ខេត្តប៉ៃលិន ៖ ប្រជាកសិករគួរតែជ្រើសរើសពូជជាចម្បង មិនត្រូវបន្តនាំគ្នាយកពូជដំណាំគ្មានគុណភាពមកដាំនៅលើដីរបស់ខ្លួននោះឡើយ ហើយយើងត្រូវដាំដោយមានបច្ចេកទេសត្រឹមត្រូវ មិនមែនបណ្តោយទៅតាមយថាកម្មនោះឡើយ ។ ជាពិសេសកសិករត្រូវទាញយកបទពិសោធន៍ពីអ្នកដទៃដែលធ្លាប់ធ្វើការដាំដុះ ឬមន្ត្រីជំនាញផ្នែកកសិកម្ម ដែលបានចុះផ្សព្វផ្សាយក្នុងមូលដ្ឋានផងដែរ ។
ជាមួយគ្នានោះដែរប្រធានមន្ទីរកសិកម្មខេត្តលោក សាយ សុផាត បានថ្លែងដូចនេះនៅក្នុងពិធីចុះត្រួតពិនិត្យកសិផលរបស់កសិករគំរូ ដែលបានទទួលបានទិន្នផលខ្ពស់ និងត្រួតពិនិត្យពូជដំឡូងមីបង្កាត់ថ្មី មានឈ្មោះថា៨៩ នាំមកពីប្រទេសថៃ ដែលកសិករម្នាក់កំពុងប្រមូលផល នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ២០១៥នេះ នៅចំណុចក្បាលឡាន ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកសាលាក្រៅ ជំទប់ទី១ឃុំស្ទឹងកាច់ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ប្រធាននិងអនុប្រធានសហគមន៍ ព្រមទាំងកសិករជាច្រើននាក់ផងដែរ ។
លោក សាយ សុផាត បានដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យនេះដោយដកដំឡូងមីយកមកថ្លឹង ដើម្បីប្រៀបធៀបពីទិន្នផល ពូជដំឡូងបង្កាត់ពូជថ្មី និងពូជដំឡូងមីធម្មតា ហើទិន្នផល ក៏ខុសគ្នាដែរក្នុង១ហិកតាដូចគ្នា ។ ក្រោយពីក្រុមការងារធ្វើការពិសោធន៍រួចម កបានទទួលស្គាល់ថាដំឡូងមីបង្កាត់ពូជថ្មីនេះ គឺពិតជាមានទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់ មែន ពោលគឺកើនទិន្នផលលើសពូជធម្មតាទ្វេរដង ។ ជាក់ស្តែងបន្ទាប់ពីក្រុមការងារសាកល្បងដកដំឡូងមីក្នុងចម្ការនេះមកថ្លឹងមើល ក៏ឃើញថាចម្ការរបស់គាត់ទទួលបានផលក្នុង១ហិកតារហូតដល់៥៨តោន លើសពីពូជធ្លាប់ដាំក្នុង១ហិកតាចំនួន២៥ទៅ៣០តោនប៉ុ ណ្ណោះ ។
លោកប្រធានមន្ទីរ ក៏បានណែនាំឱ្យកសិករទាំងអស់បែរមកជ្រើសរើសពូជបង្កាត់ថ្មីដែលមានឈ្មោះថា៨៩នេះវិញ ព្រោះថា ទី១. ធន់នឹងអាកាសធាតុ ទី២.ងាយស្រួលថែទាំ ទី៣. មើមមានទំហំធំ ហើយវែងល្អ ជាពិសេសពូជនេះ សម្បូរទៅដោយម្សៅដែលមានទម្ងន់ធ្ងន់ថែមទៀតផង ធ្វើឱ្យកសិករលក់បានកម្រៃលើសពីការស្មាន បើទោះជាដំឡូងធ្លាក់ថ្លៃក៏ដោយ ។ លោកបញ្ជាក់ថា តម្លៃដំឡូងមីបច្ចុប្បន្នកំពុងតែធ្លាក់ចុះ ដោយសារទីផ្សាររបស់ប្រទេសថៃធ្លាក់ចុះដែរ ហើយលោកនឹងអាជ្ញាធរខេត្តកំពុងតែសម្របសម្រួលនឹងរកវិធីដោះ ស្រាយបញ្ហាកសិផលរបស់កសិករផងដែរ ។
កសិករម្នាក់ ឈ្មោះ អ៊ុក ទូច ជាម្ចាស់ចម្ការខាងលើដែលដាំពូជដំឡូងមីបង្កាត់ថ្មី បា នឱ្យដឹងថា កាលពីមុនលោកបានដាំពូជធម្មតា ដោយក្នុង១ហិកតា ទទួលបានផលត្រឹមតែ២៥ ទៅ៣០តោនប៉ុណ្ណោះ ។ តែបច្ចុប្បន្នគាត់ជ្រើសរើសពូជបង្កាត់ថ្មី ដែលមានឈ្មោះ៨៩នេះ គាត់អាចទទួលបានផលចាប់ពី៥៥ទៅ៨០តោនក្នុង១ហិកតា ។ លោកក៏បានប្រាប់ពីវិធីដាំដំឡូងមីតាមលក្ខណៈបច្ចេកទេស ដូចជាត្រូវជ្រើសរើសពេលវេលានៃការដាំ ហើយពេលដាំត្រូវពូនរងដែលមានទំហំចាប់ពី១ម៉ែត្រទៅ១.២ម៉ែត្រ គម្លាតពីរងមួយទៅរងមួយទៀត ប្រវែង១ម៉ែត្រ ទៅ១.៣ម៉ែត្រ និងដាំពីគុម្ពមួយទៅគុម្ពមួយ ចន្លោះពី០.៨ទៅ១ម៉ែត្រ ។
កសិករម្នាក់ ឈ្មោះ រស់ ខែមរី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិដីក្រហម សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន បានឱ្យដឹងថា ការដាំដំឡូងមីនេះ ក្នុង១ហិកតាគឺចំណាយអស់ប្រាក់ប្រហែល១២០០ដុល្លារ លុះពេលទទួលផល ក្នុង១ហិកតា បើពូជធម្មតាបានត្រឹមតែ៣០តោន ហើយបើប្រៀបធៀបនឹងតម្លៃបច្ចុប្បន្នគឺបានត្រឹមតែរួចខ្លួន ឬខាតដើម ។ តែពេលគាត់ជ្រើសរើសពូជបង្កាត់ថ្មីនេះ គឺអាចចំណេញក្នុង១ហិកតាជាង១ពាន់ដុល្លារ ។ ដូច្នេះពូជបង្កាត់ថ្មី រូបគាត់ទទួលស្គាល់ថា បានទិន្នផលខ្ពស់គួរឱ្យចាប់អារម្មណ៍មែន ។
ចំណែកក្រុមការងារ និងកសិករមួយចំនួន ដែលបានចូលរួមនៅក្នុងពិធីនោះ ក៏មានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះពូជដំឡូមីបង្កាត់ថ្មី ដែលនាំមកពីប្រ ទេសថៃ ហើយពួកគាត់ នឹងនាំគ្នាបែរមករកពូជបង្កាត់ថ្មីនេះយកមកដាំ ដើម្បីបង្កើនជីវភាពសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ឱ្យមានភាពប្រសើរឡើង ៕
ចែករំលែកព័តមាននេះ