ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម Kentaro SONOURA ទីប្រឹក្សានាយករដ្ឋមន្ត្រី​ជប៉ុន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្ងៃស្អែក​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីប្រឹក្សានាយករដ្ឋមន្ត្រី​ជប៉ុន​ឯកឧត្តម Kentaro SONOURA នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ ដែល​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក គឺ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​គោលនយោបាយ​ការ​បរទេស​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ស្តី​ពី…

រាជធានី​ភ្នំពេញ ៖ ទីប្រឹក្សានាយករដ្ឋមន្ត្រី​ជប៉ុន​ឯកឧត្តម Kentaro SONOURA នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ ដែល​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក គឺ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​គោលនយោបាយ​ការ​បរទេស​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ស្តី​ពី «​យុទ្ធសាស្ដ្រ​សេរី និង​បើក​ទូលាយ​ឥណ្ឌូ – ប៉ា​ស៊ី​ហ្វិ​ក​» ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​គាំទ្រ​របស់​សម្តេច​ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច របស់​ប្រមុខ​ដឹកនាំ​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន​កាលពី​ខែសីហាកន្លង​ទៅ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ឯកឧត្តម Kentaro SONOURA ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម SONOURA នឹង​ថ្លែង​សុន្ទរកថា នៅ​ក្នុង​កម្មវិធី​បើក​សិក្ខាសាលា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ជប៉ុន​-​មេគង្គ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ខែ្ម​រ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព​(CICP) នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល​ឡឺ​រ៉ូ​យ៉ា​ល់ ។ ឯកឧត្តម​ក៏​នឹង​ជួប​សម្តែង​ការ​គួរសម​ជាមួយនឹង​មន្ត្រីរាជការ​ជាន់ខ្ពស់ ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្លាស់​ប្តូរ​ទស្សនវិស័យ​អំពី​កិច្ច​សហប្រតិបត្តិការ ទ្វេភាគី និង​បញ្ហា​ក្នុង​តំបន់ ។ ឆ្នាំ​នេះ គឺជា​ឆ្នាំ​នៃ​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ជប៉ុន និង​កម្ពុជា ដូច្នេះ​យើង​សង្ឃឹមថា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ ។
លោក Kentaro SONOURA បាន​ពន្យល់​បកស្រាយ​«​យុទ្ធសាស្ដ្រ​សេរី និង​បើក​ទូលាយ​ឥណ្ឌូ – ប៉ា​ស៊ី​ហ្វិ​ក​» ថា​៖
​១. តើ​អ្វី​ទៅ​ជា «​យុទ្ធសាស្ត្រ​ឥណ្ឌា​ប៉ា​ស៊ី​ហ្វិ​ក​សេរី និង​បើកចំហរ​» ?
លោក Kentaro SONOURA ៖ សណ្តាប់ធ្នាប់​អន្តរជាតិ​សេរី និង​បើកចំហរ​ប្រកបដោយ​នីតិរដ្ឋ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ស្ថេ​រ​ភាព និង​វិបុលភាព​នៃ​សង្គម​អន្តរជាតិ ជា​ពិសេស​តំបន់​ឥណ្ឌា​ប៉ា​ស៊ី​ហ្វិ​ក ដែល​ក្នុង​នោះ​រួម​មាន​អាស៊ាន គឺជា​ស្នូល​នៃ​សកម្មភាព​ពិភពលោក​ដែល​មាន​ប្រជាជន​ពាក់កណ្តាល​នៃ​ពិភពលោក​ទាំងមូល និង​ចលនា​នៃ​លំហូរ​សេដ្ឋកិច្ច​យ៉ាង​សកម្ម ។ ប្រទេស​ជប៉ុន​ជំរុញ​យុទ្ធសាស្ត្រ​នេះ ដើម្បី​ឲ្យ​តំបន់​ឥណ្ឌា​ប៉ា​ស៊ី​ហ្វិ​ក​សេរី និង​បើកចំហរ​ប្រកប ដោយ​នីតិរដ្ឋ​ក្លាយជា​សម្បត្តិ​រួម​របស់​អន្តរជាតិ ដែល​នឹង​ផ្តល់​ស្ថេ​រ​ភាព និង​វិបុលភាព​ក្នុង​តំបន់​ទាំងមូល ។

ជាក់ស្តែង យុទ្ធសាស្ត្រ​នេះ​មាន​គោលការណ៍​សំខាន់​ៗ៣ គឺ​៖ ទី​១- សេរីភាព​នៃ​នាវាចរណ៍ ការ​ផ្សព្វផ្សាយ និង​លំនឹង​នីតិរដ្ឋ ទី​២- ការ​បង្កើន​វិបុលភាព​សេដ្ឋកិច្ច តាម​រយៈ​ការ​ពង្រឹង​ភាព​ត​ភ្ជាប់​គ្នា ក៏​ដូច​ជា​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​ខ្ពស់ តាម​ស្តង់ដារ​អន្តរជាតិ ទី​៣- ការ​ធានា​នូវ​វិធានការ ដើម្បី​រក្សា​សន្តិភាព និង​សេ្ថ​រ​ភាព​តាម​រយៈ​ការ​ចូលរួម​កសាង​សមត្ថភាព​ក្នុង​វិស័យ​អនុវត្ត​ច្បាប់​នៅ​លើ​សមុទ្រ និង​វិស័យ​ការពារ​គ្រោះ​មហន្តរាយ ។ ប្រទេស​ជប៉ុន​នឹង​សហការ​ជាមួយ​គ្រប់​ប្រទេស​ដែល​គាំទ្រ​ដល់​គំនិត​បែប​នេះ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ឥណ្ឌា ប៉ា​ស៊ី​ហ្វិ​ក​សេរី និង​បើកចំហរ ។
២. តើ​កម្ពុជា​មាន​តួនាទី​អ្វីខ្លះ​នៅ​ក្នុង​យុទ្ធសាស្ត្រ​មួយ​នេះ?

លោក Kentaro SONOURA ៖ ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​ជប៉ុន​បាន​បញ្ជូន​ក្រុម​កងកម្លាំង​ថែរក្សា​សន្តិភាព​របស់​ខ្លួន​ជា​លើក​ទី​មួយ ពោល គឺជា​ទីកន្លែង​ចាប់ផ្តើម​នៃ​គោលនយោបាយ «​ការ​ចូលរួម​សន្តិភាព​យ៉ាង​សកម្ម​» ។ ប្រទេស​ជប៉ុន​បាន​សហការ​គាំទ្រ​ដល់​ការ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ សម​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ ក្នុង​គោលបំណង​ចង់​ចូលរួម​ចំណែក​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សណ្តាប់ធ្នាប់​អន្តរជាតិ​សេរី និង​បើកចំហរ​ប្រកបដោយ​នីតិរដ្ឋ ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ប្រទេស​កម្ពុជា​ដល់​យុទ្ធសាស្ត្រ​ឥណ្ឌា​ប៉ា​ស៊ី​ហ្វិ​ក​នេះ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​អំឡុង​ពេល​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នា​ខែសីហា កាលពី​ឆ្នាំ​មុន ។ យើងខ្ញុំ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​សម្រេច​បាន​នូវ​មហាសមុទ្រ​ឥណ្ឌា​ប៉ា​ស៊ី​ហ្វិ​ក​សេរី និង​បើកចំហរ​។

ប្រទេស​កម្ពុជា​ដែល​ស្ថិត​នៅ​កណ្តាល​នៃ​តំបន់​មេគង្គ​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​ភាព​ត​ភ្ជាប់​គ្នា ក្នុង និង​ក្រៅ​តំបន់ ។ គម្រោង​រៀបចំ​ច្រករបៀង​សេដ្ឋកិច្ច​ខាងត្បូង ដែល​រួម​មាន​ផ្លូវ​អាស៊ាន​ល្បឿន​លឿនទី​១ និង​កំពង់​ផែ​ក្រុងព្រះសីហនុ ដែល​ជា​កំពង់​ផែ​ធំ និង​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​កម្ពុជា​នោះ នាំ​ឲ្យ​កម្ពុជា​អាច​ធ្វើការ​អភិវឌ្ឍ​បន្ថែម​ជា​ច្រើន​ទៀត ដោយ​ចូលរួម​ក្នុង​ចលនា​នៃ​លំហូរ​អភិវឌ្ឍ​ក្នុង​តំបន់ ។ ប្រទេស​ជប៉ុន​នឹង​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​ឲ្យ​មាន​សហប្រតិបត្តិការ​ជាក់ស្តែង​ក្រោម​យុទ្ធសាស្ត្រ​នេះ ។
​៣. តើ​ជប៉ុន​នឹង​អភិវឌ្ឍ​យុទ្ធសាស្ត្រ​នេះ​ដោយ​របៀប​ណា​ក្នុង​តំបន់​អាស៊ាន ដែល​ក្នុង​នោះ​រួម​មាន​កម្ពុជា​ផង​ដែរ ហើយ​ថា តើ​យុទ្ធសាស្ត្រ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដូច​ម្តេច​ខ្លះ​ដល់​ប្រទេស​ក្នុង​តំបន់​នីមួយ​ៗ ?
លោក Kentaro SONOURA ៖ តំបន់​អាស៊ាន​ដែល​ស្ថិត​នៅ​ចំ​ចំណុចកណ្តាល​នៃ​មហាសមុទ្រ​ឥណ្ឌា និង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក មាន​តួនាទី​ដ៏​សំខាន់ ដើម្បី​ធានា​សន្តិភាព សេ្ថ​រ​ភាព និង​វិបុលភាព​នៃ​តំបន់​ទាំងមូល ហើយ​បណ្តា​ប្រទេស​អាស៊ាន គឺជា​ដៃគូ​សំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច សន្តិសុខ និង​វិស័យ​ផ្សេង​ៗ​ទៀត ។ យោង​តាម​យុទ្ធសាស្ត្រ​ឥណ្ឌា​ប៉ា​ស៊ី​ហ្វិ​ក​សេរី និង​បើកចំហរ ប្រទេស​ជប៉ុន​នឹង​បន្ត​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​តំបន់​ទាំងមូល​ដោយ​គោរព​ដល់​មជ្ឈការ និង​ភាព​រួបរួម​គ្នា​នៃ​អាស៊ាន ។

ចំពោះ​ប្រទេស​កម្ពុជា គម្រោង​សហប្រតិបត្តិការ​នៃ​ការ​រៀបចំ​ច្រករបៀង​សេដ្ឋកិច្ច​ខាងត្បូង (​ផ្លូវជាតិ​លេខ​១ និង​លេខ​៥) និង​ការ​អភិវឌ្ឍ​កំពង់​ផែ​ក្រុងព្រះសីហនុ​នៅ​កម្ពុជា មាន​សន្តិភាព​ជាមួយនឹង​គោលការណ៍​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌា​ប៉ា​ស៊ី​ហ្វិ​ក​សេរី និង​បើកចំហរ ។ ប្រទេស​ជប៉ុន​បន្ត​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាម​រយៈ​កិច្ច សហប្រតិបត្តិការ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ការ​អភិវឌ្ឍ​តំបន់​ជុំវិញ ។

ខ្ញុំ​សូម​បញ្ជាក់​ថា ប្រទេស​ជប៉ុន​នឹង​ធានា​ស្តង់ដារ​អន្តរជាតិ​ក្នុង​ការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ទាំងនោះ​គឺ ទី​១ – ភាព​បើកចំហរ​, ទី​២ – តម្លាភាព ទី​៣- សក្តានុពល​សេដ្ឋកិច្ច ទី​៤- ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ទទួល​ជំនួយ ទី​៥- សុវត្ថិភាព ទី​៦ – ការ​បង្កើត​ការងារ និង​កសាង​សមត្ថភាព និង​ទី​៧ – ការ​យកចិត្តទុកដាក់​បរិស្ថាន និង​សង្គម ។ ទន្ទឹម​នឹង​នេះ ប្រទេស​ជប៉ុន​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ ព្រមទាំង​ការ​ផ្លាស់​ប្តូរ​រវាង​ស្ថាប័ន​ការពារ​ជាតិ​នៃ​ប្រទេស​យើង​ទាំង​ពីរ ដើម្បី​សន្តិភាព និង​សេ្ថ​រ​ភាព​ព្រមទាំង​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​នៅ​ក្នុង​វិស័យ​ការ​រៀបចំ​ប្រព័ន្ធ​ច្បាប់ ដើម្បី​ពង្រឹង​នីតិរដ្ឋ ។

ក្នុង​នាម​ជា​មិត្ត​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​សម​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ​ប្រទេស​ជប៉ុន​សង្ឃឹមថា ការ​បោះ​ឆ្នោត​សកល​នា​ឆ្នាំ​នេះ​នឹង​ប្រ​ព្រិ​ត្តឹ​ទៅ​ដោយ​ឆ្លុះ​បញ្ចាំង​មតិ​របស់​ប្រជាជន ហើយ​តាម​រយៈ​ការ​បោះ​ឆ្នោត​នេះ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ស្ថានភាព ដើម្បី​អភិវឌ្ឍ​ប្រទេស​ឆ្ពោះទៅ​រក​ប្រទេស​ចំណូល​មធ្យម និង​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ដោយ​មាន​សាមគ្គីភាព​របស់​ប្រជាជន​ទាំងអស់​គ្នា ។

ខ្ញុំ​សង្ឃឹមថា ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នៃ​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង ជប៉ុន និង​កម្ពុជា ទំនាក់ទំនង​មិត្តភាព​នៃ​ប្រទេស​យើង​ទាំង​ពីរ​ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​នោះ នឹង​រីក​ចម្រើន​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ