ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បណ្តុះ​ផ្សិត​បាន​ផ្អាក​ការងារ​ដោយសារ​តែ​តម្លៃ​ចុះថោក​ពេក

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​តាម​ជួរ​ដង​ទន្លេមេគង្គ ក្នុងភូមិ​តា​មាង ឃុំ​កោះ​រកា  ស្រុក​កំពង់សៀម បាន​ចាប់​យក​របរ​បណ្តុះ​ផ្សិត​អំបោះ​ដែល​ធ្វើ​ឡើង​តាម​បែប​ធម្មជាតិ ក្នុង​នោះ​មាន​អ្នកខ្លះ​ធ្វើ​ជា​លក្ខណៈ​គ្រួសារ និង​ខ្លះ​ទៀត​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​ល្អ​ប្រសើរ​មួយ​កម្រិត​ផង​ដែរ​។ ជួប​ជាមួយនឹង​អ្នក​បណ្តុះ​ផ្សិត…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​តាម​ជួរ​ដង​ទន្លេមេគង្គ ក្នុងភូមិ​តា​មាង ឃុំ​កោះ​រកា  ស្រុក​កំពង់សៀម បាន​ចាប់​យក​របរ​បណ្តុះ​ផ្សិត​អំបោះ​ដែល​ធ្វើ​ឡើង​តាម​បែប​ធម្មជាតិ ក្នុង​នោះ​មាន​អ្នកខ្លះ​ធ្វើ​ជា​លក្ខណៈ​គ្រួសារ និង​ខ្លះ​ទៀត​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​ល្អ​ប្រសើរ​មួយ​កម្រិត​ផង​ដែរ​។
ជួប​ជាមួយនឹង​អ្នក​បណ្តុះ​ផ្សិត លោក វេ​ងសេង​លាភ អាយុ​៣២​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា គាត់​និយាយ​ថា ដំបូង​គាត់​ឃើញ​មាន​អ្នក​ភូមិ​គេ​បណ្តុះ​ផ្សិត​លក់​ទទួល​បាន​កម្រៃ​គ្រាន់បើ ក៏​មានចិត្ត​ចង់​ចេះ​ពី​បច្ចេកទេស​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​មាន​ផ្សិត​លក់​នឹង​គេ​ដែរ ។ មាន​ពេល​មួយ​ក្នុង​អំឡុង​ឆ្នាំ​២០១៤ គាត់​ក៏​ទទួល​បានការ​បណ្តុះបណ្តាល​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​រយៈពេល​១​សបា្ត​ហ៍​យល់​ដឹង​បាន​គ្រាន់បើ​។

អ្នក​បណ្តុះ​ផ្សិត​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ដំបូង​ដោយ​ខ្លាច​មាន​បញ្ហា​មិន​អាច​ដំណើរការ​ទៅ​មុខ​បាន​ដោយ​រលូន​នោះ គាត់​ក៏​សម្រេចចិត្ត​ទៅ​ស៊ីឈ្នួល​បណ្តុះ​ឲ្យ​គេ​នៅ​ឯ​ពាមជីកង ស្រុកកងមាស​រយៈពេល​១​ឆ្នាំ ។ លុះ​ពេល​ស្ទាត់ជំនាញ​ក្នុង​បច្ចេកទេស​បណ្តុះ​ផ្សិត​នេះ​ហើយ ទើប​គាត់​ប្រកប​របរ​ដោយ​ខ្លួនឯង​វិញ ដោយ​បាន​ទិញ​ឈើ​និង​ស្លឹក​មក​ធ្វើ​រោង​សម្រាប់​បណ្តុះ​ផ្សិត​នៅ​មុខ​ផ្ទះ​របស់​ជីតា​ក្នុងភូមិ​តា​មាង ឃុំ​កោះ​រកា ។

ក្នុង​ពេល​ចាប់ផ្តើម​ដំបូង ពេល​ផ្សិត​ចេញ​ចាប់ផ្តើម​បេះ​ក្នុង​១​លើក​ៗ​បាន​ពី​៣០​ទៅ​៤០​គីឡូក្រាម ឯ​ចំពោះ​តម្លៃ​លក់​នៅ​ទីផ្សារ​វិញ ១​គីឡូក្រាម​បាន​៤.០០០​រៀល ហើយ​ថង់​បណ្តុះ​ផ្សិត​ដែល​ល្អ​គឺ​អាច​បេះ​បាន​ប្រហែល​ជិត​១​ឆ្នាំ​ទើប​អស់​ផ្សិត ។

លោក វេ​ង សេង​លាភ រៀបរាប់​ទៀត​ថា ក្នុង​ឆ្នាំ​២០១៦​តម្លៃ​ផ្សិត​លើ​ទីផ្សារ​បាន​ចុះថោក​តែ​ក្រោយមក​ក៏​បាន​ឡើងថ្លៃ​វិញ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៧​នេះ បែរជា​ធ្លាក់​ថ្លៃ​រហូត​ដល់​១.០០០​រៀល​ក្នុង​១​គីឡូក្រាម​ដែល​មិន​ទទួល​បាន​ផល​ចំណេញ​នោះ​ទេ ។ ដោយសារ​បែប​នេះ រូប​គាត់​ក៏​បាន​រុះ​រោង​បណ្តុះ​ផ្សិត​ចោល​អស់​១​រោង និង​នៅ​សល់​២​រោង​ទៀត​ទុក​គ្រាន់តែ​នឹង​បេះ​ហូប ប៉ុណ្ណោះ មិន​យក​ទៅ​លក់​នៅ​ផ្សារ​ទេ​។

អ្វី​ដែល​ជា​បញ្ហា គឺ​ចាប់តាំងពី​ពេល​បណ្តុះ​ផ្សិត​លក់​មក ចំពោះ​លុយ​ខ្ចី​ពី​ធនាគារ​និង​លុយ​ខ្ចី​ពី​ឪពុក​មក​រកស៊ី​លើ​របរ​នេះ​មិន​ទាន់​ទូទាត់​សង​វិញ​គ្រប់​នៅឡើយ​ទេ គ្រាន់តែ​ទទួល​បាន​ចំណេញ​តិច​ៗ​តែ​ប៉ុណ្ណោះ ។ ក្នុង​ពេល​ខាង​មុខ ប្រ​សិន​ណា​ផ្សិត​ឡើងថ្លៃ​វិញ នឹង​រៀបចំ​ដំណើរការ​បណ្តុះ​ជា​បន្ត​ទៀត គ្រាន់​នឹង​ដោះស្រាយ​ជីវភាព​គ្រួសារ​។
ចំណែក​រោង​បណ្តុះ​ផ្សិត​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុងភូមិ​របស់​គាត់ ក៏​គេ​ឈប់​សម្រាក​ដែរ​ដោយសារ​តម្លៃនៅលើទីផ្សារ​ចុះថោក មិន​អាច​បន្ត​បណ្តុះ​ទៀត​បាន ៕