ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ព្រះ​បដិមា «​ភៃ​ស​ជ្យ​គុរុ​» ដែល​ជា​ព្រះពុទ្ធ​សេ្ត​ច​ថ្នាំ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្នុង​គម្រោង​ស្រាវជ្រាវ​ស្តី​ពី​មន្ទីរពេទ្យ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ក្រុម​អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​មហាវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​អាគ្នេយ៍ នៃ​ប្រទេស​សិង្ហ​បុរី បន្ត​ប្រទះ​ឃើញ​ព្រះពុទ្ធ​បដិមា​ច្រើន​បំណែក​ទៀត ក្នុង​នោះ​មាន​ព្រះពុទ្ធ​បដិមា​មួយ​អង្គ…

ខេត្តសៀមរាប ៖ ក្នុង​គម្រោង​ស្រាវជ្រាវ​ស្តី​ពី​មន្ទីរពេទ្យ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ក្រុម​អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​មហាវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​អាគ្នេយ៍ នៃ​ប្រទេស​សិង្ហ​បុរី បន្ត​ប្រទះ​ឃើញ​ព្រះពុទ្ធ​បដិមា​ច្រើន​បំណែក​ទៀត ក្នុង​នោះ​មាន​ព្រះពុទ្ធ​បដិមា​មួយ​អង្គ ដែល​គេ​ស្គាល់​ថា ជា​ព្រះ​ពោធិសត្វ ដែល​មាន​ព្រះ​នាម​ហៅ​ថា «​ភៃ​ស​ជ្យ​គុរុ​» ដែល​មាន​ន័យ​ថា ព្រះពុទ្ធ​គ្រូ​សេ្ត​ច​ថ្នាំ​នៅ​សម័យ​បុរាណ​។ ក្រុម​អ្នក​ស្រាវជ្រាវ បាន​រៀបចំ​ពិធី​សាសនា​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៧ មុន​នឹង​បន្ត​ជីក និង​លើក​ព្រះ​ពុទ្ធរូប​ចេញពី​កន្លែង​កំណាយ​។

បដិមា​ដែល​ខ្លះ​ជា​ព្រះពុទ្ធ​ប្រក់​នាគ ត្រូវ​បាន​រក​ឃើញ​នៅ​រណ្តៅ​កំណាយ​ទី​៤ នៅ​ផ្នែក​ខាងកើត​នៃ​ប្រាសាទ​ទ​ន្ល​ស្ងួត ដែល​ជា​មន្ទីរពេទ្យ​ក្នុង​រាជ្យ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ផង​ដែរ​។ លោក អ៊ឹម សុខ​រិ​ទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នក​ប្រឹក្សា​ផ្នែក​វិទ្យាសាស្ត្រ​នៃ​គម្រោង​ស្រាវជ្រាវ​នេះ បាន​ឲ្យ​ដឹង​ថា បំណែក​ព្រះ​ពុទ្ធរូប​ទាំងនោះ​ត្រូវ​បាន​ជីក​ឃើញ​នៅ​ល្ងាច​ថ្ងៃ​៦ សីហា ហើយ​តាម​ការ​ពិនិត្យ​ទម្រង់​នៃ​បំណែក​រូប​ទាំងនោះ ថា​ជា​បំណែក​រូប​ផ្សេង​ៗ​ពី​គ្នា​។ លោក អ៊ឹម សុខ​រិ​ទ្ធី បាន​បន្ត​ថា ក្នុង​ចំណោម​ព្រះ​ពុទ្ធរូប​ទាំងនោះ គឺ​មាន​បដិមា​មួយ​ដែល​គេ​ដឹង​ថា ជា​ព្រះពុទ្ធ​ស្តេច​ថ្នាំ ដោយ​ពិនិត្យ​លើ​ទម្រង់​រូប ដែល​នៅ​លើ​ព្រះ​ហ​ស្ថ មាន​ដុំ​មូល​មួយ​រាង​ដូច​សាជី​។

លោក​បន្ថែម​ថា រូប​ទាំងនោះ​តែង​តម្កល់​នៅ​គ្រប់​មន្ទីរពេទ្យ​នៅ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។ គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា នេះ​ជា​បដិមា​ទី​២​ហើយ ដែល​អ្នក​បុរាណវិទ្យា​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទទន្លេស្ងួត​។ បដិមា​ដ៏​ធំ​មួយ​អង្គ​មាន​កម្ពស់​រហូត​ដល់​ទៅ ១,៩០​ម៉ែត្រ និង​ស្មា​ទទឹង​រហូត​ដល់​ទៅ​០,៥៨​ម៉ែត្រ បាន​រក​ឃើញ​នៅ​រណ្តៅ​កំណាយ​នៅ​ផ្នែក​ខាងកើត ប្រាសាទ​។ ក្នុង​រណ្តៅ​នេះ​ដដែល ក៏​បាន​ប្រទះ​ឃើញ​បំណែក​២​ផ្សេង​ទៀត​ដែរ តាម​ការ​បញ្ជាក់​របស់​អ្នកជំនាញ បំណែក​ទាំង​២​នោះ​មាន​បំណែក​ជា​កំភួនជើង នៃ​រូប​បដិមា​ដ៏​ធំ​នោះ​។ សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង​សិក្សា​ស្រាវជ្រាវ​នៃ​មន្ទីរពេទ្យ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៨ កក្កដា ដល់​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០១៧៕