ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​៖ ការ​ឡើងថ្លៃ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​បាន​ហក់​ឡើង​លើស​ការ​រំពឹង​ទុក​នៅ​រយៈ​ពេល​ចុង​ក្រោយ បន្ទាប់​ពី​វិនិយោគិន​ចិន​បាន​សម្រុក​ទៅ​វិនិយោគ​នៅ​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​មួយ​នេះ ។ ការ​ឡើងថ្លៃ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ដីធ្លី​ច្រើន​ត្រេកអរ ហើយ​​ក៏​មាន​វិនិយោគិន​ខ្លះ​ទៀត​បាន​ទិញ​ដី​ទុក​សម្រាប់​លក់​បន្ត ដើម្បី​ស្វែងរក​ផល​ចំណេញ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​បាន​ហក់​ឡើង​លើស​ការ​រំពឹង​ទុក​នៅ​រយៈ​ពេល​ចុង​ក្រោយ បន្ទាប់​ពី​វិនិយោគិន​ចិន​បាន​សម្រុក​ទៅ​វិនិយោគ​នៅ​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​មួយ​នេះ ។ ការ​ឡើងថ្លៃ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ដីធ្លី​ច្រើន​ត្រេកអរ ហើយ​​ក៏​មាន​វិនិយោគិន​ខ្លះ​ទៀត​បាន​ទិញ​ដី​ទុក​សម្រាប់​លក់​បន្ត ដើម្បី​ស្វែងរក​ផល​ចំណេញ​ផង​ដែរ ។

ដោយសារ​តែ​សកម្មភាព និង​តម្លៃ​មាន​សន្ទុះ​បែប​នេះ អ្នកជំនាញ​ក្នុង​វិស័យ​អចលន​ទ្រព្យ បាន​លើក​ឡើង​ថា វា​មាន​ទាំង​ចំណុច​ល្អ និង​ចំណុច​អាក្រក់ ដោយសារ​តែ​ការ​ឡើងថ្លៃ​នេះ គ្មាន​ភាព​ច្បាស់លាស់​ទៅ​លើ​ការ​វិនិយោគ​អ្វី​ឲ្យ​ពិតប្រាកដ ហើយ​សកម្ម​ភាព​បែប​នេះ វា​ប្រៀប​ដូច​ជា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​កាលពី​១០​ឆ្នាំ​មុន ដែល​អ្នក​ពាក់ព័ន្ធ​គួរ​ចាប់អារម្មណ៍ ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ឡើងថ្លៃ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ពេល​បច្ចុប្បន្ន គឺ​ស្រ​ដៀង​គ្នា​ទៅ​នឹង​តម្លៃ​ដីធ្លី​នៅ​ភ្នំពេញ កាលពី​ឆ្នាំ​២០០៥, ២០០៦ ឬ​២០០៧ ។

លោក​ថា ៖« កាល​ណោះ ពេល​កូរ៉េ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ដំបូង បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​កម្ពុជា ជា​ពិសេស​នៅ​ភ្នំពេញ​ឡើង​ទ្វេ​ជា​ពីរ​ជា​បី​។ បន្ទាប់​មក នៅ​អំឡុង​ឆ្នាំ​២០០៨, ២០០៩ កូរ៉េ​បាន​ដក​វិនិយោគ​ខ្លះទៅ​វិញ បាន​ធ្វើ​ឲ្យ​វិស័យ​ដីធ្លី​ទាំងមូល​ជាប់​គាំង ដែល​នេះ​ជា​បទ​ពិសោធន៍​មួយ​ក្នុង​វិស័យ​ដីធ្លី​នៅ​កម្ពុជា » ។

លោក​លើក​ឡើង​ថា ៖« កាលនោះ អ្នកទិញ​ក៏​កូរ៉េ អ្នកលក់​ក៏​កូរ៉េ ដោយ​កូរ៉េ​បាន​ទិញ​ពី​ប្រជាជន​កម្ពុជា​ទុក​លក់​ឲ្យ​ខាង​កូរ៉េ​គ្នា​គាត់​បន្ត ហើយ​នៅ​ពេល​ដែល​កូរ៉េ​ដក​ទុន​វិនិយោគ​វិញ ដី​ទាំងនោះ​ត្រូវ​ទុក​ចោល ហើយ​ក៏​មាន​បញ្ហា​តែ​ម្ដង » ។

ចំពោះ​ស្ថានភាព​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​បច្ចុប្បន្ន​វិញ លោក​មើលឃើញ​ថា ក្រោយ​​​ពី​វិនិយោគិន​ចិន​បាន​សម្រុក​ទៅ​បណ្ដាក់ទុន​វិនិយោគ​នៅ​ខេត្ត​មួយ​នេះ ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ឡើងថ្លៃ​ទ្វេ​ជា​ពីរ​ជា​បី ហើយ​មាន​កន្លែង​ខ្លះ​ឡើង​ដល់​ទៅ​៥​ដង​ក៏​មាន ប៉ុន្តែ​បើ​ក្រឡេក​មើល​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ខេត្ត​នោះ​វិញ គឺ​នៅ​ដដែល ចំនួន​មនុស្ស​នៅ​ដដែល គឺ​ឡើង​តែ​តម្លៃ​ដី ។

លោក​ថា ៖« ក្នុង​ស្ថានភាព​បែប​នេះ ខ្ញុំ​បារម្ភ​ខ្លាច​វា​វិវត្តន៍​ទៅ​ដូច​កាលពី​១០​ឆ្នាំ​មុន ក្នុង​ពេល​ដែល​កូរ៉េ​ចុះ​មក​ទិញ​ដី​វិនិយោគ​នៅ​ភ្នំពេញ​ដូច្នោះ​ដែរ ។ សម្រាប់​យោបល់​ខ្ញុំ អ្នក​មាន​ដី​នៅ​កំពង់សោម បើ​មាន​គេ​រក​ទិញ គួរ​លក់​ឲ្យ​ហើយ​ទៅ ព្រោះ​មិន​អាច​ដឹង​ថា ស្ថាន​ភាព​ដីធ្លី​វា​នឹង​ក្លាយជា​យ៉ាងណា​ទេ ។ បើសិនជា​មានការ​ដក​ទុន​ពី​សំណាក់​វិនិយោគិន​ចិន ដូចនឹង​កូរ៉េ​ដែរ​នោះ វា​នឹង​ធ្វើ​ឲ្យ​វិស័យ​ដីធ្លី​នៅ​ខេត្ត​នោះ​មាន​បញ្ហា​ដែរ » ។

លោក សន សៀ​ប នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ ឃី រៀល​អ៊ី​ស្ទេ​ត ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អ្វី​ៗ​អាច​ឡើងថ្លៃ​ទៅ​បាន ដោយសារ​តែ​មាន​តម្រូវការ​លើ​ទីផ្សារ ទាំង​ការ​ជួល និង​ការ​ទិញ ហើយ​ការ​ឡើងថ្លៃ​ដីធ្លី​នៅ​ខេត្ត​នេះ មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ។

លោក​និយាយ​ថា ៖« ការ​ឡើងថ្លៃ​ដី​នៅ​កំពង់សោម មាន​២​ចំណុច ព្រោះ​នៅ​ទីនោះ អ្នក​ដែល​កំពុង​វិនិយោគ​ធំ គឺ​ជនជាតិ​ចិន ។ ចំណុច​អវិជ្ជមាន គឺថា បើសិនជា​ចិន​ដក​ការ​វិនិយោគ​ទៅ​វិញ​អស់ ឬ​មួយ​ចំនួន វា​អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​ដីធ្លី និង​គម្រោង​នានា​ដែល​ស្ថិត​នៅ​ក្រោម​ការ​វិនិយោគ​របស់​ចិន ។ ចំណែក​ចំណុច​វិជ្ជមាន​វិញ ខ្ញុំ​មើលឃើញ​ថា រាល់​គម្រោង​របស់​វិនិយោគិន មិន​ទាន់​មាន​គម្រោង​ណាមួយ​លុប​ចោល ឬ​ជាប់​គាំង​ទេ បើ​ទោះបីជា​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ចិន​ជា​វិនិយោគិន​មិន​ប្រាកដប្រជា​ក៏​ដោយ » ។

លោក​បន្ត​ថា បច្ចុប្បន្ន ការ​វិនិយោគ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​ជា​ជនជាតិ​ចិន ហើយ​គម្រោង​វិនិយោគ​របស់​ពួក​គេ​សុទ្ធតែ​មាន​ទំហំ​ធំ និង​យូរអង្វែង ។ ដូចនេះ លោក​មិន​រំពឹង​ថា វិនិយោគិន​នឹង​ដក​ទុន​ត្រឡប់​ទៅ​វិញ​ទេ ព្រោះ​បច្ចុប្បន្ន វិនិយោគិន​បាន​វិនិយោគ​លើ​ព្រ​លាន​យន្តហោះ រ៉ែ រោងចក្រ​ឧស្សាហកម្ម​ធំ​ៗ និង​អគារ​ខ្ពស់​ជា​ច្រើន​នៅ​កម្ពុជា ហើយ​សុទ្ធតែ​ជា​គម្រោង​វិនិយោគ​យូរអង្វែង​ផង​ដែរ ជា​ពិសេស​គោល​ជំហរ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ពង្រឹង​មិត្តភាព និង​ចំណង​ការទូត ព្រមទាំង​ប្ដេជ្ញា​ធ្វើ​យ៉ាងណា ឲ្យ​ទំហំ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​មាន​កំណើន​ទ្វេ​ដង ។

លោក​បញ្ជាក់​ថា លំហូរ​វិនិយោគ​បរទេស​ធំ​ៗ​មក​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា ជា​ពិសេស ប្រជាពលរដ្ឋ​តែ​ម្ដង ព្រោះ​បើ​តាម​ស្ថានភាព​ជាក់ស្ដែង កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​បោះទុន​វិនិយោគ​គម្រោង​ធំ​ៗ​រាប់រយ រាប់​ពាន់​លាន​ដុល្លារ​បាន​ទេ គឺ​មាន​តែ​ពឹងផ្អែក​លំហូរ​ទុន​វិនិយោគ​ពី​បរទេស​ប៉ុណ្ណោះ ។

ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុ​ផា​រ៉ា បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ វិនិយោគិន​បរទេស​មក​ពី​៣​ប្រទេស ដែល​កំពុង​វិនិយោគ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​១, ប្រទេស​កូរ៉េ ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​វិនិយោគិន​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ