ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​បាត់បង់​ការងារ​30​ម៉ឺន​កន្លែង បើ​បោះបង់ NAFTA

6 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ យោង​តាម​អ្នកវិភាគ​ម្នាក់​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​អាច​នឹង​បាត់បង់​ការងារ​ដល់​៣០​ម៉ឺន​កន្លែង​, មើលឃើញ​តម្លៃ​ភាគហ៊ុន​ធ្លាក់​ចុះ និង​បង្ក​ឲ្យ​តម្លៃ​ផលិតផល​កើនឡើង ប្រសិនបើ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បោះបង់​កិច្ចព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង…

ទីក្រុង​ញូ​វ​យ៉​ក ៖ យោង​តាម​អ្នកវិភាគ​ម្នាក់​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​អាច​នឹង​បាត់បង់​ការងារ​ដល់​៣០​ម៉ឺន​កន្លែង​, មើលឃើញ​តម្លៃ​ភាគហ៊ុន​ធ្លាក់​ចុះ និង​បង្ក​ឲ្យ​តម្លៃ​ផលិតផល​កើនឡើង ប្រសិនបើ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បោះបង់​កិច្ចព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA) ។

ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Oxford Economics បាន​ចេញ​របាយការណ៍​នេះ​មុន​ការ​ប្រជុំ​ចរចា​កិច្ចព្រមព្រៀង NAFTA លើក​ទី​៦ ។

ការ​បាត់បង់​ការងារ​៣០​ម៉ឺន​កន្លែង​នេះ នឹង​ប៉ះពាល់​ដល់​ការ​បង្កើត​ការងារ​ក្នុង​ប្រទេស​។ យោង​តាម​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក ការងារ​អា​មេ​រិ​ក​ប្រមាណ​១៤​លាន​កន្លែង គឺ​ពឹង​ផ្អែក​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា ។

ប្រសិនបើ​លោក​ត្រាំ សម្រេច​ដក​អា​មេ​រិ​ក​ចេញពី​កិច្ចព្រមព្រៀង​នេះ លោក​ត្រូវ​តែ​ផ្តល់​ដំណឹង​៦​ខែ​មុន ។ ដូច្នេះ Oxford Economics គិត​ថា ការ​បាត់បង់​ការងារ​នឹង​ចាប់ផ្តើម​កើត​មាន​ក្នុង​ឆ្នាំ​២០១៩ ។

ការ​ចរចា​អស់​៥​ដង​កន្លង​មកនេះ មិន​បាន​បង្ហាញ​ពី​លទ្ធផល​ច្រើន​ឡើយ​ទាក់ទង​នឹង​បញ្ហា​ធំ​ៗ​ដូច​ជា វិធី និង​ទីកន្លែង​ផលិត​រថយន្ត ។

លោក​ត្រាំ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រសិនបើ​អា​មេ​រិ​ក​មិន​ទទួល​បាន​កិច្ចព្រមព្រៀង​ល្អ​សម្រាប់​ពួក​គេ​ទេ​នោះ លោក​នឹង​ដក​អា​មេ​រិ​ក​ចេញពី​កិច្ចព្រមព្រៀង​នេះ ដែល​ត្រូវ​បាន​អនុម័ត​តាំងពី​ឆ្នាំ​១៩៩៤​មក ។

Oxford Economics បន្ត​ថា ការ​ធ្វើ​ដូច្នេះ​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៩ ឲ្យ​ស្មើ​ត្រឹម​១,៥% ប៉ុណ្ណោះ ។ ប៉ុន្តែ​ធនាគារជាតិ​អា​មេ​រិ​ក​ព្យាករ​ថា ការ​លូតលាស់​សេដ្ឋកិច្ច​ក្នុងឆ្នាំនេះ​នឹង​ស្មើ​២,៥% ។

អ្នកវិភាគ​បន្ត​ថា ការ​លូតលាស់​នៃ​ការ​វិនិយោគ​នឹង​អន់​ថយ​ផង​ដែរ ព្រោះ​វិនិយោគិន​បារម្ភ​ពី​វិធានការ​ការពារ​និយម​ផ្នែក​ពាណិជ្ជកម្ម ។

ជាមួយ​គ្នា​នេះ ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា​នឹង​ជួប​ទុក្ខ​លំបាក ។ Oxford Economics ព្យាករ​ថា តម្លៃ​ប្រាក់​ផេ​សូ​របស់​ម៉ិ​ក​ស៊ិ​ក​នឹង​ធ្លាក់​ចុះ​៨% ខណៈ​តម្លៃ​ប្រាក់​ដុល្លារ​កា​ណា​ដា​នឹង​ធ្លាក់​ចុះ​២,៥% ។

ប្រទេស​ទាំង​ពីរ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ហើយ​ពួក​គេ​អាច​នឹង​ទទួល​រង​ការ​បាត់បង់​ការងារ និង​វិនិយោគ​ច្រើន​ជាង​អា​មេ​រិ​ក​ទៅ​ទៀត ។

Oxford ព្យាករ​ទៀត​ថា ក្នុង​ឆ្នាំ​២០២០ សេដ្ឋកិច្ច​អា​មេ​រិ​ក​នឹង​ងើបឡើង​វិញ​ពី​ការ​ប៉ះពាល់​នេះ ប៉ុន្តែ​អ្នកដឹកនាំ​ម៉ិ​ក​ស៊ិ​ក​ព្រមាន​ថា នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ផ្នែក​អន្តោប្រវេសន៍ ។ ពួក​គេ​គិត​ថា ការ​បញ្ចប់​កិច្ចព្រមព្រៀង​នេះ អាច​នឹង​ជំរុញ​ឲ្យ​ជនជាតិ​ម៉ិ​ក​ស៊ិ​ករ​ត់ទៅ​ធ្វើការ​នៅ​អា​មេ​រិ​កដោយ​ខុសច្បាប់​កាន់តែ​ច្រើន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ