ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេលបីខែចុងក្រោយនេះ យ៉ាងតិចអ្នកកាសែត១៥នាក់ ទទួលរងអំពើហិ.ង្សា

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបាននិយាយថាក្នុងរយៈពេលបីខែចុងក្រោយនេះ  គឺចាប់ពីខែកក្កដា  ដល់ខែកញ្ញា ឆ្នាំ២០២០ ខ្លួនរកឃើញថាមានអ្នកសារព័ត៌មានសរុប១៥នាក់ នៅក្នុង៨ខេត្ត-ក្រុង រូមមានខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង…

រាជធានីភ្នំពេញ៖ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបាននិយាយថាក្នុងរយៈពេលបីខែចុងក្រោយនេះ  គឺចាប់ពីខែកក្កដា  ដល់ខែកញ្ញា ឆ្នាំ២០២០ ខ្លួនរកឃើញថាមានអ្នកសារព័ត៌មានសរុប១៥នាក់ នៅក្នុង៨ខេត្ត-ក្រុង រូមមានខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង ព្រះសីហនុ មណ្ឌលគីរី សៀមរាប ក្រចេះ និងភ្នំពេញ  បានទទួលរងនូវការធ្វើទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗ រួមមាន ការប្រើអំពើហិង្សា  ការចាប់ខ្លួន និងពាក្យបណ្តឹងពីតុលាការ ។

អង្គភាពការការពារអ្នកកាសែតខាងលើ បានលើកករណីជាក់ស្តែងថា កាលពីវេលាម៉ោង ០០:៣០ នាទីយប់ឈានចូលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចប៉ុស្តិ៍ទិស ផ្លូវបំបែកចូលច្រកទ្វារព្រំដែនបឹងជ្រោង ស្រុកមេមត់  ខេត្តត្បូងឃ្មុំ មានករណី អំពើហិង្សាមួយកើតមានឡើងចំពោះក្រុមអ្នកសារព័ត៌មានអនឡាញចំនួន៤រូប ដែលកំពុងធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនពីរ គ្រឿងឆ្ពោះមកកាន់រាជធានី ភ្នំពេញ។ ហេតុការណ៍នេះបានបង្កឡើងដោយ ជនមិនស្គាល់មុខមួយក្រុម មានគ្នា៥ ទៅ៧នាក់ ប្រដាប់ដោយ កាំបិត ពូថៅ និងដំបង។ ហេតុ ការណ៍នោះបានធ្វើឱ្យ អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម៤នាក់រងរបួសធ្ងន់ត្រង់ឆ្អឹងជំនី និង ម្នាក់ទៀតរងរបួសស្រាល  ។ 

ស្ថាប័នការពារអ្នកកាសែតខាងលើ គូសបញ្ជាក់ថា មិនមែនជាករណីលើកទី១ទេ  ដែលអ្នកសារព័ត៌មានដែលកំពុងដើរតួនាទីសំខាន់ក្នុងការរាយការណ៍ពី បទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗទៀតនៅក្នុងសង្គមត្រូវទទួលរងនូវការគម្រាមកំហែង និងវាយដំ ។

អ្នកសារព័ត៌មានម្នាក់ទៀត ឈ្មោះ  គួយ ពិសិត  អាយុ ២៤ឆ្នាំ ជាអ្នកយកព័ត៌មានប្រចាំ អង្គភាព  CBN TV Online បានស្លាប់កាលពីយប់ ថ្ងៃទី២៨ ខែ កញ្ញា នេះ ។ សាកសព របស់លោកត្រូវបានអាជ្ញាធរមូលដ្ឋានប្រទះឃើញនៅលើផ្លូវបេតុងក្នុងភូមិ ព្រៃទា  សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

លោក  គួយ ពិសិត  បាន ចាកចេញពីកន្លែងការងាររបស់គាត់នៅ ម៉ោង ១១កន្លះ យប់ ។ នេះបើតាមការបញ្ជាក់ពីលោក ឆៃ សុចិត្ត និពន្ធនាយក អង្គភាពCBN ។  ភ្លាម ៗ  ដោយក្រោយការកើតហេតុ អាជ្ញាធរបានសន្និដ្ឋានថា  នេះគឺជាករណីគ្រោះថ្នាក់ ចរាចរណ៍ ដោយជិះម៉ូតូដួលខ្លួនឯង ។ នេះបើតាមការបញ្ជាក់ពីលោកថេង កុសល ចៅសង្កាត់ ចោមចៅ៣ ។

នាយកប្រតិបត្តិ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី លើកឡើងថា   «នៅពេលរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗកំពុងតែផ្តោតលើការប្រយុទ្ធប្រឆាំង ជំងឺឆ្លងកូវីដ១៩ ជនល្មើសបានប្រើប្រាស់ឱកាសនេះ បង្កភាពវឹកវរដល់សង្គម ដោយប្រព្រឹត្តបទល្មើស រួមទាំងកាប់សម្លាប់ ដោយមិនញញើតច្បាប់ ។ ពួកគេបានចាត់ទុក អ្នកសារព័ត៌មាន ដែលហ៊ានរាយការណ៍ពីបទល្មើសដែលពួកគេកំពុងប្រព្រឹត្ត  ថាជាសត្រូវ  ហើយបង្កការគម្រាមកំហែងដោយប្ដឹងនិងសម្លាប់ដោយមិនញញើត» ។

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាទទួចសុំអាជ្ញាធរចាត់វិធានការ ដែលមានប្រសិទ្ធភាព  «ដើម្បីធានាថាជនដៃដល់ត្រូវបាននាំយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ហើយក្រុមគ្រួសារជនងរងគ្រោះទទួលបានយុត្តិធម៌» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ