ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទាន់ដាច់ឆ្នាំផងកម្ពុជាបានចំណូលពីការនាំអង្ករចេញជាង៣៦៦លានដុល្លារ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២០នេះ កម្ពុជាបានទទួលចំណូលពី​ការនាំអង្ករ​ចេញទៅទីផ្សារអន្តរជាតិ ៣៦៦.៤៤លានដុល្លារ គឺកើនឡើងពី​ឆ្នាំ២០១៩​ចំនួនប្រមាណ ៤៧លានដុល្លារស្មើរ១៥%។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងចំនួនទឹកប្រាក់ដែលបានកើនឡើងនេះ បរិមាណអង្ករនាំចេញគឺកើនប្រមាណ…

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២០នេះ កម្ពុជាបានទទួលចំណូលពី​ការនាំអង្ករ​ចេញទៅទីផ្សារអន្តរជាតិ ៣៦៦.៤៤លានដុល្លារ គឺកើនឡើងពី​ឆ្នាំ២០១៩​ចំនួនប្រមាណ ៤៧លានដុល្លារស្មើរ១៥%។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងចំនួនទឹកប្រាក់ដែលបានកើនឡើងនេះ
បរិមាណអង្ករនាំចេញគឺកើនប្រមាណ ជិត២០% បើប្រៀបធៀបរយៈ​ពេល​១០​ខែដូចគ្នាទៅនឹងឆ្នាំ២០១៩នោះ។ក្នុងរយៈពេល១០ខែនេះ បរិមាណអង្ករ​ដែលបាននាំចេញ មានចំនួន៥៣៦ ០៣៥តោន។

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទកាលពី​ពេលថ្មីៗនេះ បានឲ្យដឹងពីបរិមាណអង្ករកម្ពុជា ដែលនាំចេញ​ទៅក្រៅ​ប្រទេសក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ មានបរិមាណ ដូចគ្នា​និងរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជានេះ ដែលគឺ ៥៣៦ ៣០៥ ​តោន កើនឡើង​ ១៧,១១% ​ពី​ចំនួន​ ៤៥៧ ៩៤០ ​តោន​ កាលពី​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។

មាន​ប្រទេស​ចំនួន ៦០ ដែល​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ដោយ​ទីផ្សារ​ប្រទេស​ចិន​បាន​បន្ត​នាំមុខគេ​ជាមួយ​នឹង​បរិមាណ ១៩៤ ៤៥១ ​តោន​ ស្មើនឹង​ចំណែក​ទីផ្សារ ៣៦,២៦ ​ភាគរយ​ សហភាព​អឺរ៉ុប ១៧៤ ៣៩១ ​តោន​ ស្មើ ៣២,៥១ ​ភាគរយ ប្រទេស​សមាជិក​អាស៊ាន ៧១ ៨៨២ ​តោន ស្មើ ១៣,៤០ ​ភាគរយ និង​គោលដៅ​ផ្សេងៗ​ទៀត​មាន ៩៥ ៥៨១ ​តោន​ស្មើនឹង ១៧,៨៣ ​ភាគរយ​។

ក្នុង​បរិមាណ​នាំចេញ​អង្ករ​សរុប​ខាង​លើ​គឺ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៤២១ ១៣២ ​តោន អង្ករ​ស​ចម្រុះ​គ្រប់​ប្រភេទ​មាន ១០៩ ០១២ ​តោន និង​អង្ករ​ចំហុយ​មាន​ចំនួន ៦ ១៣៨ ​តោន​។ ​ទោះយ៉ាងណា​ការនាំចេញ​អង្ករ​ក្នុង​ខែ​តុលា ឆ្នាំនេះ​មិន​បាន​កើន​ទេ ដោយ​មាន​បរិមាណ​ត្រឹម ៤៧ ៥៣០ ​តោន ធ្លាក់ចុះ ១៩,៩២ ​ភាគរយ​ធៀប​ទៅ​ខែតុលា​ឆ្នាំ​មុន​ដែល​មាន ៥៩ ៣៥៤ ​តោន​។

សហព័ន្ធស្រូវអង្ករកម្ពុជាមានបំណងនាំអង្ករចេញឲ្យបាន១លានតោននៅឆ្នាំ២០២១ ខាងមុខ។កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​អង្ករ​របស់​កម្ពុជា​សម្រេច​បាន ៦២០ ១០៦ ​តោន ធ្លាក់ចុះ ០,៩៧ ​% ​ធៀប​ទៅ​ឆ្នាំ​ ២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ