ខេត្តឧត្តរមានជ័យ ៖ ប្រជាកសិករដែលខិតខំប្រកបមុខរបរផ្នែកកសិឧស្សាហកម្មគ្រប់ប្រភេទ នៅក្នុងខេត្តឧត្តរមានជ័យ កំពុងតែនាំគ្នីគ្នានិយាយត្អូញត្អែរថា ពួកគាត់មានការព្រួយបារម្ភ អំពីបញ្ហាគ្រោះធម្មជាតិរាំងស្ងួត ដែលបង្កឲ្យផលដំណាំស្វិតស្រពូន នឹងឈានទៅរកកាខូចខាតនាពេលដ៍ខ្លីខាងមុខនេះ បើទឹកភ្លៀងមិនធ្លាក់ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តឧត្តរមានជ័យជាច្រើនគ្រួសារបាននិយាយត្អូញត្អែររៀបរាប់ឲ្យកោះសន្តិភាពឲ្យដឹងថា ពួកគាត់ដែលរស់នៅក្នុងខេត្តនេះ កាលពីឆ្នាំកន្លងទៅ គឺបាននាំគ្នាសម្រុកបង្កបង្កើតនូវដំណាំស្រូវជាចម្បង បន្ទាប់មកនូវដំណាំពោតសណ្តែកគ្រប់ប្រភេទ នឹងអ្នកដែលមានលុយកាក់ច្រើន ពួកគេបានសម្រុកធ្វើជាចំការកៅស៊ូ ។ ពួកគាត់បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៥នេះ គេបានសង្កេតឃើញប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តឧត្តរមានជ័យ គឺពួកគាត់បាននាំគ្នា ងាកមករកដាំដំណាំដំឡូងមីវិញ ស្ទើរតែគ្រប់ក្រុមគ្រួសារ ពីព្រោះផលដំឡូងមីដែលពួកគាត់ទទួលផលបានកាលពីក្នុងឆ្នាំ២០១៤នោះ លក់បានតម្លៃខ្ពស់ ។
ប្រជាពលរដ្ឋបានបន្តថា ក្នុងឆ្នាំនេះដំណាំគ្រប់ប្រភេទដែលប្រជាពលរដ្ឋនាំគ្នាសម្រុកដាំបានលូតលាស់ផុតពីដី ក៏ត្រូវបានជួបនឹងគ្រោះធម្មជាតិរាំងស្ងួត ដែលបង្កឲ្យដាំដំណាំគ្រប់មុខ មានសភាពស្វិតស្រពោន ដោយមិនមានទឹកភ្លៀងធ្លាក់ ហើយក្តៅរកតែដេកពួនមិនបានទាំងថ្ងៃទាំងយប់ ។ រូបគាត់បញ្ជាក់ថា នេះជាគ្រោះធម្មជាតិមានការប្រែប្រួលមិនទៀងទាត់ទេ ព្រោះដោយសារតែមានការបាត់បង់សម្បត្តិធម្មជាតិព្រៃឈើទើបធាតុអាកាសកើតមានបែបនេះ ។
លោកគាំ វុឌ្ឃីធន អនុប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី៣០ មីនា ២០១៥ បានឲ្យដឹងថា ក្នុងឆ្នាំនេះជាជំហានទី១ ប្រជាពលរដ្ឋក្នុងខេត្ត កំពុងតែសម្រុកដាំដំណាំដំឡូងមី និងដំណាំផ្សេងៗជាច្រើនមុខ ហើយដំណាំខ្លះកំពុងតែលូតលាស់ ប៉ុន្តែជួបគ្រោះរាំងស្ងួត ហើយក្រុមមន្ត្រីកសិកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យឃើញថា ដំណាំមួយចំនួនមានសភាពស្វិតនៅពេលថ្ងៃ តែនៅពេលយប់ដំណាំនេះអាចឡើងស្រស់វិញ តែបើខូចខាតនោះមានចំនួនតិច ។ លោកបានបញ្ជាក់ថា ផលដំណាំស្រូវពុំទាន់មាននៅឡើយទេ គឺប្រជាពលរដ្ឋកំពុងតែភ្ជួររាស់នៅលើផ្ទៃដីស្រែ ៕
ចែករំលែកព័តមាននេះ