ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ​​ករ​ណី២៨ ​វិច្ឆិកា បាត់ដាន​អាចឆ្លងក្នុង​ទ្រង់ទ្រាយធំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ស្ថានការណ៍ជំងឺកូវីដ១៩ នាពេលនេះ ជាដំណាក់កាលសាកល្បងដ៍ធំរបស់កម្ពុជា…

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ស្ថានការណ៍ជំងឺកូវីដ១៩ នាពេលនេះ ជាដំណាក់កាលសាកល្បងដ៍ធំរបស់កម្ពុជា ។ ប្រសិនទប់ស្កាត់មិនបានទាន់ពេលវេលានោះទេ នោះជាមហន្តរាយមួយរបស់ជាតិ ។ សម្តេចបានមានប្រសាសន៍«ដើម្បីប្រយុទ្ធបានជោគជ័យក្នុងរយៈពេល ១៥ថ្ងៃនេះ មិនអាចពឹងតែលើរាជរដ្ឋាភិបាល និងអាជ្ញាធរនោះទេ គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ» ។

ប្រមុខដឹកនាំ បានហៅករណីកូវីដ១៩ ដែលកើតឡើងចេញពីករណីគ្រួសារអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃថាជាការឆ្លងដល់ «សហគមន៍២៨វិច្ឆិកា»  ហើយករណីនេះ បានបាត់ដាន ដោយសារតែរហូតមកទល់នឹងពេលនេះ រកមិនទាន់ឃើញក្បាលកន្ទុយប្រភពនោះឡើយទេ ។ ការរកមិនឃើញប្រភព ដូច្នេះ អាចនឹងមានការឆ្លងរាលដាលលឿន និង កម្រិតទ្រង់ទ្រាយធំ ។

សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ករណីនេះ ដោយអ្នកសង្ស័យត្រូវចេញមកធ្វើចត្តាឡីស័ក ហើយ ពលរដ្ឋជាទូទៅត្រូវមានការប្រុងប្រយ័ត្នការពារខ្លួន ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាព។

ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន ​ថាព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា»ជាករណីធ្ងន់ធ្ងរ។ សម្តេចបានថ្លែងថា «យើងបានប្រយុទ្ធជាមួយកូវីដ១៩ រយៈពេល ១១ខែរួចមកហើយ លើសមរភូមិចំនួន៣ គឺទប់ស្កាត់ការនាំចូល, ការពារកុំឱ្យឆ្លងចូលសហគមន៍ និងព្យាបាលឱ្យជាតែពេលនេះជាវិញ្ញាសារធំមួយ ដែលមិនធ្លាប់មានចាប់តំាងពីមានវត្តមានកូវីដ១៩ នៅកម្ពុជា ពីដើមឆ្នាំមក» ។

សម្តេចនាយករដ្ឋមន្រ្តីបានជំរុញឲ្យសមត្ថកិច្ចពន្លឿនការយកសំណាកអ្នកសង្ស័យធ្វើតេស្ត និងការធ្វើចត្តាឡីស័ក ហើយបានចាត់ឲ្យក្រសួងសុខាភិបាល ទម្លាក់ថវិកាដែលបានពីការបរិច្ចាគរបស់មន្រ្តីរាជការនាកន្លងមក ផ្តល់ឲ្យខេត្តក្រុងទូទំាងប្រទេស ដើម្បីឧត្ថម្ភដល់គ្រួសារពលរដ្ឋក្រីក្រដែលត្រូវធ្វចត្តាលីស័ក ។

សម្តេចបានគូសបញ្ជាក់ថា ថវិកាសម្រាប់ដោះស្រាយបញ្ហាកូវីដ១៩ បានធ្លាក់ចូលធនាគារប្រមាណ ៣៧ពាន់លានរៀលហើយ និងបានស្នើក្រសួងសុខាភិបាល ទម្លាក់ថវិកាប្រមាណ៥០លានរៀនក្នុងខេត្តនីមួយៗ ប៉ុន្តែខេត្តតូចអាចបានតិចជាងនេះ ហើយខេត្តដែលធំ មានពលរដ្ឋប្រឈបច្រើនអាចនឹងច្រើនជាងនោះ ដូចជាខេត្តសៀមរាប ជាដើមនោះ។

សម្តេចស្នើឲ្យអាជ្ញាធរ ឧត្ថម្ភគ្រួសារពលរដ្ឋក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័យក្នុងមួយគ្រួសារចន្លោះពី១ម៉ឹនទៅ២ម៉ឺនក្នុងមួយថ្ងៃដោយសារនៅពេលធ្វើចត្តាឡីស័ក ពលរដ្ឋមិនអាចប្រកបរបរទទួលទានបានឡើយ។​

គិតត្រឹមព្រឹកថ្ងៃទី៣០វិច្ឆិកានេះ ​ក្រុមគ្រូពេទ្យបាន​យកសំណាក​ចំនួន៣៣៣២ មកពីខេត្តចំនួន​​៧ដោយក្នុងនោះវិទ្យាស្ថានប៉ាស្ទ័ និងវិទ្យាស្ថាន​ជាតិសុខភាព​សាធារណៈបានធ្វើតេស្តបាន​២២៤៧សំណាក ដោយរកឃើញថាវិជ្ជមាន១៤ករណី ប៉ុន្តែ១ករណីនៅសៀមរាបដែលសង្ស័យថាវិជ្ជមានមិនទាន់ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័ថាពិតជាមានកូវីដ១៩នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ពីខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ