ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​ព្រួយបារម្ភ​ពី​ការ​ប្រឈម​តម្លៃ​ស្រូវ​ចុះថោក​រក​ទីផ្សារ​លក់​មិន​បាន

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ដស្វាយរៀង ៖ ប្រជា​កសិករ​រស់នៅ​ស្រុក​កំពង់​រោទ៍ កំពុង​ព្រួយបារម្ភ​អំពី​តម្លៃ​ស្រូវ​ដែល​ធ្វើ​បាន​ហើយ​គ្មាន​ទីផ្សារ​លក់ និង​គ្មាន​ហាងឆេង​ពិតប្រាកដ​ដោយសារ​ឈ្មួញ​វៀតណាម​ជា​អ្នក​ដាក់​តម្លៃ និង​មាន​ឈ្មួញកណ្តាល​ដើរ​បញ្ចុះតម្លៃ​ស្រូវ​ធ្វើ​ឱ្យ​ស្រូវ​ចេះ​តែ​ចុះថោក​ពីព្រោះ​គ្មាន​ឈ្មួញ​ទិញ ។ ពេល​ច្រូតកាត់​រួច​ស្រូវ​ត្រូវ​គរ​ទុក​ចោល​២-៣​ថ្ងៃ​ទម្រាំ​រក​ម៉ូយ​ទិញ​បាន​ក្នុង​១​គីឡូក្រាម​តម្លៃ​៧០០​រៀល គឺ​មិន​រួច​លើ​ការ​ចំណាយ​ថ្លៃដើម​ដូច​ជា​ជី ថ្នាំ​កសិកម្ម…

ខេត្ដស្វាយរៀង ៖ ប្រជា​កសិករ​រស់នៅ​ស្រុក​កំពង់​រោទ៍ កំពុង​ព្រួយបារម្ភ​អំពី​តម្លៃ​ស្រូវ​ដែល​ធ្វើ​បាន​ហើយ​គ្មាន​ទីផ្សារ​លក់ និង​គ្មាន​ហាងឆេង​ពិតប្រាកដ​ដោយសារ​ឈ្មួញ​វៀតណាម​ជា​អ្នក​ដាក់​តម្លៃ និង​មាន​ឈ្មួញកណ្តាល​ដើរ​បញ្ចុះតម្លៃ​ស្រូវ​ធ្វើ​ឱ្យ​ស្រូវ​ចេះ​តែ​ចុះថោក​ពីព្រោះ​គ្មាន​ឈ្មួញ​ទិញ ។ ពេល​ច្រូតកាត់​រួច​ស្រូវ​ត្រូវ​គរ​ទុក​ចោល​២-៣​ថ្ងៃ​ទម្រាំ​រក​ម៉ូយ​ទិញ​បាន​ក្នុង​១​គីឡូក្រាម​តម្លៃ​៧០០​រៀល គឺ​មិន​រួច​លើ​ការ​ចំណាយ​ថ្លៃដើម​ដូច​ជា​ជី ថ្នាំ​កសិកម្ម ប្រេង និង​ឈ្នួល​ពលកម្ម​ទេ ។

លោក កើត សុខា ជា​កសិក​រស់នៅ​ភូមិ​ត្រពាំង​ថ្នា បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ជា​កសិករ​ពឹងផ្អែក​លើ​របរ​ធ្វើស្រែ​ដើម្បី​ចិញ្ចឹមជីវិត និង​លក់​យក​កម្រៃ​សង​ថ្លៃដើម​ខ្លះ ទុក​ឱ្យ​កូន​រៀន​ខ្លះ តែ​អកុសល​ឆ្នាំ​នេះ​ធ្វើ​ស្រូវ​ហើយ​គ្មាន​ឈ្មួញ​មក​ទិញ ពេល​ច្រូត​រួច​ហើយ​ទាល់តែ​២-៣​ថ្ងៃ​ទើប​រក​ម៉ូយ​ទិញ​បាន ។ លោក​ថា ឆ្នាំ​នេះ​ស្រូវ​លក់​បាន​ថោក​ណាស់​ក្នុង​១​គឺ​ឡូ​ក្រាម​តម្លៃ​៤.០៥០ដុ​ង (​ប្រាក់​វៀតណាម​) ស្មើ​៧០០​រៀល គឺ​ថោក​ជាង​ឆ្នាំ​២០១៥ ដែល​លក់​បាន​ថ្លៃ​ហើយ​សំបូរ​អ្នកទិញ​ទៀត​ដោយ​ក្នុង​១​គឺ​ឡូ​ក្រាម​តម្លៃ​៤.៥០០ដុ​ង​ស្មើនឹង​៩០០​ទៅ​១.០០០​រៀល​។ ចំណែក​ឆ្នាំ​២០១៦​នេះ ដោយ​មាន​ភាពរាំងស្ងួត​នៅ​ដើមខែ​វស្សា​ធ្វើ​ឱ្យ​ទិន្នផល​ស្រូវ​ធ្លាក់​ចុះ​ដែល​គិត​ជា​មធ្យម​ក្នុង​១​ហិ​កតា​ទទួល​បាន​ត្រឹមតែ​៤​ទៅ​៥​តោន​ប៉ុណ្ណោះ ដោយសារ​ឆ្នាំ​នេះ​ស្រូវ​មិនសូវ​ល្អ​ហើយ​ច្រូតកាត់​ក្នុង​ទឹក​ទៀត ។

លោក កើត សុខា បាន​បន្ត​ថា ប្រជា​កសិករ​កំពុង​ព្រួយបារម្ភ​អំពី​ការងារ​បង្កបង្កើន​ផល​ស្រូវ​ឆ្នាំ​នេះ​ដែល​ធ្វើ​បាន​ហើយ​រក​ទីផ្សារ​លក់​មិន​បាន ណាមួយ​មាន​តែ​ឈ្មួញ​វៀតណាម​ជា​អ្នក​មក​ទិញ ។ ដូច្នេះ​ហាងឆេង​គឺ​នៅ​លើ​មាត់​ឈ្មួញ​វៀតណាម​ជា​អ្នក​កំណត់ គេ​ចង់​ដាក់​តម្លៃ​ប៉ុន្មាន​ក៏​បាន​ដោយសារ​គ្មាន​ឈ្មួញ​ខ្មែរ​ទិញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជ្រួលច្របល់​នាំ​គ្នា​លក់​ចេញ​ទោះ​បាន​តម្លៃ​ថោក​ក្ដី ។ ម្យ៉ាងទៀត​រក​ផ្លូវ​ដឹក​ជញ្ជូន​មិន​បាន ដោយសារ​បច្ចុប្បន្ន​ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​ស្រុក​កំពង់​រោទ៍​ត្រូវ​ខូច​អស់ ហើយ​អាជ្ញាធរ​កំពុង​ឈូស​ឆាយ​ជួសជុល ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា បានជា​ពួក​គាត់​នាំ​គ្នា​បង្ខំចិត្ត​លក់​ព្រោះ ទី​១​យក​លុយ​សង​ថ្លៃ​ជី ទី​២​អាកាសធាតុ​មិន​អំណោយផល ទី​៣​តម្លៃ​ស្រូវ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឈ្មួញ​វៀតណាម​ដើរ​បញ្ចុះតម្លៃ​ធ្វើ​ឱ្យ​ពួក​គាត់​ភ័យ​ព្រួយ​ខ្លាច​តម្លៃ​ស្រូវ​ចេះ​តែ​ចុះថោក​ទៀត​ទើប​តម្លៃ​ប៉ុន្មាន​ក៏​លក់​ដែរ ។ ចំណែក​នៅ​ស្រុក​ស្វាយ​ជ្រំ​វិញ មានការ​ទិញ​ស្រូវ​ប្រកួតប្រជែង​គ្នា ខាង​ឈ្មួញ​វៀតណាម​ដើរ​បញ្ចុះតម្លៃ​ស្រូវ​ក្រសាំងទាប​ដោយ​ទិញ​១​គីឡូក្រាម​តម្លៃ​៤.០៥០​ដុ​ង​ស្មើ​៧០០​រៀល ។ រីឯ​សហគមន៍​កសិករ​ចំបក់​គុយ​ប្រមូល​ទិញ​ស្រូវ​ក្នុង​សហគមន៍​ឲ្យ​តម្លៃ​ខ្ពស់​ជាង​ឈ្មួញ​វៀតណាម ដូច​ជា​ស្រូវ​ក្រសាំងទាប​១​គីឡូក្រាម​តម្លៃ​៤.៣០០​ដុ​ង ស្មើនឹង​៧៦០​រៀល​ជាដើម ។

ប្រជា​កសិករ​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​មេត្តា​ជួយ​រក​ទីផ្សារ​ជូន​កសិករ​ដោយ​កំណត់​តម្លៃ​ស្រូវ​ឲ្យ​បាន​សមរម្យ​ដើម្បី​ឱ្យ​កសិករ​អាចរ​ស់បាន​ផង​ចៀសវាង​ពួក​គាត់​ធ្វើ​ចំណាកស្រុក ៕