ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរមីនបារម្ភពេលទឹកជំនន់ពលរដ្ឋអាចរងគ្រោះដោយសារគ្រាប់មីននិងសំណល់សង្រ្គាមនានា

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ អាជ្ញាធរមីនបារម្ភថាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង អាចទទួលរងគ្រោះថ្នាក់បន្ថែមពីគ្រាប់មីន និងសំណល់សង្រ្គាមនានា នៅពេលទឹកជំនន់និងក្រោយពេលទឹកស្រក់ទៅវិញ។ តាមអាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្រ្គោះជនពិការដោយសារមីន ហៅកាត់ថាអាជ្ញាធរមីន លើកឡើងថា គ្រោះទឹកជំនន់ ដែលកំពង់កើតមានពិសេសនៅខេត្តប៉ៃលិន…

រាជធានីភ្នំពេញ៖ អាជ្ញាធរមីនបារម្ភថាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង អាចទទួលរងគ្រោះថ្នាក់បន្ថែមពីគ្រាប់មីន និងសំណល់សង្រ្គាមនានា នៅពេលទឹកជំនន់និងក្រោយពេលទឹកស្រក់ទៅវិញ។

តាមអាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្រ្គោះជនពិការដោយសារមីន ហៅកាត់ថាអាជ្ញាធរមីន លើកឡើងថា គ្រោះទឹកជំនន់ ដែលកំពង់កើតមានពិសេសនៅខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់នោះ អាចធ្វើទឹកហូរច្រោះដីរសាត់មកពីតំបន់ដែលមានមីនប្រឆំាង​មនុស្ស មីនប្រឆំាងរថក្រោះ និងសំណល់ជាតផ្ទុះពីសង្រ្គាមជាច្រើនប្រភេទទៀត ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

សូមជម្រាបថាខេត្តដែលកំពុងទទួលរងគ្រោះខ្លំាងជាងគេពីជំនន់ទឹកភ្លៀងនាពេលនេះ មានខេត្តពោធិ៍សាត់ បាត់ដំបង ខេត្តប៉ៃលិន បន្ទាយមានជ័យ ជាដើម។ ខេត្តទាំងអស់នេះ សុទ្ធសឹងជាខេត្តដែលធ្លាប់​មានការប្រយុទ្ធគ្នាយ៉ាងខ្លំាងនៅសង្រ្គាមជាច្រើនទស្សវត្សរ៍។ គ្រាប់មីននិងកាកសំណល់សង្រ្គាមជាច្រើនបានកក់ក្នុងដី ក្លាយជាចម្ការមីន ហើយបានសម្លាប់អាយុជីវិតពលរដ្ឋរហូតមកដល់សព្វថ្ងៃនេះ។ ទោះបីសកម្មភាពដោះនិងកម្ទេចមីន កាកសំណល់សង្រ្គាម បានធ្វើឡើងជាច្រើនឆ្នាំមកហើយ តែកម្ពុជាត្រូវប្រើពេលវេលានិងថវិកាជាច្រើនទៀតដើម្បីសម្អាតគ្រាប់មីន និងកាកសំណល់សង្រ្គាមដែលកប់នៅក្នុងដី មាននៅលើទឹកដីខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យជាដើមនោះ។

អាជ្ញាធរមីនបានបញ្ជាក់ថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលមិនអាច​មើលឃើញបានពីកាកសំណល់សង្រ្គាមនេះ អាជ្ញាធរបានធ្វើការនាំដល់គណៈកម្មាធិការសកម្មភាពមីនខេត្ត គ្រប់ប្រតិបត្តិករ អប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តនូវវិធានការមួយចំនួន ដូចជា បន្តតាមដានជាប្រចំានៅតាមទីទួលសុវត្ថិភាព និងកន្លែងទំនាបនានា ដែលប្រជាពលរដ្ឋស្នាក់នៅ និងឆ្លងកាត់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម។


នៅក្នុងលិខិត ដែលចុះហត្ថលេខាដោយអនុប្រធានទី១អាជ្ញាធរមីន លោក លី ធុជ បានណែនាំដល់អង្គភាពក្រោមឱវាទ ផ្សព្វផ្សាយជាប្រចំាដល់ពលរដ្ឋ សិស្សានុសិស្ស កុមារានិងកុមារី ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារមីន និងសំណល់សង្រ្គាម។ ពេលប្រទះឃើញគ្រប់មីននិងកាកសំណល់សង្រ្គាមនានា ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិការបោសសំអាតមីនដែលនៅទីនោះ ជាបន្ទាន់ដើម្បីយកគ្រាប់ទំាងនោះកម្ទេចចោល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ