ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនាប្រែប្រួល៖ ប៉ិច ធារ៉ានិងកុមារពីរនាក់​ទៀត សាលាប៊ែលធីឲ្យរៀនមិន​យក​ប្រាក់​

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ មហាជនបានស្គាល់និងកោតសរសើរពីភាពក្លាហាន ការតស៊ូរបស់កុមារា ប៉ិច ធារ៉ា តាមរយៈការចូលរួមការប្រណាំងកង់មួយកាលពីពេលថ្មីៗនេះ។ កុមារវ័យ១៣ឆ្នាំនេះ បានយកកង់កញ្ចាស់របស់ខ្លួន អត់​ស្បែកជើង ​គ្មាន​មួកសុវត្ថិភាព…

រាជធានីភ្នំពេញ៖ មហាជនបានស្គាល់និងកោតសរសើរពីភាពក្លាហាន ការតស៊ូរបស់កុមារា ប៉ិច ធារ៉ា តាមរយៈការចូលរួមការប្រណាំងកង់មួយកាលពីពេលថ្មីៗនេះ។ កុមារវ័យ១៣ឆ្នាំនេះ បានយកកង់កញ្ចាស់របស់ខ្លួន អត់​ស្បែកជើង ​គ្មាន​មួកសុវត្ថិភាព ចូលរួម ការ​ប្រកួតប្រណាំង​កង់ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Cambodia MTB Series 2020 នៅ​ព្រែកលៀប ជាយ​រាជធានី​ភ្នំពេញ។

អ្នកចូលរួមប្រណំាងកង់នៅក្នុងព្រឹត្តិការណ៍ Cambodia MTB Series 2020 នោះ ជាកូនខ្មែរនិងបរទេស ដែលភាគច្រើនគេមានកង់ថ្លៃៗ មានឯកសណ្ឋានកីឡាត្រឹមត្រូវ សម្រាប់ការប្រណំាងនិងដើម្បីការងារសុវត្ថិភាព ខុសគេតែកុមារាប៉ិច ធារ៉ា និងកុមារពីរបីនាក់ផ្សេងទៀត។ ភាពរូបខុសគេ របស់កុមារកូនអ្នកក្រីក្រនៅក្នុងការប្រណាំងកូននោះ បានធ្វើឲ្យសាធារណជនជាច្រើនចាប់អារម្មណ៍ កោតសរសើរនិងបានការលើកទឹកចិត្តដល់ពួកគេបន្តបន្ទាប់ ។

លោក លី ឆេង អគ្គនាយកសាលា ប៊ែលធី និងជាអ្នកតំណាងរាស្រ្តមួយរូប បានផ្តល់អាហារូបករណ៍ដល់កុមារបីនាក់ ឲ្យបានសិក្សានៅសាលារៀនរបស់លោកទំាងភាសាខ្មែរនិងភាសាអង់គ្លេស។ លោកបានជួបកុមារប៉ិច ធារ៉ា និងកុមារពីនាក់ទៀត ដែលមានឈ្មោះ សុវណ្ណ សាលី  និង ឆុន ភារម្យ ព្រមទំាងអាណាព្យាបាលរបស់គេនៅព្រឹកថ្ងៃទី១៦វិច្ឆិកានេះដើម្បីផ្តល់អាហារូបករណ៍នោះ។

លោក លី ឆេង បានបញ្ជាក់ថា ដោយមើលឃើញពីភាពក្លាហាន ចេះតស៊ូក្នុងជីវិត និងមានក្តីស្រមៃចង់បន្តការសិក្សាឱ្យបានខ្ពស់ របស់កុមារទំាងបីលោកផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់ចំណេះទូទៅ (ពីថ្នាក់ទី៣ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) មួយចប់កម្មវិធីសិក្សាជូនដល់កុមារទាំង ៣នាក់ ឱ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ។

ប៉ិច ធារ៉ា មានបងប្អូន ​៥​នាក់។ គេបានប្រាប់អ្នកសារព័ត៌មានថារូបគេចូលចិត្តជិះកង់។ ជាសិស្ស​ថ្នាក់​ទី​៤​នៅ​សាលាបឋមសិក្សា​មង្គល​ស​ត្ថា​វ័ន​ ធារ៉ាថា គេតែងតែជិះកង់កញ្ចាស់ដែលយកទៅចូលរួមប្រណំាងនោះទៅរៀនរៀងរាល់ថ្ងៃ។ កត្តាសំខាន់ ដែល​ជំរុញ​ឲ្យ​ខ្លួន​គេចូលរួម​ប្រកួតនៅពេលនោះ ដោយសារ​ការស្រឡាញ់ និង​ចូលចិត្ត​ជិះ​កង់នេះខ្លំាងពេក។​

នៅចំពោះមុខកុមារទំាងបីនាក់នោះ លោក លី ឆង បាននិយាយថា «អ៊ំសូមកោតសរសើរក្មួយៗ បើទោះបីជាក្មួយជិះកង់ចាស់ មិនល្អដូចគេយ៉ាងណាក៏ដោយ ក៏ក្មួយមិនអស់សង្ឃឹម មិនបាក់ទឹកចិត្តនោះដែរ គឺក្មួយបានខិតខំប្រឹងប្រែងប្រកួតយ៉ាងក្លាហាន និងអស់ពីកម្លាំងកាយចិត្ត រហូតអាចទទួលបានចំណាត់ថ្នាក់លេខ៤ លេខ៥ និងលេខ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ដែលមានទាំងជនជាតិខ្មែរ និងបរទេស។ អ៊ំសូមលើកទឹកចិត្តក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី និងជាធនធានដ៏មានសារៈសំខាន់សម្រាប់ជួយអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ