រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល២ទៅ៣ឆ្នាំកន្លងទៅនេះ ការពុលចំណីអាហារមានការកើនឡើង ជាពិសេសការពុលនំបញ្ចុកក៏មានការកើតឡើងជាបន្តបន្ទាប់ដែរ ។ នេះជាការកត់សម្គាល់របស់លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ។ លោក លី សូវ៉ាន់ មានប្រសាសន៍ថា ក្នុងមួយឆ្នាំៗការពុលនំបញ្ចុកមាន៤ទៅ៥ករណី និងមានប្រជាជនរងគ្រោះរាប់រយនាក់ តែមិនមានករណីស្លាប់ដោយសារការពុលនំបញ្ចុកនេះទេ ដោយសារតែក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលបានដឹងទាន់ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានផ្តល់ព័ត៌មាន និងបានចុះទៅជួយទាន់ពេល ។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានប្រាប់កោះសន្តិភាពថា ចាប់តាំងពីដើមឆ្នាំ២០១៧ រហូតមកដល់ពេលនេះ ការពុលនំបញ្ចុកមានជាង៨០នាក់ នៅក្នុងខេត្តបាត់ដំបង សៀមរាប និងខេត្តមួយចំនួនទៀត តែមិនមានអ្នកស្លាប់ទេ ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការពុលនំបញ្ចុកនេះអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ៖
១-កង្វះអនាម័យ៖ សម្រាប់សិប្បកម្មខ្នាតតូច ភាគច្រើនទម្លាប់ធ្វើនំបញ្ចុកដោយប្រើដៃហើយដៃមិនបានលាងសម្អាតឱ្យបានស្អាត ។
២-ការទុកដាក់៖ ការទុកដាក់នំបញ្ចុកក្នងកញ្ច្រែងឬធុង និងរបស់របរផ្សេងទៀតដែលមិនមានអនាម័យ ។
៣-ទឹកលាងសម្អាត៖ ជាងទូទៅ ការពុលនេះអាចបណ្តាលមកពីការលាងនំបញ្ចុកជាមួយទឹកត្រជាក់មិនបានចម្អិនឱ្យឆ្អិន ។
៤-ទុកដាក់យូរ៖ ការទុកដាក់នំបញ្ចុករយៈពេលយូរ គ្មានសីតុណ្ហភាពត្រឹមត្រូវ អាចធ្វើឱ្យសាច់នំបញ្ចុកបំលែងនាំឱ្យមានជាតិពុល ។
៥-បន្លែនំបញ្ចុក៖ ជាទូទៅ ខ្មែរយើងនិយម
បរិភោគនំបញ្ចុកជាមួយបន្លែឆៅ ហើយកាលណាបន្លែលាងមិនបានស្អាតអាចនាំឱ្យពុលបានដែរ ។
ដូច្នេះ ដើម្បីការពារកុំឱ្យមានការពុលដោយសារនំបញ្ចុកកើតឡើង លោកអ្នកដែលជាអ្នកធ្វើនំបញ្ចុក គួរតែអនុវត្តតាមវិធីខាងក្រោមនេះមានដូចជា ៖
-ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច ហើយមុនពេលចាប់ផ្តើមធ្វើនំបញ្ចុក គួរតែលាងសម្អាតដៃជើងឱ្យបានស្អាត ពិសេសគួរតែមានស្រោមដៃសុវត្ថិភាព ។
-មិនត្រូវលាងសម្អាតនំបញ្ចុកជាមួយទឹកមិនបានចម្អិនឱ្យបានឆ្អិនល្អ ។
-ដោយសារតែសីតុណ្ហភាពក្នុងប្រទេសយើងមានការប្រែប្រួល ដូច្នេះគួរតែចេះទុកដាក់នំបញ្ចុកនិងបន្លែឱ្យមានសុវត្ថិភាពល្អ បើសិនជាទុកយូរលើសពី២ម៉ោង គួរតែធ្វើការផ្ងំ(កម្តៅ)នំបញ្ចុកឱ្យលើសពី៦០អង្សាសេ តែបើទុកនៅកន្លែងត្រជាក់គួរតែឱ្យស្ថិតនៅក្នុងសីតុណ្ហភាព៤អង្សាសេទើបជាការប្រសើរ ។
-ចំពោះបន្លែត្រូវតែលាងសម្អាតជាមួយនឹងទឹកស្អាត ពិសេសត្រូវទិញបន្លែដែលមានប្រភពច្បាស់លាស់និងមានការជឿទុកចិត្ត ។
សូមអនុវត្តតាមវិធីទាំងនេះ នោះលោកអ្នកអាចនឹងចៀសផុតពីការមានបញ្ហាពុល ដែលអាចធ្វើឱ្យលោកអ្នកខាតបង់ទាំងថវិកា ប្រឈមទៅនឹងមុខច្បាប់ និងអាចបិទសិប្បកម្មថែមទៀតផង ។ ពិសេស បើមានពុលអ្វីកើតឡើងគួរតែរាយការណ៍ទៅកាន់លេខ១១៥ ដើម្បីឱ្យមន្ត្រីចុះទៅជួយសង្គ្រោះបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ