ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​បាន​ធ្វើ​ឱ្យ​បញ្ហា​ធាត់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង

6 ឆ្នាំ មុន

Cambridge ៖ ខណៈ​រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ ព្យាយាម​ផ្តោត​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ធ្វើ​កំណែទម្រង់​វិធានការ​ដែល​បាន​ចេញ​ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កន្លង​មក…

Cambridge ៖ ខណៈ​រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ ព្យាយាម​ផ្តោត​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ធ្វើ​កំណែទម្រង់​វិធានការ​ដែល​បាន​ចេញ​ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កន្លង​មក បញ្ហា​ធាត់​នៅ​តែ​បន្ត​កើត​មាន​ឡើង​ទូ​ទាំង​ពិភពលោក​ដដែល ។

ប្រសិនបើ​បញ្ហា​នេះ​មិន​ត្រូវ​បាន​តាមដាន​ជាប់លាប់​ទេ​នោះ អត្រា​អ្នក​ធាត់​អាច​នឹង​ប៉ះ​ពាល់​ដល់​ដំណើរការ​ជំរុញ​សុខភាព និង​អាយុកាល​របស់​មនុស្ស​ជុំវិញ​ពិភពលោក ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ។ វា​បង្ខំ​ឲ្យ​ប្រទេស​មួយ​ចំនួន​ដូច​ជា ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា ទទួលយក​វប្បធម៌​ទទួលទាន​អាហារ​របស់​ខ្លួន សហរដ្ឋអាមេរិក​កំពុង​តែ​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​មាន​មនុស្ស​ជាង​៨០០​លាន​នាក់​ក្នុង​ពិភពលោក ជួប​ប្រទះ​នឹង​កង្វះ​អាហារ ខណៈ​៧០០​លាន​នាក់​ទៀត​ជា​មនុស្ស​ធាត់ ។

ប្រាកដ​ណាស់​ចំនួន​ទាំង​ពីរ​នេះ​មិន​ប្រាកដ​ថា មាន​ទំនាក់ទំនង​គ្នា​ទេ ។ មួយ​ផ្នែក​នៃ​មនុស្ស​ខ្វះ​អាហារ​ទទួលទាន គឺ​ស្ថិត​ក្នុង​ប្រទេស​ដែល​កំពុង​ជួប​ប្រទះ​ជម្លោះផ្ទៃក្នុង ឬ​មិន​អាច​ដំណើរការ​រដ្ឋាភិបាល​បានជា​ដើម ។

ចំណែក​ការ​រីក​រាលដាល​នៃ​ភាពធាត់​វិញ ភាគច្រើន​កើត​មាន​ឡើង​ក្នុង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​តែ​ងើបឡើង​ថ្មី​ៗ​។ វា​គួរ​ឲ្យ​កត់សម្គាល់​ទៀត​ថា អត្រា​មនុស្ស​ធាត់​មាន​ខ្ពស់​ជាងគេ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ដូច​ជា សហរដ្ឋអាមេរិក ចក្រភព​អង់​គ្លេស និង​កា​ណា​ដា ។

នា​ពេល​ថ្មី​ៗ​នេះ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​របស់​សហរដ្ឋអាមេរិក​បាន​ព្យាករ​ថា ពលរដ្ឋ​អា​មេ​រិ​ក​ប្រមាណ​៤០%​ជា​មនុស្ស​ធាត់ ក្នុង​នោះ​២០,៦%​ជា​យុវវ័យ​មាន​អាយុ​ចាប់ពី​១២ ទៅ​១៩​ឆ្នាំ ។ យោង​តាម​មជ្ឈមណ្ឌល​នេះ​បន្ត​ថា ទម្ងន់​ជា​មធ្យម​របស់​ស្ត្រី​នៅ​សហរដ្ឋ​អាមេ​រិក​នា​ពេល​បច្ចុប្បន្ន គឺ​ខ្ពស់​ជាង​ទម្ងន់​របស់​បុរស​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​១៩៦០​ទៅ​ទៀត ដែល​ស្មើ​៧៥​គីឡូក្រាម ។

បើ​ទោះជា​ពិបាក​មើល​ដឹង​នូវ​ជំងឺ ដែល​អាច​កើត​ពី​ភាពធាត់​នា​ពេល​អនាគត​ក្តី ប៉ុន្តែ​មាន​ភស្តុ​តាង​ជា​ច្រើន​បង្ហាញ​ថា ភាពធាត់​ចូលរួម​បង្ក​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​, គាំងបេះដូង និង​មហារីក​។ គេ​ព្យាករ​ថា ការ​ចំណាយ​ផ្នែក​សុខភាព​នៅ​សហរដ្ឋអាមេរិក ស្មើ​ប្រមាណ​ជិត​២០០​ប៊ី​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ។ អត្រា​ក្មេង​ធាត់​កើនឡើង​លើ​ពិភពលោក អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នៅ​ពេល​ពួក​គេ​ពេញវ័យ និង​ធ្វើ​ឲ្យ​ការ​ចំណាយ​កាន់តែ​កើន​ឡើង​ផង​ដែរ ។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ភាពធាត់​នេះ​មាន​ច្រើន និង​ស្មុគស្មាញ ។ ទោះ​យ៉ាងណា មាន​ភស្តុ​តាង​ជា​ច្រើន​បង្ហាញ​ថា វប្បធម៌​ទទួលទាន​អាហារ​វេច​ខ្ចប់ និង​ទម្លាប់​នៅ​មួយ​កន្លែង មិន​ធ្វើ​ចលនា គឺជា​កត្តា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង ។ ក្នុង​ប្រទេស​កំពុង​លូតលាស់​ថ្មី​ៗ ការ​ធ្វើ​នគរូបនីយកម្ម និង​ការ​ចង់​រស់នៅ​បែប​លោក​ខាងលិច គឺជា​កត្តា​សំខាន់​ផង​ដែរ ។

រដ្ឋាភិបាល​ក្នុង​ប្រទេស​ជា​ច្រើន​បាន​ផ្តួចផ្តើម​គំនិត ដើម្បី​បង្កើន​ការ​អប់រំ​ផ្នែក​ជីវជាតិ​អាហារ​។ ទោះ​យ៉ាងណា ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ក្រុម​ដែល​ជំរុញ​ឲ្យ​សហ​រដ្ឋ​អាមេរិក​នាំ​ចេញ​អាហារ​វេច​ខ្ចប់ និង​អាហារ Fast Food ទៅ​កាន់​ប្រទេស​ដទៃ កំពុង​តែ​ប៉ះពាល់​ដល់​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ទាំងនោះ ។

អត្រា​មនុស្ស​ធាត់​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​កើនឡើង​យ៉ាង​លឿន បន្ទាប់​ពី​ការ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង​មក ។ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ផ្នែក​អាហារ​វេច​ខ្ចប់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កើនឡើង នៅ​តែ​ជា​កត្តា​ដ៏​សំខាន់​ដែល​ជំរុញ​ដល់​អត្រា​ធាត់ ។

អត្រា​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ខ្ពស់ បាន​កើនឡើង​ជិត​៣​ដង​ក្នុង​រយៈពេល​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៤ ហើយ​ការ​ដាក់​ពន្ធ​លើ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ខ្ពស់​បាន​ដាក់​កម្រិត​ដល់​តម្រូវការ ។ កា​ណា​ដា ជា​ប្រទេស​មួយទៀត​ក្នុង​កិច្ចព្រមព្រៀង​ខាង​លើ ក៏​មើលឃើញ​អត្រា​មនុស្ស​ធាត់​ដែរ ។

រដ្ឋាភិបាល​តាម​បណ្តា​ប្រទេស​នានា​មាន​វិធី​ផ្សេង​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។ ពួក​​គេ​អាច​ហាមឃាត់​កាន់តែ​ខ្លាំង​ឡើង​លើ​ការ​ផ្សាយពាណិជ្ជកម្ម ដែល​មាន​គោលដៅ​ទៅ​លើ​កុមារ ដូច​ចក្រភព​អង់គ្លេស បារាំង និង​ប្រទេស​មួយ​ចំនួន​ទៀត​បាន​ធ្វើ ។ ក្រៅពី​នេះ មានការ​ដាក់​ពន្ធ​លើ​អាហារ​វេច​ខ្ចប់ និង​ផ្តល់​ធន​ដល់​អាហារ​ផ្សេង​ៗ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព ៕

ដកស្រង់​ពី  Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ