ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី រ៉ូណា ស្មីត សុំ​ព័ត៌មានមូលហេតុច្បាប់ពីកម្ពុជាបន្ថែម ករណី​ចាប់​ខ្លួនលោករ៉ុង ឈុន

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្រ្តីការបរទេសកម្ពុជា ស្នើសុំព័ត៌មានបន្ថែមអំពីមូលដ្ឋានពិត និងមូលដ្ឋានច្បាប់លើការចាប់ខ្លួន និងឃុំខ្លួន លោក រ៉ុង ឈុន…

រាជធានីភ្នំពេញ ៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្រ្តីការបរទេសកម្ពុជា ស្នើសុំព័ត៌មានបន្ថែមអំពីមូលដ្ឋានពិត និងមូលដ្ឋានច្បាប់លើការចាប់ខ្លួន និងឃុំខ្លួន លោក រ៉ុង ឈុន និងរបៀបដែលការចាប់ខ្លួន និងឃុំខ្លួននេះស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ទាក់ទងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈ។

លោកអ្នកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រៅពីសំណើរខាងលើ ក្រុមអ្នកជំនាញ អ.ស.ប ក៏បានស្នើសុំនូវព័ត៌មានបន្ថែមអំពីភាពត្រូវគ្នានៃការចាប់ខ្លួន ជាមួយនឹងសិទ្ធិសេរីភាព និងសន្តិសុខបុគ្គល រាប់ទាំង ការទទួលបានការជូនដំណឹងនៅពេលចាប់ខ្លួនអំពីមូលហេតុនៃការចាប់ខ្លួនគាត់ផងដែរ។

«ក្រៅពីបញ្ហាទាំងនោះ ក្រុមអ្នកជំនាញ អ.ស.ប បានស្នើសុំព័ត៌មានបន្ថែមអំពីរបៀបដែលការបំបែកការជួបប្រជុំដោយសន្តិវិធី នៅថ្ងៃទី ០៣ និង ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ ស្របតាមកាតព្វកិច្ចផ្លូវច្បាប់របស់រដ្ឋាភិបាល ដែលមានចែងក្នុងមាត្រា ២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិសិទ្ធិនយោបាយ (ICCPR) និងច្បាប់កម្ពុជា និង អំពីរបៀបបុគ្គលទាំងឡាយនៅក្នុងប្រទេស ដែលបានចូលរួមធ្វើការជួបប្រជុំដោយសន្តិវិធី អាចអនុវត្តសិទ្ធិរបស់ពួកគេដោយសេរីចំពោះសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងការបង្កើតសមាគម » ។ នេះជាការបញ្ជាក់របស់លោកស្រី រ៉ូណា ស្មីត តាមបណ្តាញសង្គមនៅព្រឹកថ្ងៃ ទី១៧ ខែតុលានេះ។

លោក រ៉ុង ឈុន ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹង​សេចក្តី​ថ្លែងការណ៍របស់លោក ​ស្តីពី​ដី​តំបន់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និងវៀតណាម។លោកត្រូវបានតុលាការចោទប្រកាន់ថាបាន ​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​ និង​បាន​ប្រព្រឹត្ត​បទល្មើស​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ស្ថាប័នសិទ្ធិមនុស្សកម្ពុជា មន្រ្តីរាជរដ្ឋាភិបាលតែងតែលើកឡើងថាការចាប់ខ្លួនបុគ្គលិកមួយនៅកម្ពុជានាពេលកន្លងមកគឺជាការអនុវត្តច្បាប់។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានលើកឡើងថា វិធានការច្បាប់របស់សមត្ថកិច្ចនាពេលកន្លងមកមិនបានផ្តោតជាក់លាក់ទៅលើក្រុមគោលដៅណាមួយនោះទេ ពោលគឺអនុវត្តជាទូទៅ មិនថាអ្នកទាំងនោះជាសកម្មជនសិទ្ធិមនុស្ស សង្គមស៊ីវីល នយោបាយ ឬបរិស្ថាននោះទេ ឱ្យតែប្រព្រឹត្តល្មើសទៅនឹងច្បាប់ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចៗគ្នា ដោមិនមានការលើកលែងឬអភ័យឯកសិទ្ធិពិសេសដោយឡែកណាមួយនោះទេ។

«វិធានការច្បាប់ទៅលើក្រុមគោលដៅរបស់គេនាពេលថ្មីៗនេះ មិនមែនដោយសារតែពួកគេធ្វើសកម្មភាពក្នុងការការពារសិទ្ធិសេរីភាព បរិស្ថាន និងប្រយោជន៍សាធារណៈនោះទេ តែដោយសារតែពួកគេប្រព្រឹត្តបទល្មើស ដែលមានបញ្ញាត្តិនៅក្នុងច្បាប់របស់កម្ពុជា ដោយមានអង្គការចាត់តាំងរៀប​ចំចាត់ចែងច្បាស់លាស់នៅពីក្រោយ ហើយដែលសមត្ថកិច្ចមានមូលដ្ឋាន​រឹងមាំក្នុងការចាត់វិធានការតាមផ្លូវច្បាប់និងដំណើរការនីតិវិធីតាមផ្លូវតុលាការ» ។ នេះជាការបញ្ជាក់របស់លោក ជិន ម៉ាលីន។

មិនទាន់ដឹងថាក្រសួងការបរទេសនឹងឆ្លើយតបបែបណាចំពោះសំណើរបស់មន្រ្តីសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនៅពេលនេះ បែបណានោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ