ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ពេទ្យ​​សត្វ​​បដិ​សេធ​ព័ត៌​មាន​សត្វ​ពាហ​នៈ​ងាប់​រាប់​រយ​ក្បាល​​នៅ​ស្រុក​កណ្តៀង

15 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ប្រភព​​ព័ត៌​មាន​​ពី​ប្រជា​ពល​រដ្ឋ​ឱ្យ​ដឹង​ថា រយៈ​ពេល​ជាង​មួយ​សប្តាហ៍​​​កន្លង​ទៅ​​នេះ​នៅ​ស្រុក​កណ្តៀង មាន​គោ​ក្របី​កើត​ជំងឺ​ និង​ងាប់​ជា​បន្ត​បន្ទាប់​ ដែល​ធ្វើ​ឱ្យ​​បង​ប្អូន​ប្រជា​កសិ​ករ​ខាត​បង់​ថវិកា​​ បាត់​បង់​កម្លាំង​អូស​ទាញ និង​មាន​ការ​ព្រួយ​បារម្ភ​​យ៉ាង​​ខ្លាំង ។ ប្រភព​ឱ្យ​ដឹង​ទៀត​ថា គោ​ក្របី​រាប់​រយ​ក្បាល​បាន​ងាប់​ស្អុយ​​ពេញ​ព្រៃ​​រនាម និង​រាប់​រយ​ក្បាល​ទៀត​កំពុង​ឆ្លង​ជំងឺ​រាត​ត្បាត​អុតក្តាម និង​សា​​ទឹក​ ពិសេស​​នៅ​ឃុំ​កញ្ជរ ឃុំ​ស្យា ឃុំ​ស្រែ​ស្តុក និង​ឃុំ​កោះ​ជុំ​ជា​ដើម ។

លោក​ខៀវ ​ណូន មេ​​ឃុំ​កញ្ជរ ឱ្យ​ដឹង​ថា ​ពិត​ជា​មាន​​គោ​ក្របី​ងាប់ និង​ឈឺ​​​​ប្រាកដ​មែន ប៉ុន្តែ​មិន​ច្រើន​រាប់​រយ​ក្បាល​ដូច​ពាក្យ​ចចាម​អារ៉ាម​នោះ​ទេ ។ រយៈ​ពេល​ជាង​មួយ​សប្តាហ៍​​នេះ​នៅ​ឃុំ​កញ្ជរ មាន​គោ​ក្របី​ប្រមាណ​ជាង​៤០​ក្បាល​ងាប់ និង​ជិត​២០០​ក្បាល​ទៀត​កំពុង​​ឈឺ​ភាគ​ច្រើន​​គឺ​ក្របី ។ នេះ​គ្រាន់​តែ​​ជា​ស្ថិតិ​ដែល​មេ​ភូមិ​​គ្រប់​ភូមិ​រាយ​ការណ៍​មក ឯការ​ឃើញ​ជាក់​ស្តែង​នោះ​មាន​តែ​៧​ក្បាល​ប៉ុណ្ណោះ ​នៅ​ភូមិ​កញ្ជរ ព្រែ​កត្របែក សំរោង និង​ភូមិ​រលាំង ។ ទន្ទឹម​នឹង​នេះ ​ក្នុង​នាម​អាជ្ញា​ធរ​ឃុំ​លោក​បាន​រាយ​ការណ៍​​ជូន​ទៅ​ស្រុក​​​និងជំនាញ​ពេទ្យ​សត្វ​​រួច​អស់​ហើយ ​ដើម្បី​មាន​វិធាន​ការ​ទប់​ស្កាត់​​ជាប​ន្ទាន់ ។

ទាក់​ទិន​​នឹង​​​បញ្ហា​នេះ ​លោក​ម៉ែន ហុង​ អនុ​ប្រធាន​​ការិយា​ល័យ​​ផលិត​កម្ម និង​បសុ​ព្យា​បាល​ខេត្ត​ បាន​បំភ្លឺ​​ជូន​ថា ការិយា​ល័យ​របស់​លោក​​មាន​ភ្នាក់​ងារ​សុខ​ភាព​សត្វ​ភូមិ​គ្រប់​ភូមិ​ទូទាំង​ខេត្ត ដើម្បី​ផ្តល់​សេវា​​វ៉ាក់​សាំង​ព្យា​បាល​​ជំងឺ​សត្វ​​ជូន​ប្រជា​ពល​រដ្ឋ​ និង​ផ្តល់​ព័ត៌​មាន​ត្រឡប់​​មក​វិញ​នូវ​ជំងឺ​រា​ត​ត្បាត​ផ្សេងៗ ។ នៅ​ស្រុក​ចំនួន​៥​ទៀត ​មិន​ទាន់​មាន​បញ្ហា​អ្វី​ទេ ទើប​តែ​លេច​ឮ​នៅ​ស្រុក​កណ្តៀង​នេះ​ថា មាន​សត្វ​ពាហនៈ​​កើត​ជំងឺ​រាត​ត្បាត និង​​ងាប់​​រាប់​រយ​ក្បាល​ ។ ប៉ុន្តែ​ខណៈ​ពេល​​យើង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដល់​គោល​ដៅ​​ឃើញ​មាន​ក្របី​ឈឺ​ និង​ងាប់​​៦​តែ​​​ទៅ​៧​ក្បាល​ប៉ុណ្ណោះ ។ ​ដូច្នេះ​​ការ​លេច​ឮ​​ព័ត៌​មាន​ថា ​នៅ​ស្រុក​កណ្តៀ​ង​​មាន​សត្វពាហនៈ​​ឈឺ និង​ងាប់រាប់​រយ​ក្បាល​​នោះ​ជា​ការ​​លេច​ឮ​និយាយ​​តៗ​គ្នា​​ប៉ុណ្ណោះ មិន​មាន​ភស្តុ​តាង​ច្បាស់​លាស់​ទេ ។

លោក​ម៉ែន ហុង ថ្លែង​ថា ទម្លាប់​​​ប្រជា​កសិ​ករ​នៅ​តំបន់​នោះ​ពេល​ចប់​ការ​ងារ​ធ្វើ​ស្រែ​​ស្រូវ​តែង​លែង​គោ​ក្របី​​​ឱ្យ​ដើរ​ស៊ីស្មៅ​ពាស​វា​ស​ពាស​កាល​តាម​ព្រៃ រនាម ។ ​លុះ​ពេ​ល​ភ្លៀង​​ធ្លាក់​ដើម​រដូវវស្សា​ទើប​នាំ​គ្នា​ទៅ​ដើរ​រក​កៀង​​ចូល​ភូមិ​វិញ ដើម្បី​ទឹម​នង្គ័ល​ភ្ជួរ​​ស្រែ។ ការ​លែង​សត្វ​ដោយ​​ពុំ​មាន​ការ​ថែទាំ​បែប​នេះ ជួន​កាល​អាច​ចោរ​លួច ឬ​សត្វ​​អា​សិរ​ពិស​​ខាំ ឬ​ស៊ិ​ស្មៅ​​ពុល​ថ្នាំ​ដែល​គេ​ដាក់​បំពុល​សត្វ​ស្លាប​ជា​ដើម ​ព្រោះ​ក្របី​ដែល​ឈឺ និង​​ងាប់​ប៉ុន្មាន​ក្បាល​​ខាង​លើ​នោះ​សុទ្ធតែ​នៅ​ព្រៃ រនាម ​អត់​មាន​នៅ​ក្នុង​ភូមិ​ទេ ។

លោក​ម៉ែន ហុង សូម​ឱ្យ​​បង​ប្អូន​​​កៀង​​គោ​ក្របី​ពី​ព្រៃ​រនាម​ចូល​ក្នុងស្រុក​ភូមិ​វិញ ឱ្យ​អស់​​ដើម្បី​​មន្ត្រី​ជំនាញ​​​​ពិនិត្យ​ចាក់​ថ្នាំ​​ព្យា​បាល​​ជូន ។ ​ទន្ទឹម​នឹង​នេះ ​ត្រូវ​ទប់​សា្កត់​​ការ​ហូប​សាច់​សត្វ​​ពាហនៈ​ដែល​ងាប់​នោះ ឬ​វះ​ចោល​ពាស​វាល​ពាស​កាល​​ គឺ ​ត្រូវ​កប់​​ក្នុង​ដី ដើម្បី​ចៀស​ផុត​ពី​ជំងឺ​រាត​ត្បា​ត​ផ្សេងៗ​មក​ដល់​មនុស្ស​ទៀត ៕