ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​​វាយកំទេច​ផ្ទះ​ថ្ម​​ជាន់ទី២ដែលសាង​សង់​គ្មាន​ច្បាប់​តាម​បណ្តឹង​អ្នក​ជាន់ក្រោម

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ផ្ទះ​ល្វែង​ជាន់ទី២​​ដែល​បាន​សាង​សង់​​រួច​រាល់​ហើយ​នោះ ត្រូវ​បាន​​អាជ្ញា​ធរ​ខណ្ឌទួលគោក​ប្រើ​កម្លាំង​ចុះ​ទៅ​វាយ​​កំទេច​ចោល​កាលពី​វេលាព្រឹក​ថ្ងៃទី២៤ មីនា ដោយ​អះ​អាង​ថា លំ​នៅ​ឋាន​​នោះ​សាង​សង់​​គ្មាន​ច្បាប់​អនុ​ញ្ញាត​ ហើយ​ការ​សាង​សង់​​ទៀត​​សោធ ​នៅ​លើ​អគារ​​សំណង់​ចាស់​ទ្រុឌទ្រោម​ និង​មាន​​ពាក្យ​បណ្តឹង​របស់ប្រជាពលរដ្ឋ​​ដែលរស់នៅ​ជាន់​ក្រោម ។

​សំណង់​អត់ច្បាប់​ដែលមានការប្តឹង​ទំទាស់​នោះ​ត្រូវសមត្ថកិច្ចឱ្យ​ដឹង​ថា ស្ថិត​នៅ​ផ្ទះ​លេខ​៧៧៤Eo ​មហាវិថី​កម្ពុជា​ក្រោម​​ សង្កាត់​​ទឹកល្អក់ទី១​​ ខណ្ឌទួលគោក​ ដែលមាន​ម្ចាស់ឈ្មោះ​ឈ ហ៊ាង​ស៊ា ភេទប្រុស ។ ​លំនៅ​ឋាន​នោះជាន់ទី២ ​ស្ថិត​នៅលើ​ផ្ទះ​៣ល្វែង​ដែលជា​សំណង់ចាស់ ។

តាមលោក​ធឹម ​សំអាន​​ អភិបាល​រង​ខណ្ឌ​ទួល​គោក​​បានឱ្យ​ដឹង​ថា សំណង់​ខាងលើ​នេះ​ពុំ​មាន​ច្បាប់អនុញ្ញាតឡើយ ​សាងសង់​លើ​សំណង់​ចាស់ទ្រុឌ​ទ្រោម​​ ហើយ​ការ​សាងសង់​នោះ​មាន​ប្រជា​ពល​រដ្ឋ​រស់នៅ​ជាន់ក្រោម​ប្តឹង​ជំទាស់ ។ ​ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​សាង​សង់​ អាជ្ញា​ធរ​ខណ្ឌ​ក៏​ដូច​​ភូមិ​បាលខណ្ឌចុះ​ទៅ​​ហាម​ឃាត់​ និងណែ​នាំ​ឱ្យ​ម្ចាស់​ផ្ទះ​សុំ​ច្បាប់​ឱ្យ​បានត្រឹមត្រូវ​​ តែ​ម្ចាស់មិនស្តាប់តាម​ការ​ណែ​នាំ​​​នៅ​តែ​​បន្ត​សាង​សង់​រហូត​ដល់ចប់រួច​រាល់ ។

លោក​អភិបាល​រង​ខណ្ឌទួល​គោក​បាន​បន្ត​​ទៀត​ថា ការចុះ​វាយសំណង់​​អត់​ច្បាប់​​ចោលនេះ ធ្វើឡើង​ទៅតាម​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​លេខ​៤១៤​ចុះ​ថ្ងៃទី២២ តុលា ​ឆ្នាំ​២០១០ ​និង​លិខិត​​ជា​បន្ត​បន្ទាប់​ចំនួន២​ទៀត​​របស់​​សាលា​​រាជ​ធានីភ្នំពេញ ។ មុនពេល​ប្រើ​កម្លាំង​ អាជ្ញា​ធរ​ខណ្ឌទួលគោក​បានធ្វើលិខិត​ជូន​ដំណឹង​​ជា​បន្ត​បន្ទាប់ ដើម្បី​ឱ្យ​ម្ចាស់​រុះ​រើ​​ចេញ តែ​ម្ចាស់​មិន​ស្តាប់តាម​ការ​ណែ​នាំ​​ទើប​អាជ្ញា​ធរ​ប្រើ​វិធាន​ការ​រដ្ឋ​បាល​ចុះ​មក​វាយ​តែម្តង ។

នៅព្រឹក​នោះ​ដែរ នៅពេល​អាជ្ញា​ធរ​ចុះ​ទៅ​វាយ​​លំនៅឋាន​ លោកស្រី​ពោន ស៊ីណា អាយុ​៣៩​ឆ្នាំ ​ដែល​ជាប្អូន​ម្ចាស់ផ្ទះ មានប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញា​ធរ​ដោយ​​អះ​អាង​ថា ​ហេតុ​អ្វី​​បាន​ជា​អាជ្ញា​ធរ​​មិនចុះ​ទៅហាម​ឃាត់​ នៅ​ពេល​​​សាង​សង់​ ដល់​ពេលសាង​សង់​រួច​ហើយ បែរ​ជា​​ចុះ​មក​វាយបែបនេះ ។ តាមស្ត្រី​នោះ​បានឱ្យ​ដឹង​ថា សំណង់​នោះ​ត្រូវ​គាត់សាងស​ង់​​អស់​ជាង​២ម៉ឺន​ដុល្លារ​​រួច​រាល់​រស់នៅ​ប្រមាណ​១ឆ្នាំហើយ ។

តាមលិខិត​លេខ​៤១៤ ចុះថ្ងៃទី២២ តុលា ឆ្នាំ​២០១០​​ដោយ​លោកស្រី​ទូច សារ៉ុម អភិបាល​​រង​សាលា​រាជធានីភ្នំពេញ បានជម្រាប​ទៅ​អភិបាល​ខណ្ឌ​ទួលគោក​ និងលោក​ប្រធានមន្ទីរ​​រៀបចំ​ដែនដី​​នគរូបនីយកម្ម សំណង់ និងសុរិយោ​ដី ​រាជ​ធានីភ្នំពេញ បានឱ្យ​ដឹង​ថា ​សំណង់ថ្មី​បន្ថែម​ជាន់ទី២​របស់​ឈ្មោះ​ឈ ហ៊ាងស៊ា ​សាង​សង់​បន្តុប​ពីលើ​អគារ​ចាស់ទ្រុឌ​ទ្រោម​​ផ្ទះ​លេខ​៧៧៤Eo ផ្លូវលេខ​១២៨ (ផ្លូវកម្ពុជា​ក្រោម) ​សង្កាត់​ទឹក​ល្អក់​ទី១ ​ខណ្ឌទួលគោក​​ដោយពុំ​មាន​លិខិត​អនុញ្ញាត​ពី​សាលា​រាជធានីភ្នំពេញ​ និង​មាន​បណ្តឹង​ពីអ្នក​រស់នៅជាន់ក្រោមផង ទើបសាលា​រាជ​ធានីភ្នំពេញ​សូមណែ​នាំ​ឱ្យ​ម្ចាស់​ផ្ទះ​សង់​ថ្មី​ធ្វើការ​រុះ​រើ​ចេញ។ ​ក្នុងករណីម្ចាស់​សំណង់​មិន​អនវុត្ត​​តាមការ​ណែ​នាំទេ ​អាជ្ញាធរ​ខណ្ឌ​ត្រូវ​អនុ​វត្ត​វិធានការ​រដ្ឋ​បាល​ដោយរុះរើ​សំណង់​​នោះចេញ​ដើម្បី​សុវត្ថិ​ភាព​អ្នករស់នៅ​ជាន់​ក្រោម​ ៕