ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​រាប និង​ភ្នំ​ប្រសិទ្ធ ក្លាយជា​តំបន់​ពេញ​និយម​សម្រាប់​ជំនួញ​ដី​ឡូត៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​កំណើន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន តម្រូវការ​លំនៅ​ឋាន និង​ដី​សម្រាប់​សាងសង់​ក៏​កាន់តែ​ច្រើន​ដែរ​។ ម្យ៉ាងវិញទៀត ការ​ទិញ​លក់​ដី​ឡូត៍​កំពុង​តែ​មាន​សកម្មភាព​ខ្លាំង​នៅ​ជាយ​រាជធានី​ភ្នំពេញ និង​បាន​រាលដាល​ទៅ​ដល់​បណ្ដា​ខេត្ត​នានា​ជាប់​រាជធានី និង​ខេត្ត​ដែល​មាន​សក្ដានុពល​នៅ​ក្នុង​ប្រទេស​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​កំណើន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន តម្រូវការ​លំនៅ​ឋាន និង​ដី​សម្រាប់​សាងសង់​ក៏​កាន់តែ​ច្រើន​ដែរ​។ ម្យ៉ាងវិញទៀត ការ​ទិញ​លក់​ដី​ឡូត៍​កំពុង​តែ​មាន​សកម្មភាព​ខ្លាំង​នៅ​ជាយ​រាជធានី​ភ្នំពេញ និង​បាន​រាលដាល​ទៅ​ដល់​បណ្ដា​ខេត្ត​នានា​ជាប់​រាជធានី និង​ខេត្ត​ដែល​មាន​សក្ដានុពល​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ដោយឡែក តំបន់​ភ្នំ​រាប និង​ភ្នំ​ប្រសិទ្ធ​បាន​ក្លាយជា​តំបន់​ពេញ​និយម​មួយ​សម្រាប់​ជំនួញ​ក្នុង​វិស័យ​ដីធ្លី ។ ជាក់ស្ដែង សកម្មភាព​ទិញ​ដីស្រែ និង​ដីចម្ការ​ពុះ​ជា​ឡូត៍​សម្រាប់​លក់​ពី​សំណាក់​ឈ្មួញ​ដីធ្លី បាន​កើនឡើង​ខ្លាំង និង​មាន​ពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ និង​ពី​បណ្ដា​ខេត្ត​ជិតខាង​ជា​ច្រើន សម្រុក​ទៅ​ទិញ​សម្រាប់​លក់​បន្ត និង​អភិវឌ្ឍន៍​នៅ​ពេល​អនាគត ។

លោក ជា កុយ ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដី​ឡូត៍​នៅ​តំបន់​ភ្នំ​រាប និង​ភ្នំ​ប្រសិទ្ធ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​តំបន់​ទាំងនេះ​គ្រោង​នឹង​កាត់​ចូល​ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ ហើយ​តម្លៃ​ដី​នៅ​ពេល​នេះ​ក៏​នៅ​ធូរ​ថ្លៃ​ផង​នោះ ទើប​ពលរដ្ឋ​ដែល​ចង់បាន​ដី​សម្រាប់​សង់ផ្ទះ រក​ទិញ​ច្រើន ជា​ពិសេស ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​គ្មាន​លទ្ធភាព​ទិញ​ផ្ទះ​ស្នាក់​នៅ ឬ​គ្មាន​លទ្ធភាព​សូ​ម្បី​តែ​បង់​រំលស់​ផ្ទះ ។ ក្រៅពី​នោះ ក៏​មាន​ពលករ​នៅ​ក្រៅប្រទេស​ដូច​ជា ប្រទេស​កូរ៉េ ជាដើម ទិញ​ដី​ឡូត៍​នៅ​តំបន់​នេះ​ដើម្បី​សង់ផ្ទះ នៅ​ពេល​ពួក​គេ​ត្រឡប់​មក​ស្រុក​វិញ ឬ​ទុក​លក់​បន្ត​ទៀត​នៅ​ថ្ងៃ​អនាគត ។

លោក​ថា ៖« នៅ​តំបន់​ភ្នំ​រាប និង​ភ្នំ​ប្រសិទ្ធ​នេះ ក្រៅពី​ការ​ពុះ​ដី​ឡូត៍​លក់​ហើយ យើង​ក៏​មាន​គម្រោង​ជា​ច្រើន​ដើម្បី​អភិវឌ្ឍន៍​ទៅ​ជា​តំបន់​មាន​សក្ដានុពល​សម្រាប់​ការ​រស់នៅ​ផង និង​សម្រាប់​អាជីវកម្ម​ផង ។ ជាក់ស្ដែង ពេល​នេះ យើង​បាន​និង​កំពុង​អភិវឌ្ឍន៍​ជា​ផ្សារ និង​តំបន់​ទេសចរណ៍​កែ​ច្នៃ​ជាដើម ដោយសារ​តែ​បច្ចុប្បន្ន កន្លែង​នេះ​ជា​តំបន់​ទេសចរណ៍​មួយ​បាត់​ទៅ​ហើយ​សម្រាប់​អ្នក​ភ្នំពេញ និង​អ្នក​ពី​បណ្ដា​ខេត្ត​មក​សម្រាកលំហែ​នៅ​ថ្ងៃ​ចុង​ស​ប្ដា​ហ៍ និង​ថ្ងៃ​ឈប់​សម្រាក​ជាដើម » ។

លោក​បន្ត​ថា បច្ចុប្បន្ន មាន​គម្រោង​ខ្យល់​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ដី​ឡូត៍​នេះ ហើយ​នៅ​តំបន់​នេះ ក៏​មាន​អ្នកលក់​គម្រោង​មិន​ពិត​ប្រាកដជា​ច្រើន​ដែរ ។ ដូចនេះ​ហើយ លោក​ចង់​ឲ្យ​ពលរដ្ឋ​ដែល​ស្វែងរក​ដី​ឡូត៍​ពិតប្រាកដ​ទៅ​ឲ្យ​ដល់​កន្លែង​លក់ និង​សួរ​រក​កម្មសិទ្ធិ ព្រមទាំង​ទីតាំង​ដី​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន មុន​នឹង​បោះ​លុយ​ទិញ​ដី​ឡូត៍​នោះ ។
លោក​ថា ៖« មាន​អ្នកលក់​ដី​ឡូត៍​ជា​ច្រើន ដែល​រកស៊ី​ចង់​ចំណេញ ហើយ​និយាយ​បំផ្លើស​ពី​អ្វី​ដែល​ពិត​ដើម្បី​អូស​ទាញ​អ្នកទិញ ឲ្យ​មក​ទិញ​គម្រោង​របស់​ខ្លួន ។ ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ដល់​អ្នក​រកស៊ី​ត្រឹមត្រូវ និង​អាច​ធ្វើ​ឲ្យ​វិស័យ​ដីធ្លី​ទាំងមូល​កាន់តែ​មាន​បញ្ហា » ។

លោក​បញ្ជាក់​ថា អ្នក​ធ្វើ​អាជីវកម្ម​លើ​វិស័យ​ដីធ្លី​ភាគច្រើន​ធ្វើ​តាម​គ្នា ដោយ​ឃើញ​គេ​ធ្វើ​ជោគជ័យ ក៏​ធ្វើ​តាម​គេ​ដែរ ទាំង​ដែល​ខ្លួន​គ្មាន​ទុន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​អាជីវកម្ម​មួយ​នេះ ហើយ​ក៏​ទៅ​យក​លុយ​ពី​ធនាគារ ដើម្បី​មក​ពុះ​ជា​ឡូត៍​លក់​។ ម្យ៉ាងទៀត ការ​ធ្វើ​អាជីវកម្ម​ដី​ឡូត៍​បច្ចុប្បន្ន​នេះ បាន​ផ្ដល់​លក្ខខណ្ឌ​បង់​រំលស់​ទៅ​អតិថិជន ទាំងនេះ​ហើយ​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ដី​ឡូត៍ ដែល​គ្មាន​ទុន​គ្រប់គ្រាន់​ត្រូវ​ជួប​ហានិភ័យ ជាមួយ​ការ​ប្រាក់​ពី​ធនាគារ ។

លោក ហ៊ី​ម ស៊ុ​យ អ្នក​ប្រកប​អាជីវកម្ម​ដី​ឡូត៍​នៅ​តំបន់​នេះ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន ក្រុមហ៊ុន​របស់​លោក​លក់​ដី​ឡូត៍​បាន​ប្រមាណ​១០០​ឡូត៍​ក្នុង​១​ខែ ទៅ​អតិថិជន​មក​ពី​គ្រប់​ទី​ស​ទី ទាំង​អតិថិជន​ចង់​ស្នាក់​នៅ​តំបន់​នោះ​ផ្ទាល់ និង​អតិថិជន​ទិញ​សម្រាប់​វិនិយោគ​នៅ​ថ្ងៃ​អនាគត ។

លោក​ថា ៖« យើង​មាន​គម្រោង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​អភិវឌ្ឍន៍ ព្រោះ​បើ​ចង់​ឲ្យ​តំបន់​នេះ​មាន​សក្ដានុពល ចង់​ឲ្យ​តំបន់​នេះ​ក្លាយជា​តំបន់​មាន​ភាព​អ៊ូអរ ត្រូវ​តែ​បង្កើត​គម្រោង​អភិវឌ្ឍន៍​សម្រាប់​អតិថិជន​មក​ពី​ឆ្ងាយ និង​នៅ​ទី​នេះ​ផ្ទាល់ » ។

លោក​បន្ត​ថា កាលពីមុន ភ្នំ​រាប និង​ភ្នំ​ប្រសិទ្ធ គឺជា​តំបន់​ដែល​មិនសូវ​មានការ​ចាប់​អារម្មណ៍​ពី​សំណាក់​មនុស្ស​ម្នា ឬ​អ្នក​វិនិយោគ​ទេ ក៏​ប៉ុន្តែ​បច្ចុប្បន្ន វា​បាន​ក្លាយជា​តំបន់​ពេញ​និយម​សម្រាប់​ជំនួញ​ដីធ្លី ដោយ​មាន​អ្នករក​ទិញ​ដីធ្លី​ជា​ច្រើន​បាន​ចុះ​មក​ផ្ទាល់​ដើម្បី​សាកសួរ និង​ដាក់​ទុន ។

លោក​និយាយ​ថា ៖« អ្នក​ប្រកប​អាជីវកម្ម​ដី​ឡូត៍​នៅ​ភ្នំ​រាប និង​ភ្នំ​ប្រសិទ្ធ​មាន​ច្រើន​ពិតមែន ក៏​ប៉ុន្តែ​ក្នុង​ចំណោម​នោះ មិនមែន​សុទ្ធតែ​ជោគជ័យ​ទាំងអស់​ទេ ម្នាក់​ៗ​ត្រូវ​មាន​យុទ្ធ​សាស្ត្រ​រៀង​ៗ ខ្លួន ហើយ​អ្វី​ដែល​ធ្វើ​ពលរដ្ឋ​ទុកចិត្ត​នោះ គឺ​ភាព​ស្មោះត្រង់ មិន​បំផ្លើស និង​មិន​បោកប្រាស់​អតិថិជន » ។

បើ​តាម​ប្រសាសន៍​លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ក្រើនរំឭក​ដល់​ពលរដ្ឋ​ទាំងអស់​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​​ដីធ្លី ជា​ពិសេស ពលរដ្ឋ​ដែល​មាន​បំណង​ស្វែងរក​ដី​ឡូត៍​សម្រាប់​សង់​លំនៅ​ឋាន ។ លោក​ថា ៖«​បើ​ចង់​មានបាន គួរ​ទិញ​ហើយ​សង់​ខ្ទម​នៅ ប្រសើរ​ជាង​ទិញ​ផ្ទះ​ទាំង​ដែល​ខ្លួន​មិន​មាន​លទ្ធភាព » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ