ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​ជើង​ចាស់​2​នាក់​មាន​ឋានៈ​ខ្ពស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង តន្ត្រីករ និង​អតីត​តារា​សម្តែង​ជើ​ស​ចាស់​ចំនួន​ពីរ​នាក់​ត្រូវ​មជ្ឈដ្ឋាន​ជា​ច្រើន​ចាប់អារម្មណ៍​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គាត់​មានបុណ្យ​សក្តិ​ខ្ពស់ និង​កាន់​តំណែង​ធំដុំ​ក្នុង​ជួរ​មន្ត្រីរាជការ បន្ទាប់​ពី​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​តាម​រយៈ​វិស័យ​សិល្បៈ ។ អ្នកសិល្បៈ​ទាំង​ពីរ​នាក់​នោះ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង តន្ត្រីករ និង​អតីត​តារា​សម្តែង​ជើ​ស​ចាស់​ចំនួន​ពីរ​នាក់​ត្រូវ​មជ្ឈដ្ឋាន​ជា​ច្រើន​ចាប់អារម្មណ៍​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គាត់​មានបុណ្យ​សក្តិ​ខ្ពស់ និង​កាន់​តំណែង​ធំដុំ​ក្នុង​ជួរ​មន្ត្រីរាជការ បន្ទាប់​ពី​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​តាម​រយៈ​វិស័យ​សិល្បៈ ។

អ្នកសិល្បៈ​ទាំង​ពីរ​នាក់​នោះ គឺ​អតីត​តារា​សម្តែង​លោក​សម តារា និង​តារាចម្រៀង និង​តន្ត្រីករ​លោក​មិ​ញ សុធី​វណ្ណ ហៅ​តូ ដែល​ពួក​គាត់​ទាំង​ពីរ​មាន​ឋានន្តរសក្តិ​ស្នើ​គ្នា​គឺ​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​បី​) ។

អតីត​តារាភាពយន្ត​គឺ​លោក សម តារា ត្រូវ​បាន​គេ​ដឹង​ថា បច្ចុប្បន្ន​កំពុង​តែ​កាន់​តួនាទី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ ។ លោក​សម តារា បាន​ដកខ្លួន​ចេញពី​ពិភព​សិល្បៈ​ប្រមាណ​ជា​ជាង​២០​ឆ្នាំ​មក​ហើយ ។ ដោយសារ​តែ​ការ​ដកខ្លួន​រយៈពេល​យូរ​ដូច្នេះ ធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​យល់​ថា រូប​លោក​ទំនងជា​ចេញ​ទៅ​រស់នៅ​បរទេស ប៉ុន្តែ​លោក​មិន​បាន​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ទឹកដី​កំណើត​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​បាន​ក្លាយជា​ឧត្តមសេនីយ៍ឯក ។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ក្មួយ​ស្រី​របស់​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ម៉ែ​ន សំ​អន ហើយ​បន្ទាប់​ពី​នោះ​មក​លោក​បាន​ឃ្លាត​ចេញ​ឆ្ងាយ​ពី​សិល្បៈ​។

លោក​សម តារា បាន​ប្រែប្រួល​រូបរាង​ខុស​ពី​មុន​ឆ្ងាយ ដែល​ទស្ស​និក​ភាគច្រើន​អាច​មើល​លោក​មិន​ស្គាល់​ថា​ជា​អតីត​តួ​ប្រុស​ក្នុង​រឿង «​បិសាច​ក្រមុំ​» ទេ ។ បើ​ទោះបីជា​លោក​សម តារា បាន​ផ្តាច់​ចេញ​ទាំងស្រុង​ពី​វិស័យ​សិល្បៈ​ក៏​ពិតមែន ប៉ុន្តែ​ជា រឿយ​ៗ​គេ​តែងតែ​លេច​លឺ​ថា អតីត​តារាភាពយន្ត​ដ៏​ល្បី​រូប​នេះ​នៅ​តែ​មានការ​នឹកនា​ដល់​អ្នកសិល្បៈ​រួម​ជំនាន់ ហើយ​ជា​ធម្មតា​លោក​តែងតែ​មានការ​ជួយ​ទំនុកបម្រុង ខ្លះ​ៗ​ដល់​អ្នកសិល្បៈ​ដែល​មាន​ការ​ខ្វះខាត​ផង​ដែរ​។

ចំណែក​តន្ត្រីករ និង​តារាចម្រៀង​លោក មិ​ញ សុធី​វណ្ណ បច្ចុប្បន្ន​មាន​ឋានៈ​ឧត្តម​សេនីយ៍​ឯក ហើយ​មាន​តួនាទី​ជា​ប្រធាន​សេនាធិការ​ទទួល​បន្ទុក​អភិវឌ្ឍន៍​សិល្បៈ និង​កីឡា​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។ មនុស្ស​ភាគច្រើន​ច្បាស់​ជា​ស្គាល់​លោក​មិ​ញ សុធី​វណ្ណ ដែល​ជា​តន្ត្រីករ​ដ៏​ល្បីឈ្មោះ​មួយ​រូប​តាំងពី​ទសវត្សរ៍​ទី​៨០​មក តាម​រយៈ​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​របស់​លោក​ដូច​ជា បទ​« Welcome to Cambodia» «​លក់​ស្រែ​ចូល​បារ​» និង​បទ​«​តា​រៀន​អង់គ្លេស​»​ជាដើម ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ខ្មែរ​នា​សម័យ​កាលនោះ ។ បច្ចុប្បន្ន​បទ​ចម្រៀង​របស់​លោក​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ ក៏​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មនុស្ស​គ្រប់​វ័យ ។

លោក​មិ​ញ សុធី​វណ្ណ ធ្លាប់​បាន​ឡើង​តំណែង​ជា​ច្រើន​លើក​នៅ​ក្នុង​ការងារ​រាជការ​តាំងពី​ឆ្នាំ​១៩៧៩​មក ដោយនៅ​ឆ្នាំ​២០១០​លោក​បាន​តំណែង​ជា​អនុប្រធាន​នាយកដ្ឋាន​រដ្ឋ​បាល​​ទូទៅ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទទួល​បន្ទុក​តន្ត្រីសម័យ និង​ជា​ជំនួយការ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។ កាលពី​ឆ្នាំ​២០០៧ សមាគម​សិល្បករ​ខ្មែរ​បាន​ជ្រើសរើស​រូប​លោក​ចូល​ក្នុង​ក្រុមប្រឹក្សាភិបាល​ថ្មី ដែល​មាន​ចំនួន​១០​រូប និង​បាន​បោះ​ឆ្នោត​ឲ្យ​លោក​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ។

ក្នុង​វ័យ​កាន់តែ​ចាស់​បន្តិច ជាមួយនឹង​តំណែង​ធំ​ក្នុង​ជួរ​មន្ត្រីរាជការ​ថែម​ទៀត​នោះ​លោក​មិ​ញ​សុធី​វណ្ណ ហាក់​រយាល​បន្តិច​ក្នុង​ការ​ចូលរួម​ច្រៀង​តាម​ឆាក​តន្ត្រី​នានា ប៉ុន្តែ​លោក​មិន​ទៅ​ណា​ឆ្ងាយ​ពី​សិល្បៈ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ