ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​បង្ហើរខ្លែង​ឆ្នាំ​នេះ​ ដឹងថា ធ្វើ​នៅ​ខេត្តណាទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តែងតែ​ប្រារព្ធ​មហោស្រព​បង្ហើរខ្លែង​ខ្មែរ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​។ ក្នុង​ឆ្នាំ​២០១៧​នេះ​រដ្ឋបាល​ខេត្ត​កែប បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រៀបចំ​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២១…

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តែងតែ​ប្រារព្ធ​មហោស្រព​បង្ហើរខ្លែង​ខ្មែរ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​។ ក្នុង​ឆ្នាំ​២០១៧​នេះ​រដ្ឋបាល​ខេត្ត​កែប បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រៀបចំ​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២១ នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​បរិវេណ​ដី​ឡូត៍​ជាប់​ផ្លូវ​ប្រប​មាត់សមុទ្រ ឆ្ពោះទៅ​ឆ្នេរ​អង្កោល ។

ការ​រៀបចំ​មហោស្រព​បង្ហើរខ្លែង​នេះ​ក្នុង​គោលបំណង​ថែរក្សា ប្រពៃណី វប្បធម៌ ទំនៀម​ទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​យើង និង​ជំរុញ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ខេត្ត ក៏​ដូច​ជា​បង្ក​ការ​សប្បាយ​រីករាយ​ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧ ។

លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៧​តាម​ទូរស័ព្ទ​ថា​ចំពោះ​ខ្លែង​ដែល​ត្រូវ​ចូលរួម​មាន​ដូច​ជា ខ្លែងឯក ឬ​ខ្លែង​ព្នង និង​ខ្លែង​ដែល​ពេញ​និយម​ប្រចាំ​តំបន់ ឬ​ខ្លែង​ច្នៃប្រឌិត ផ្សេង​ៗ​។ ចំពោះ​លក្ខខណ្ឌ​វិនិច្ឆ័យ គឺ​មាន​ទម្រង់ និង​បច្ចេកទេស​ផលិត​ល្អ សោភ័ណ​ភាពល្អ​(​វិចិត្រកម្ម​) បង្ហើរ​ឡើង និង​ដាក់ចុះ​បាន​ល្អ ។

នេះ​ជា​លើក​ទី​១​សម្រាប់​ខេត្ត​កែប ដែល​រាជរដ្ឋាភិបាល​បាន​ជ្រើសរើស​សម្រាប់​ប្រារព្ធ​ពិធី​បើក​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​ប្រចាំឆ្នាំ​២០១៧ ។

ឆ្នាំ​២០១៦ ខេត្ត​កែប​បាន​ប្រារព្ធ​ពិធី​បង្ហើរខ្លែង​ខ្មែរ​ប្រចាំ​ខេត្ត ដែល​មាន​ខ្លែង​សរុប ១៨៤​ខ្លែង ក្នុង​នោះ​មាន​ខ្លែងឯក​ចំនួន​២៦​ខ្លែង និង​ខ្លែង​ច្នៃប្រឌិត​១៥៨​ខ្លែង ដែល​មាន​អ្នក​ចូលរួម​ជាង​១​ពាន់​នាក់ ។

ការ​ប្រារព្ធ​ពិធី​បង្ហើរខ្លែង​ខ្មែរ ប្រចាំឆ្នាំ​២០១៧​នេះ រដ្ឋបាល​ខេត្ត​កែប​រំពឹង​ថា នឹង​មាន​ភ្ញៀវ​កើន​១​គុណ​នឹង​២០​ទៅ​៣០​ដង​បើ​ប្រៀបធៀប​នឹង​ការ​ប្រារព្ធ​ប្រចាំ​ខេត្ត ព្រោះ​វា​ជា​ការ​ប្រកួត​ថ្នាក់​ជាតិ ដែល​មាន​អ្នកចូលរួម​ពី​គ្រប់​ខេត្ត​-​រា​​ជ​ធានី​ទាំងអស់ ។

លោក​កែន ស​ត្ថា ថា រដ្ឋបាល​ខេត្ត​មិន​ទាន់​ដឹង​ពី​ចំនួន​ខ្លែង និង​អ្នកចូលរួម​ទេ ព្រោះ​ទើបតែ​ចាប់ផ្ដើម​ទទួល​ពាក្យ ហើយ​ក្រសួង​ក៏​មិន​ទាន់​បាន​ផ្ដល់​ទិន្នន័យ​មក​ដែរ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​រៀបចំ​បើក​មហោស្រព​ខ្លែង​ចំនួន​៣​លើក​លក្ខណៈ​អន្តរជាតិ គឺ​នា​ឆ្នាំ​២០០៤ នៅ​ភ្នំពេញ​មាន​ខ្លែង​អន្តរជាតិ​៥​ប្រទេស ចូលរួម ។ ឆ្នាំ​២០០៦ នៅ​ខេត្តសៀមរាប មាន​ខ្លែង​អន្តរជាតិ​១៧​ប្រទេស​ចូលរួម ។ នៅ​ឆ្នាំ​២០១០ នៅ​ខេត្ត​កោះកុង មាន​ខ្លែង​អន្តរជាតិ​៩​ប្រទេស​បាន​ចូលរួម ។

ខ្លែង​ខ្មែរ​ធ្លាប់​ចូលរួម​មហោស្រព​អន្តរជាតិ​ចំនួន​៦៥​លើក នៅ​ប្រទេស​បារាំង​១៣​លើក អ៊ីតា​លី​៨​លើក ម៉ា​ឡេ​ស៊ី​១៦​លើក អង់គ្លេស​៣​លើក ឥណ្ឌូ​ណេ​ស៊ី​៣​លើក ឥណ្ឌា​៦​លើក វៀតណាម​៥​លើក ជប៉ុន​២​លើក ចិន​៤​លើក ព្រុយ​ណេ​១​លើក កូរ៉េ​ខាងត្បូង​១​លើក ថៃ​១​លើក និង​ប្រទេស​សិង្ហ​បុរី​២​លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ