ត និង​គូកន គ្មាន​ទី​បញ្ចប់​នោះ គឺ​កម្ពុជាអាច​ស្នើ​សុំ​ឱ្យ​មាន​សន្និសីទ​អន្ដរជាតិ​មួយ ដូចដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថ្មី​ៗ​នេះ ដើម្បី​ជជែក និង​ដោះស្រាយ​ជម្លោះព្រំដែន​រវាង​កម្ពុជា និងថៃ ដោយ​មានការ​ចូល​រូ​ម​ពី​បណ្ដា​ប្រទេស​ដែល ជា​សមាជិក​អាស៊ាន និង​ហត្ថលេខី​១៨​ប្រទេស នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស ឆ្នាំ១៩៩១ ​។ ដំណើ​ការ​ទី​២ កម្ពុជា​អាច​ស្នើ​សុំ​ក្រុម ប្រឹក្សា​សន្ដិសុខ​អនុវត្ដ​តាម​មាត្រា​៩៤ នៃ​ធម្មនុ​ញ្ញ​សហប្រជាជាតិ ហើយ​យោង​តាម​មាត្រា៩៤ នៃ​ធម្មនុញ្ញ​សហប្រជាជាតិ​នេះ យើងសង្ឃឹមថា ក្រុមប្រឹក្សាសន្ដិសុខ​នៃ​អង្គការ សហប្រជាជាតិ ត្រូវ​ផ្ដល់​អនុសាសន៍ ឬ​ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឱ្យ​ថៃ​ត្រូវតែ​គោរព និង​អនុវត្ដ​តាម​សាលដីកា​នៃ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ឡា​អេ​ យ៉ាង​ពេល​លេញ មិន​ត្រូវ​ឱ្យ​ថៃ តួយ៉ាង​អាប់​ភី​ស៊ី​ត និង​គូកន​បន្ដ​រំលោភ​គោលការណ៍​នៃ​ច្បាប់​អន្ដរជាតិ ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​សហប្រជាជាតិ និង​ធ្វើការ​បកស្រាយ​ខុស​នូវ​សេចក្ដីសម្រេច​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ ដើម្បី​បំភាន់​សាធារណ​មតិ​ជាតិ​ថៃ និង​អន្ដរជាតិ​ឱ្យ​យល់​ខុស​ពី​ការ​ពិត​នៃ​សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​បាន​ឡើយ​ ។ ដូច្នេះ​ភាព​តានតឹង​ខាង​យោធា​នៅ​តាម​បណ្ដោយ​ព្រំដែន បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ង្កើ​ត​ឡើង​ដោយ​អំពើ​រំលោភ​ឈ្លានពាន​របស់​កង​ទ័​ថៃ​ចូល​ក្នុង​ទឹកដី​កម្ពុជា ជាក់ស្ដែង​ពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ ដោយ​ប្រើប្រាស់​ផែនទី​សម្ងាត់​ឯកតោភាគី ដែល​អន្ដរជាតិ​មិន​បា​ទទួលស្គាល់​ ។

ក្នុង​ប្រវត្ដិសាស្ដ្រ​ទាក់ទង​ទៅ​នឹង​បញ្ហា ព្រំ​ដែល​កម្ពុជា​-​ថៃ គឺ​គ្មាន​ផែនទី​ណាមួយ​ក្រៅពី ផែនទី​ឆ្នាំ​១៩០៨​ប៉ុណ្ណោះ ដែល​ជាម​រត​កកើត ចេញពី​កិច្ចព្រមព្រៀង​អន្ដរជាតិ​ស្ដី​ពី​ដំណោះ ស្រាយ​ព្រំដែន​រវាង​ព្រះមហាក្សត្រ​សៀម ជូ​ឡា ​ឡុ​ង​កន និង​សាធារណរដ្ឋ​បារាំង ដែលបារាំង​ពេល​នោះ​ជា​អាណាព្យាបាល​របស់​កម្ពុជា ពី​ឆ្នាំ​១៨៦៣ ដល់​១៩៥៣ ​។  ដំណោះស្រាយ ព្រំដែន​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ​បាន​ផ្ដល់​ឱ្យកម្ពុជា និង​ថៃ​នូវ​ខ្សែ​ព្រំដែន​អន្ដរជាតិ​ច្បាស់ លាស់ ពិតប្រាកដ និង​ស្ថាពរ ដូចដែល​បានបន្សល់​ទុកជា​ភ័ស្ដុតាង​គឺ​ផែនទី​ឆ្នាំ​១៩០៨ ដែលភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​ទទួលយក​ក្នុងឆ្នាំ​១៩០៨ ​ជា​រៀង​រហូត​មក​ដល់​បច្ចុប្បន្ន​ដែល មាន​អាយុ​ជាង​១០០​ឆ្នាំ​ហើយ​ ។
បញ្ហា​ជម្លោះ​លើ​អធិបតេយ្យ​ដែនដី​រវាងកម្ពុជា និង​ថៃ​ក្នុង​តំបន់​ព្រះ​វិហារ ត្រូវ​បាន​ដោះ ស្រាយ​ក្នុង​ឆ្នាំ​១៩៦២ ដែល​តុលាការ​យុត្ដិធម៌ អន្ដរជាតិ​បាន​ប្រើប្រាស់​ផែនទី​សន្លឹក​ដងរែក ឆ្នាំ​១៩០៨ ដែល​ជា​ផែនទី​ឧ​ប​សម្ព័ន្ធ​១ ក្នុងសារ​ណា​របស់​កម្ពុជា​ជូន​ទៅ​តុលាការ​ ឡា​អេ​ ។ ក្រោយ​ពី​ការ​សម្រេច​ក្ដី​ឆ្នាំ​១៩៦២ ថៃ​បាន​ដកកងកំលាំងប្រដាប់អាវុធ កង​នគរបាល និង​ឆ្មាំទាំងអស់​របស់​ខ្លួន​ចេញពី​តំបន់​ជុំវិញ​បា​សាទព្រះ​វិហារ ​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា វេលា​ថ្ងៃត្រង់ ក៏​ប៉ុន្ដែ​៤៦​ឆ្នាំ​ក្រោយមក គឺ​ក្នុង​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ វេលា​ម៉ោង​១២​ថ្ងៃត្រង់​ដដែល កងទ័ព​ថៃ​ដដែលបាន​រំលោភ​ទៅ​នឹង​សេចក្ដីសម្រេច​របស់​ ឡា​អេ និង​ធម្មនុញ្ញ​សហប្រជាជាតិ បាន​ឈ្លានពាន​ចូល​កាន់កាប់​តំបន់ ក្បែរ​ប្រាសាទព្រះវិហារ​ខ្មែរ​ដែល​អាប់​ភី​ស៊ី​ត និង​គូកន​បាន​អះអាង​ដោយ​ខុសច្បាប់​ថា ជា​ទឹកដី​របស់​ខ្លួន ​។

  • ពន្យារពេល​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​កម្ពុជា​-​ថៃ JBC

 កិច្ច​ប្រជុំ​គណៈ​កម្មការ​ព្រំដែន​ (JBC) លើក​ទី​៧​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ សីហា​ ខាង​មុខ​ ត្រូវ​បាន​ពន្យារ​ពេល​ដោយ​គ្មាន​​កំណត់ ​​ខណៈ​ក្រសួង​ការ​ពារ​ជាតិ​របស់​ថៃបាន​ឱ្យ​ដឹង​ថា​ ស្ថាន​ការណ៍​តាម​ព្រំដែន​មាន​ភាព​ប្រក្រតី​ប៉ុន្តែ​មាន​ភាព​តាន​តឹង​លើ​ច្រក​ចេញ​-ចូល​។

កាសែត​ថៃចេញ​​ថ្ងៃ​ទី​១១​ សីហា បាន​ផ្សាយ​ថា​ លោក​ឆា​ណា​ធីប​ សា​វ៉ាងសែង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ថៃ បាន​បង្ហើប​ឱ្យ​ដឹង​ពី​ការ​ពន្យារ​ពេល​កិច្ច​ប្រជុំ​ JBC រវាង​កម្ពុជា​-ថៃ​លើក​ទី​៧​ថា​ ​គំរោង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី​២៧​-២៨ សីហា​ខាងមុខ​ ដែល​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​គ្មាន​កំណត់​ ​។ គួរ​បញ្ជាក់​ថា​ ស្ថាន​ការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ​ទាំង​ផ្នែក​យោធា​ និង​ពាណិជ្ជ​កម្ម​នៅ​មាន​ភាព​ប្រក្រតី ​ប៉ុន្តែ​ស្ថានភាព​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​រវាង​ប្រទេស​ទាំង២​មាន​ការ​រឹត​បន្តឹង​ ដើម្បី​កុំ​ឱ្យ​កើត​មាន​បញ្ហា​បនែ្ថម ។ លោក​វីវ៉ា​លីត ចា​រ៉ា​សំរិទ្ធ មេ​ទ័ព​ភូមិ​ភាគ​២​របស់​ថៃ​បាន​ថ្លែង​ថា ការ​ប្រើ​ប្រាស់​កំលាំង​ទ័ព​នឹង​មិន​កើត​ឡើង​ជាដាច់​ខាត ។

ទាក់​ទិន​នឹង​ការ​ពន្យា​រពេល​នៃ​កិច្ច​ប្រជុំ​ JBC ​ខាង​មុខ​នេះ​ ​លោក​ឧត្តម​សេនីយ៍​ ឈុំ សុ​ជាតិ អ្នក​​នាំពាក្យ​ក្រសួង​កា​រ​ពារ​ប្រទេសកម្ពុជា​ ​មាន​ប្រសាសន៍​ថា ​ភាគី​សៀម​បាន​សុំ​ពន្យា​រពេល​កិច្ច​ប្រជុំ​នេះ ខណៈ​ដែល​កម្ពុជា​បាន​ត្រៀម​ឯក​សារ​សំរាប់​ការ​ប្រជុំ​នោះ​រួច​ហើយ ។ លោក​ប្រាវីត រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​បាន​ទូរ​ស័ព្ទ​មក​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ទៀ បាញ់ សុំ​ពន្យា​រពេល​នេះ ទោះ​បី​​ខាង​ខាង​ថៃ​មិន​ផ្តល់​មូល​ហេតុ​ តែ​យើង​អាច​ដឹង​បាន​ថា ដោយ​សារ​តែ​ខាង​ថៃ​មាន​បញ្ហា​ផៃ្ទ​ក្នុង​របស់​ខ្លួន ៕

 ឡុ​ង សា​គុណ