ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុពិត…​ ​ធ្វើឱ្យកូនតូច​​បាត់ជីវិត​ឪពុកនិងម្តាយ​តែមួយ​​ភ្លែត ក្រោយដេញធាក់ម៉ូតូចោរ​ឆក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​បុរស​ជា​ប្តី​ស្លាប់​ពេល​បញ្ជូន​ដល់​គ្លីនិក​ឯកជន​មួយ បន្ទាប់​ពី​បុរស​ជា​ប្តី​បាន​ព្យាយាម​ជិះ​ម៉ូតូ​ដេញ​តាម​ចោរឆក់​កាបូប ខណៈ​ពេល​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូនប្រុស​អាយុ​២​ឆ្នាំ ពេល​ដែល​ចោរ​បាន​ឆក់​កាបូប​​នៅ​មុខ​សាលាបឋម​សិក្សា​ភូមិ​ប្ញស្សី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​បុរស​ជា​ប្តី​ស្លាប់​ពេល​បញ្ជូន​ដល់​គ្លីនិក​ឯកជន​មួយ បន្ទាប់​ពី​បុរស​ជា​ប្តី​បាន​ព្យាយាម​ជិះ​ម៉ូតូ​ដេញ​តាម​ចោរឆក់​កាបូប ខណៈ​ពេល​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូនប្រុស​អាយុ​២​ឆ្នាំ ពេល​ដែល​ចោរ​បាន​ឆក់​កាបូប​​នៅ​មុខ​សាលាបឋម​សិក្សា​ភូមិ​ប្ញស្សី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

លុះ​ដេញ​ដល់​មុខ​រោងចក្រ​ផលិត​មី​ម៉ា​ម៉ា​ចំការ​ដូង​ក្នុង​ខណ្ឌដង្កោ​ ចម្ងាយ​​ផ្លូវ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​​ក៏​ដេញ​តាម​ទាន់ ហើយ​ធាក់​ម៉ូតូ​ចោរ​ឱ្យ​ដួល ធ្វើ​ឱ្យ​ម៉ូតូ​ដែល​កំពុង​មាន​ល្បឿន​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​១​គ្រឿង​ដួល​បោក​ក្បាល​នឹង​គូទ​រថយន្ត​ស្លាប់​ប្រពន្ធ និង​​ក្រោយមក​ស្លាប់​ប្តី​ទៀត ដោយ​បន្សល់​ទុក​កូនប្រុស​អាយុ​២​ឆ្នាំ​រង​របួស​កំពុង​ព្យាបាល ។

នេះ​​ជា​ឧបទ្ទវហេតុ​ដែល​បាន​កើតឡើង​គួរ​ឱ្យ​រន្ធត់​ស្មាន​មិន​ដល់ នៅ​មុខ​រោងចក្រ​ផលិត​មី​ម៉ា​ម៉ា​ចំការ​ដូង តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៨ មិថុនា ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុ​ការណ៍​​ដេញ​តាម​ចោរឆក់​ទាំង​២​នាក់​ប្តី​ប្រពន្ធ គឺ​ប្រពន្ធ​ដែល​ស្លាប់​នៅ​កន្លែង​កើតហេតុ​ឈ្មោះ​ថា​ន់ ចាន់​វ​តី អាយុ​២៨​ឆ្នាំ ជា​អាជីវករ ។ រីឯ​បុរស​ជា​ប្តី​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​គ្លីនិក​ឯកជន​ក្បែរ​កន្លែង​កើតហេតុ​ឈ្មោះ មាន ពិសី អាយុ​២៩​ឆ្នាំ ក៏​ជា​អាជីវករ​ដែរ ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ឯ​កូនប្រុស​ដែល​បាន​ក្លាយ​ខ្លួន​ជា​ក្មេង​កំព្រា​តែ​១​ប៉​ព្រិច​ភ្នែក​ឈ្មោះ​មាន ពេជ្រចរណៃ អាយុ​​២​​ឆ្នាំ ។

ចំណែក​​ចោរ​ឆក់ ដែល​ឃាត់ខ្លួន​បាន​ម្នាក់​​មានឈ្មោះផា​ន់ ម៉​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កម្មករ​លី​សែង​នៅ​ផ្សារ​នាគ​មាស ស្នាក់​នៅផ្ទះ​ជួល​អត់លេខ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១DB១៣៣៤​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គេ​ឃើញ​ជន​រង​គ្រោះ​បី​នាក់​ប្តី​ប្រពន្ធ​និង​កូនប្រុស​អាយុ​២​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក PCX ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DC-5728 តាម​បណ្តោយ​ផ្លូវ​២១៧ ផ្លូវ​ចំការ​ដូង ក្នុង​ល្បឿន​យ៉ាង​លឿន​មាន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​បាន​ស្រែ​កថា​ចោរ​ៗ​ឆក់​កាបូប ព្រមទាំង​ជិះ​ម៉ូតូ​ដេញ​តាម​ចោរឆក់​យ៉ាង​ប្រកិត ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម លឿន​​ស្លេវ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​មុខ​រោងចក្រ​ផលិត​មី​ម៉ា​ម៉ា​ចំការ​ដូង ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ទន្ទឹម​នឹង​ចោរឆក់​ដែល​ជិះ​ម៉ូតូ​រត់​នោះ បាន​លើកជើង​ធាក់​ម៉ូតូ​ចោរ​បណ្តាល​ឱ្យ​ដួល ។


ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ក៏​ជ្រុល​ល្បឿន​ទៅ​បុក​គូទ​រថយន្ត​ម៉ាក Morning ពណ៌​ស អត់​មាន​ស្លាក​លេខ ដែល​កំពុង​បន្ថយល្បឿន​បម្រុង​បត់​ឆ្វេង​ត្រលប់​ក្រោយ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ទាំង​បី​នាក់​ប្តី​ប្រពន្ធ និង​កូន​បោក​នឹង​រថយន្ត ខ្ទាត​បោក​នឹង​ថ្នល់​ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​បាក់​ក​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ​។ ចំណែក​បី្ត​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​រង​របួស​ធ្ងន់ធ្ងរ ហើយ​ពេល​បញ្ជូន​ទៅ​ដល់​គ្លីនិក​ក្បែរ​កន្លែង​កើតហេតុ ក៏​ស្លាប់​ទៅ នៅ​សល់​តែ​កូនប្រុស​អាយុ​២​ឆ្នាំ​រង​របួស ស្រែកយំ​ដោយ​ការ​ភិតភ័យ​គួរ​ឱ្យ​សង្វេគ​បំផុត ។
ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​រថយន្ត​ដែល​ជន​រង​គ្រោះ​ជិះ​បុក​គូទ​នោះ​បាន​ព្យាយាម​បើក​រត់​ចូល​ទៅ​ឈប់​ក្នុង​បូ​រី​ឡាយ​គង់​លើ​កំណាត់​ផ្លូវ បេតុង​លេខ​៦ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​អន្តរាគមន៍ ។

ក្រោយ​កើតហេតុ​ជនសង្ស័យ​ជា​ចោរឆក់​ដែល​រង​របួស​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន និង​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ នាំ​យក​ទៅ​ទុក​ម្តុំ ។នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ប្រើ​ល្បិច​ធ្វើ​ជា​មិនដឹង​រឿង​ដោយ​ចោទ​ថា អ្នក​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ធាក់​ផ្តួល​ម៉ូតូ​គាត់ តែ​ទោះជា​បែប​ណា ទីបំផុត​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ស្ត្រី​ជា​ប្រពន្ធ​បាន​សម្រេច​មែនគឺ​ឆក់​នៅ​មុខ​សាលា​បឋម​សិក្សា​ភូមិ​ឬ​ស្សី តាមផ្លូវ​លេខ​២១៧ ស្ថិត​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ហើយ​រូបគេ​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន ក៏​ត្រូវ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រហូត​មក​ដល់​ចំណុច​កើតហេតុ ។

ដោយឡែក​កាបូប​របស់​ជន​រង​គ្រោះ​ដែល​រូបគេ​ឆក់​បាន​ពេល​ដែល​ដួល​ម៉ូតូ​មិនដឹង​ថា ខ្ទាត​ទៅ​ណា​បាត់​នោះ​ទេ ទំនង​មាន​ចោរលួច​បន្ត ។ជនសង្ស័យ​ជា​ចោរឆក់​រួម​និង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ​ធ្វើការ​សាកសួរ​រួច ទើប​ប្រគល់​បន្ត​ឱ្យ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ទៅ​តាម​នីតិវិធី ។ ដោយឡែក​ម៉ូតូ​និង​រថយន្ត នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ ចំណែកឯ​សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​សាច់ញាតិ​ដឹក​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ផ្ទះ ។

ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់​ដែល​ប្តី​-​ប្រពន្ធ​វ័យក្មេង​បាន​ស្លាប់​ចោល​កូន ព្រោះតែ​មាន​កំហឹង​នឹង​ចោរឆក់​កាបូប ។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​សកម្មភាព​ចោរឆក់​បាន​កម្រើក​យ៉ាង​ខ្លាំង​ដែល​គ្មាន​ថ្ងៃ​ណា​គ្មាន​ព័ត៌មាន​ពី​ចោរឆក់​ទេ ។ ពួក​ចោរ​ទាំងនោះ​ឆក់​មិន​រើសមុខ​ឡើយ មិន​ថា​ជនរួមជាតិ ឬ​ជនបរទេស​អ្វី​ទេ ។ ករណី​ចោរឆក់​ដែល​ធ្វើ​ឱ្យ​មានការ​កត់សម្គាល់​ប៉ុន្មាន​ថ្ងៃមុន​នេះ ផ្អើល​ពេញ​បណ្តាញ​សង្គម​នោះ​ គឺ​ករណី​ឆក់​អ្នកគ្រូ​បង្រៀន​ភាសា បណ្តាល​ឱ្យ​ដួល​ផ្កាប់​មុខរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយសារ​មាន​សង្ឃឹម​តែ​១០​ភាគរយ ក្រុម​គ្រួសារ​ក៏​បាន​រៀបចំ​រោង​បុណ្យសព​នៅ​ឯ​ផ្ទះ ហើយ​ក៏​បាន​នាំ​ចេញពី​មន្ទីរពេទ្យ ​។ ដោយសារ​តែ​មិន​អស់ចិត្ត​អ្នកគ្រូ​បង្រៀន​ភាសា​ចិន​ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​ឱ្យ​អស់ចិត្ត នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រហូត​មក​ដល់​ថ្ងៃនេះ​កំពុង​ទទួល​ការ​សង្គ្រោះ​ពី​គ្រូពេទ្យ​នៅឡើយ គឺ​ដួល​បែក​លលាដ៍ក្បាល ៕ ​