រាជធានីភ្នំពេញ ៖ អ្នកចម្រៀងអាយ៉ៃជើងចាស់២នាក់បង្ហាញក្តីបារម្ភចំពោះសិល្បៈបុរាណនេះ ដ្បិតបច្ចុប្បន្នស្ទើរតែគ្មានឱកាសសម្តែងទេ ជាពិសេសការសម្តែងតាមទូរទស្សន៍ ។
ទាំងអ្នកស្រីសួន សំអឿន និងអ្នកស្រីនួន សារី ហៅយាយយ៉យ កាលពីពេល ថ្មីៗកន្លងមកបានបង្ហាញក្តីបារម្ភដូចគ្នាចំពោះសិល្បៈអាយ៉ៃស្ទើរតែបាត់បង់ការសម្តែង ហើយអាចនឹងប្រឈមទៅនឹងការបាត់បង់នៅថ្ងៃណាមួយប្រសិនបើគ្មានអ្នកបន្តវេន។ អ្នកស្រីសួន សំអឿន ហៅយាយអឿន បានរំលឹកថា កាលពីជាង២០ឆ្នាំមុនសិល្បៈអាយ៉ៃជាសិល្បៈមួយពេញនិយម និងមានការគាំទ្រខ្លាំងពីទស្សនិកជន ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអាយ៉ៃ ក៏ដូចជាសិល្បៈបុរាណជាច្រើនទៀតស្ទើរតែគ្មានឱកាសសម្តែង ។
យាយអឿន មានប្រសាសន៍ថា «សម័យនេះក្មេងៗគេនិយមច្រើនតែទៅលើសិល្បៈសម័យ ដូចជាចម្រៀងជាដើម ចំណែកសិល្បៈបុរាណគឺពួកគេមិនសូវជាអើពើក្នុងការទស្សនាឡើយ ។ ប៉ុន្តែសម្រាប់សិល្បៈអាយ៉ៃវិញ គឺអាចនិយាយបានថា នៅមានអ្នកទស្សនាច្រើន ប៉ុន្តែគ្រាន់តែមិនសូវមានវត្តមានសម្តែងច្រើនតាមកញ្ចក់ទូរទស្សន៍ ឬតាមពិធីបុណ្យនានាប៉ុណ្ណោះ។ ខ្ញុំសូមសំណូមពរដល់បណ្តាស្ថានីយទូរទស្សន៍នានាគួររៀបចំឲ្យមានកម្មវិធីសម្តែងអាយ៉ៃនេះឡើងវិញ ហើយទស្សនិកជនទាំងអស់សូមរួមគ្នាថែរក្សា លើកស្ទួយដល់សិល្បៈអាយ៉ៃដ៏ចំណាស់របស់ខ្មែរមួយនេះផង» ។
ចំណែកដៃគូច្រៀងអាយ៉ៃលោកព្រហ្ម ម៉ាញ គឺយាយយ៉យ បានអះអាងស្រដៀងគ្នាដែរថា បច្ចុប្បន្នសិល្បៈអាយ៉ៃស្ទើរតែបាត់បង់ទៅហើយ ដោយសារតែគ្មានឱកាសសម្តែង រួមផ្សំអ្នកចម្រៀងជើងចាស់មួយចំនួនធ្លាក់ខ្លួនឈឺ និង ទទួលមរណភាពជាបន្តបន្ទាប់ ។
យាយយយបញ្ជាក់ថា បើនិយាយពីអ្នកសិល្បៈជើងចាស់ផ្នែកអាយ៉ៃនេះសម្រាប់នារីវិញគឺមានតែអ្នកស្រី យាយអឿន និងយាយ ណយ សំណាង និង២ទៅ៣នាក់ទៀត ចំណែកខាងបុរសវិញគឺមានតែលោកព្រហ្ម ម៉ាញ ម្នាក់ប៉ុណ្ណោះ ។
បច្ចុប្បន្នមានតែស្ថានីយទូរទស្សន៍CTN មួយគត់ដែលមានកម្មវិធីអាយ៉ៃដែលអ្នកស្រីនួន សារី សម្តែង ខណៈពេលប៉ុស្តិ៍ផ្សេងទៀតស្ទើរតែគ្មានសិល្បៈបុរាណមួយទេ ។
អ្នកស្រីនួន សារី បញ្ជាក់ថា «បើទោះបីជាមានកម្មវិធីសម្តែងខ្លះតាមកញ្ចក់ទូរទស្សន៍ក៏ដោយ ប៉ុន្តែការសម្តែងនោះមិនបានត្រឹមត្រូវទាំងស្រុងនៃក្បួនខ្នាតអាយ៉ៃនោះឡើយ ដោយពេលវេលាសម្តែងគឺខ្លីពេក ។
សិល្បៈអាយ៉ៃនេះអាចប្រឈមទៅនឹងការបាត់បង់ ដោយសារតែគ្មានអ្នកបន្តវេន ព្រោះក្មេងៗជំនាន់ក្រោយបាននាំគ្នាងាកទៅចាប់យកសិល្បៈសម័យផ្នែកចម្រៀងស្ទើរទាំងស្រុង ។ សិល្បៈសម័យមួយនេះត្រូវបានពួកគេយល់ថា អាចមានលទ្ធភាពច្រើនក្នុងការរកប្រាក់ និងមានកេរ្តិ៍ឈ្មោះល្បីជាងការចាប់យកអាជីពសិល្បៈបុរាណ ដែលមិនសូវមានគេស្គាល់ និងពិបាករកទីផ្សារសម្តែង ។ ស្ថានភាពបែបនេះខ្ញុំសូមស្នើភាគីពាក់ព័ន្ធគួររៀបចំកម្មវិធីប្រឡងផ្នែកចម្រៀងអាយ៉ៃនេះឡើងវិញ ដើម្បីបានអ្នកសិល្បៈ ថ្មីៗសម្រាប់បន្តវេន» ។
យាយយ៉យ ឱ្យដឹងថា អ្នកជំនាន់ក្រោយ បើ ស្រឡាញ់សិល្បៈចម្រៀងអាយ៉ៃ អាចទៅសិក្សារៀនសូត្រជាមួយលោក ព្រហ្ម ម៉ាញ ដែលលោកបានបើកបង្រៀននៅផ្ទះរបស់លោកដោយមិនយកប្រាក់ឡើយ ។ អាយ៉ៃជាទម្រង់សិល្បៈទស្សនីយភាពមួយដែលមានប្រជាប្រិយភាពធំធេងនៅប្រទេសកម្ពុជា ហើយទម្រង់សិល្បៈនេះបានឈ្មោះមកពីសិល្បករដ៏ល្បីល្បាញម្នាក់គឺពូយ៉ៃ ។ ជាទម្រង់សិល្បៈចម្រៀងឆ្លងឆ្លើយ ឬជាប្រភេទសិល្បៈដេញប្រាជ្ញាគ្នាដោយច្រៀងចោទ និងឆ្លើយដោះស្រាយសំណួរ ឬប្រស្នានានាដោយសំនួនវោហារ ជាកំណាព្យកាព្យឃ្លោងឥតព្រាងទុក ដែលភាគច្រើនច្រើនមានលក្ខណៈបញ្ឆិតបញ្ឆៀងបង្កើតឱ្យមានន័យពីរផ្ទុយគ្នា ឬកំប្លុកកំប្លែងថែមទៀតផង ៕
ចែករំលែកព័តមាននេះ