ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេមេគង្គឡើងខ្លាំង​ជន់លិចផ្លូវ​ក្នុង​ក្រុងស្ទឹង​ត្រែង…

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ស្ថានភាព​កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង កំពុង​បន្ត​ហក់​ឡើង​ខ្ពស់ និង​ស្ថានភាព​អាកាសធាតុ​នៅ​តែ​បន្ត​ភ្លៀង​កាន់តែ​ច្រើន​ឡើង ដែល​នឹង​បង្ក​ឱ្យ​មាន​ទឹកជំនន់​គិត​ត្រឹម​ថ្ងៃ​ទី​២៩ កក្កដា ។ នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ប្រកាស​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​៣០ កក្កដា…

ខេត្តស្ទឹងត្រែង ៖ ស្ថានភាព​កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង កំពុង​បន្ត​ហក់​ឡើង​ខ្ពស់ និង​ស្ថានភាព​អាកាសធាតុ​នៅ​តែ​បន្ត​ភ្លៀង​កាន់តែ​ច្រើន​ឡើង ដែល​នឹង​បង្ក​ឱ្យ​មាន​ទឹកជំនន់​គិត​ត្រឹម​ថ្ងៃ​ទី​២៩ កក្កដា ។ នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ប្រកាស​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​៣០ កក្កដា ។

ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​សន្តិសុខ សុវត្ថិភាព និង​ធានា​ដល់​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ត្រៀម​បង្ការ​ផល
ប៉ះពាល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​មុខរបរ​តាម​ដង​ទន្លេមេគង្គ និង​ទន្លេសេកុង ក្នុង​ខេត្តស្ទឹងត្រែង ។ រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​អំពាវនាវ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ករណី​ទឹកជំនន់​តាម​ទីតាំង​នានា​ ដែល​នឹង​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ​សង្កាត់​តាម​ដង​ទន្លេមេគង្គ​ និង​ទន្លេសេកុង ។

ជាមួយនឹង​ករណី​នេះ រដ្ឋបាល​ខេត្ត​បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច កម្លាំង​គ្រប់​ផ្នែក​ទាំងអស់​នៅ​ថ្នាក់​ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ក្នុង​ខេត្តស្ទឹងត្រែង ដាក់​ចេញ​នូវ​ផែនការ​ត្រៀម​បង្ការ​ និង​ត្រៀម​ជួយ​អន្តរាគមន៍​ស​ង្គ្រោះ​​ប្រជាពលរដ្ឋ​កំពុង​រស់នៅ ប្រកប​មុខរបរ​តាម​មូលដ្ឋាន​ ដែល​នឹង​អាច​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​នេះ ​ឱ្យ​បាន​ទាន់​ពេលវេលា ធានា​បាន​ភាព​កក់ក្តៅ​ និង​សាមគ្គីភាព ។

យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​នៅ​ព្រឹក​ថ្ងៃ​ដដែល​បានឱ្យ​ដឹង​ថា ទឹកទន្លេ​មេគង្គ​បាន​ជន់​លិច​ចូល​តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​សង្កាត់​ចំនួន​៤ ​ក្នុង​ក្រុង​ស្ទឹង​ត្រែង ជា​បណ្តើរ​ៗ​ហើយ​គឺ សង្កាត់​ព្រះបាទ សង្កាត់​ស្រះ​ឫស្សី សង្កាត់​ស្ទឹង​ត្រែង​និង​សង្កាត់​សាម​គី្គ ។

តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ហក់​ឡើង​ខ្លាំង​នៃ​ទឹកជំនន់​ទន្លេមេគង្គ​លើរបស់​ក្រសួង​ធនធានទឹក និង​ឧតុ​និយម​នៅ​ថ្ងៃ​៣០ កក្កដា បាន​ប្រកាស​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន ព្យាករណ៍​លើ​ស្ថានភាព​អា​កាសធាតុ និង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​លើ​រួច​មក គឺ​ដោយសារ​មានការ​ធ្លាក់​ភ្លៀង​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​នៅ​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ​បាន​បង្ក​ឱ្យ​ទឹកទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​កើនឡើង​២-៣​ថ្ងៃ​បន្ថែម​ទៀត ។

យោង​តាម​ការ​ព្យាករណ៍​កម្ពស់​ទឹកទន្លេ​មេគង្គ​លើ​នេះ​កម្ពុជា​អាច​នឹង​កើនឡើង​ដល់ ៖នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង ទឹក​អាច​នឹង​កើនឡើង​ដល់​កម្ពស់​១១,៤០​ម៉ែត្រ​(​កម្ពស់​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​១០,៧០​ម៉ែត្រ​) ។

នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ខេត្តក្រចេះ ទឹក​អាច​នឹង​កើនឡើង​ដល់​កម្ពស់​២២,១៥​ម៉ែត្រ​(​កម្ពស់​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​២២​ម៉ែត្រ​) ។ នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ខេត្តកំពង់ចាម ទឹក​អាច​នឹង​កើនឡើង​ដល់​កម្ពស់​១៥,២៥​ម៉ែត្រ​(​កម្ពស់​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ​) ។

ក្រសួង​បាន​ប្រកាស​ទៀត​ថា យោង​លើ​ស្ថានភាព​ទឹក​ដូច​បាន​ព្យាករណ៍ និង​ជម្រាប​ជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕ ​

អត្ថបទសរសេរ ដោយ