រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងអត់ស្លាកលេខ និងអត់ពាក់មួកសុវត្ថិភាពឡើយ ស្រាប់តែពេលនោះត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ឃាត់នាំចូលទៅប៉ុស្ដិ៍ ដើម្បីធ្វើការត្រួតពិនិត្យរកឯកសារពាក់ព័ន្ធនានា ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខប៉ុស្ដិ៍រដ្ឋបាលនគរបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួនបានឈ្មោះ ណូ ដានិត អាយុ២០ឆ្នាំ មានទីលំនៅជិតវត្តឈូកវ៉ា ក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ចំណែកជនម្នាក់ទៀតដែលរត់គេចខ្លួនបាត់ឈ្មោះ ភ័ក្រ អាយុប្រហែលជិត៣០ឆ្នាំ ស្នាក់នៅក្នុងភូមិខ្មែរលើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ នគរបាលបានដកហូតម៉ូតូ១គ្រឿង ពណ៌ស មានកញ្ចក់ ប៉ុន្តែអត់ស្លាកលេខ និងមានស្នាមគាស់ស្លាកលេខចោលថែមទៀតផង ។
នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ បានដាក់កម្លាំងស្ទាក់ចាប់ម៉ូតូអត់កញ្ចក់ ស្លាកលេខ និងអ្នកជិះអត់ពាក់មួកសុវត្ថិភាពនៅត្រង់ចំណុចមុខប៉ុស្តិ៍តែម្ដង ។ ពេលនោះឃាត់បានម៉ូតូជាច្រើនគ្រឿងដែលខ្លះអត់កញ្ចក់ និងខ្លះទៀតអត់ពាក់មួកសុវត្ថិភាព លុះបន្តិចក្រោយមកស្រាប់តែបានឃើញជនសង្ស័យទាំង២នាក់ជិះម៉ូតូ១គ្រឿងខាងលើទៅដល់ ។ ប្រភពដដែលបានបន្តទៀតថា ដោយសារតែឃើញអ្នកទាំ២នាក់នេះជិះម៉ូតូអត់ពាក់មួក និងម៉ូតូអត់ស្លាកលេខផងនោះទើបកម្លាំងឃាត់ឲ្យឈប់ ដើម្បីនាំចូលទៅប៉ុស្តិ៍ត្រួតពិនិត្យរកឯកសារពាក់ព័ន្ធ និងឲ្យពួកគេទៅផាកពិន័យតាមច្បាប់នៅផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ ។ លុះពេលនាំចូលទៅដល់ប៉ុស្តិ៍បានបន្តិចជនម្នាក់ឈ្មោះ ភ័ក្ត្រ ដែលជាអ្នកឌុប និងជាម្ចាស់ម៉ូតូបានប្រើល្បិចសុំទៅបត់ជើងតូច រួចហើយក៏បានលោតផ្លោះរបងចូលទៅក្នុងក្រុមហ៊ុនលក់រថយន្ត ដែលមានទីតាំងស្ថិតនៅជាប់ប៉ុស្តិ៍នោះគេចខ្លួនបាត់ស្រមោលតែម្ដង ដោយមិនដឹងថា ជននេះជាមុខសញ្ញាចោរ ឬបែបណាឡើយ ។
ចំណែកយុវជនដែលត្រូវនគរបាលឃាត់ខ្លួននោះបាននិយាយថា រូបគេ និងឈ្មោះ ភ័ក្ត្រ គឺគ្រាន់តែជាអ្នកស្គាល់គ្នាតែប៉ុណ្ណោះ តែរូបគេមិនបានដឹងថា ជននោះមានសមាសភាពបែបណាទេ ។ ដោយឡែកនៅមុនពេលកើតហេតុខ្លួនបានសុំឈ្មោះ ភ័ក្ត្រជិះដោយសារ ដើម្បីរកទិញអីហូប ដោយជិះចេញពីម្ដុំផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏ត្រូវបាននគរបាលឃាត់បែបនេះតែម្ដង ហើយខ្លួនមិនបានដឹងថា ហេតុអ្វីទើបឈ្មោះ ភ័ក្ត្ររត់គេចខ្លួននោះឡើយ ។
នគរបាលបានបញ្ជាក់ថា ម៉ូតូរបស់ជនសង្ស័យត្រូវបានដកហូតទុកហើយ ម៉ូតូនោះមានកញ្ចក់ប៉ុន្តែគ្មានស្លាកលេខនោះឡើយ ម្យ៉ាងទៀតមានស្នាមគាស់ស្លាកលេខចេញទៀតផង។ ដែលករណីនេះត្រូវបានសង្ស័យថា ជាម៉ូតូដែលចោរលួចយកពីកន្លែងណាមួយ ហើយគាស់ស្លាកលេខចេញ ដើម្បីកុំឲ្យម្ចាស់ចំណាំបាន ។
ចំណែកជនដែលកំពុងរត់គេចខ្លួននោះ ក៏ជាប់ការសង្ស័យថា ជាមុខសញ្ញាចោរលួចម៉ូតូផងដែរ ពេលនេះកម្លាំងកំពុងធ្វើការស្រាវជ្រាវបន្តចំណែកយុវជនម្នាក់ដែលជាអ្នករួមដំណើរត្រូវបានឲ្យត្រឡប់ទៅផ្ទះវិញ ហើយមិនបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការតាមច្បាប់ទេ ព្រោះតាមការសាកសួរយ៉ាងល្អិតល្អន់តាមជំនាញ គឺយុវជននេះមិនបានដឹងអ្វីឡើយ ៕
ចែករំលែកព័តមាននេះ