ខេត្តប៉ៃលិន ៖ គេសង្កេតឃើញប្រជាពលរដ្ឋមួយគ្រួសារ បានប្រកបរបរដាំឆៃថាវចំនួន៦ហិកតា ដោយចំណាយពេលអស់ត្រឹមតែ១ខែកន្លះប៉ុណ្ណោះ អាចទទួលបានផលដកលក់ឱ្យម៉ូយមកពីភ្នំពេញ បាត់ដំបង សៀមរាប ពោធិ៍សាត់ និងក្នុងខេត្តប៉ៃលិនជាដើម។ ការប្រកបរបរដាំមើមឆៃថាវនេះ មានរយៈពេលខ្លី ពោលគឺលឿនជាងដំណាំពោត និងដំឡូងមី ហើយលក់បានតម្លៃថ្លៃជាងផងដែរ។
ការប្រមូលផលមើមឆៃថាវនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្បែរផ្លូវលំមួយខ្សែ ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ចម្ការខាងលើមានឈ្មោះ ទុយ សារិទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ មានប្រពន្ធឈ្មោះ នាង សុខឿន អាយុ៥៣ឆ្នាំ រស់នៅភូមិខាងលើ ។ ប្រភពព័ត៌មានពីម្ចាស់ចម្ការបានឱ្យដឹងថា ពួកគាត់មានដីចម្ការចំនួន១០ហិកតា ដោយសារដាំពោត និងដំឡូងមី មិនចំណេញ ព្រោះទិន្នផលកាន់តែធ្លាក់ចុះ តម្លៃកាន់តែថោក ទើបរយៈពេល២ឆ្នាំ ចុងក្រោយនេះពួកគាត់បានទុកដីចំនួន៦ហិកតា ដើម្បីដាំមើមឆៃថាវលក់ឱ្យម៉ូយមកពីស្ទើរតែគ្រាប់ទីកន្លែងតែម្តង។
ប្រភពបន្តទៀតថា ការដាំឆៃថាវ មានរយៈពេលខ្លី ត្រឹមតែ១ខែកន្លះអាចប្រមូលផល ខណៈពោតរយៈពេល៣ទៅ៤ខែ រីឯដំឡូងមីវិញរយៈពេលយូររហូតដល់១ឆ្នាំឯណោះ។ លើសពីនេះ ឆៃថាវ១គីឡូក្រាមអាចលក់ដុំក្នុង១គីឡូក្រាមតម្លៃ ៧០០ទៅ៨០០រៀល។ ចំណែកការលក់រាយវិញ១គីឡូក្រាម ១.២០០ទៅ១.៥០០រៀលឯណោះ ដោយពោត១គីឡូលក់បានត្រឹមតែ៤ ទៅ៥បាត រីឯដំឡូង១គីឡូ១.៥ទៅ២បាតប៉ុណ្ណោះ។ ពួកគាត់បញ្ជាក់ទៀតថា ការប្រូលផលមើមឆៃថាវ ក្នុងចម្ការរបស់ពួកគាត់ម្តងៗសរុបទៅបានទទួលជាង១០០តោន ហើយពួកគាត់ក៏មិនបានប្រើជីគីមីអ្វីនោះដែរ គ្រាន់តែស្រោចទឹកឱ្យបានញឹកញាប់ប៉ុណ្ណោះជាការស្រេច។
ពួកគាត់ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីចម្ការច្រើនក្បែរមាត់អូរ សូមងាកមកដាំមើមឆៃថាវម្តងវិញ ដើម្បីបានប្រាក់ចំណូលបានចិញ្ចឹមក្រុមគ្រួសារ ឱ្យមានជីវភាពធូរធា។ ម្យ៉ាងវិញទៀត ការលក់មើមឆៃថាវនេះ មិនពិបាករកទីផ្សារនោះឡើយ ដោយមានគេទូរស័ព្ទមកកុម្មង់ទិញដល់ចម្ការតែម្តង។ សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តប៉ៃលិន អ្នកដាំមើមឆៃថាវ មានតែមួយគ្រួសារប៉ុណ្ណោះ ក្រៅពីនោះគេដាំពោត ដំឡូងមី និងដំណាំផ្សេងៗមួយចំនួនទៀត៕
ចែករំលែកព័តមាននេះ