ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ត្អូញត្អែរ​នឹង​តម្លៃ​គ្រាប់ពោត​ចុះថោក​ធ្វើ​ឱ្យ​ខាតបង់​គ្រប់​គ្នា

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ពលរដ្ឋ​រាប់រយ​គ្រួសារ​កំពុង​ត្អូញត្អែរ​ពី​ការ​ខាតបង់​ក្នុង​ការ​លក់​គ្រាប់ពោត​ដែល​មាន​តម្លៃ​ថោក តែ​ពេល​ទិញ​គ្រាប់​ពី​ក្រុមហ៊ុន​យក​មក​ដាំ​បែរជា​ថ្លៃ​កប់​ពពក គឺ​ខុស​ថ្លៃ​គ្នា​ដាច់​ស្រឡះ ។ ពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ច្រនៀង ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ បាន​រៀបរាប់​ថា…

ខេត្តកំពត ៖ ពលរដ្ឋ​រាប់រយ​គ្រួសារ​កំពុង​ត្អូញត្អែរ​ពី​ការ​ខាតបង់​ក្នុង​ការ​លក់​គ្រាប់ពោត​ដែល​មាន​តម្លៃ​ថោក តែ​ពេល​ទិញ​គ្រាប់​ពី​ក្រុមហ៊ុន​យក​មក​ដាំ​បែរជា​ថ្លៃ​កប់​ពពក គឺ​ខុស​ថ្លៃ​គ្នា​ដាច់​ស្រឡះ ។

ពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ច្រនៀង ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ បាន​រៀបរាប់​ថា ពួក​គាត់​ជា​ច្រើន​គ្រួ​សារបាន​នាំ​គ្នា​ជួល​ដី​គេ​ដាំពោត​នៅ​តា​កែន​កោះ​ស្លា ស្រុក​ឈូក ខេត្ត​កំពត ។

ក្រោយ​ពី​ទទួលផល ពួក​គាត់​បាន​ប្រឈម​នឹង​ការ​ខាតបង់​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ ។ ពួក​គាត់​បាន​ទិញ​គ្រាប់ពោត​ពូជ​ពី​ក្រុមហ៊ុន​ក្នុង​មួយ​គឺ​ឡូ​ក្រាម​តម្លៃ​២​មឺ​ុ​ន​រៀល​យក​ទៅ​ដាំ លុះ​បាន​ផល​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិញ​មួយ​គឺ​ឡូ​ក្រាម​ឱ្យ​តម្លៃ​ត្រឹមតែ​៧៥០​រៀល​ទៅ​៨០០​រៀល​ប៉ុណ្ណោះ ។ នេះ​ជា​ការ​ធ្លាក់​ថ្លៃ​ដ៏​គំហុក​មួយ​ដែល​ធ្វើ​ឱ្យ​ប្រជា​កសិករ​មានការ​ខាត​បង់​​ធ្ងន់ធ្ងរ​នៅ​ដើមឆ្នាំ​២០១៧​នេះ ។

ប្រជាពលរដ្ឋ​ឈ្មោះ ញឹ​ម ប៉ាន់ អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ច្រនៀង ឃុំ​ស្រែ​ជា បាន​ត្អូញត្អែរ​ថា អ្នក​ភូមិ​ជា​ច្រើន​គ្រួ​សារបាន​ចងការ​ប្រាក់​អង្គការ​ម្នាក់​ៗ​រាប់​ពាន់​ដុល្លារ យក​មក​ធ្វើ​ដើមទុន​ដាំពោត ដោយ​បាន​ទិញ​គ្រាប់ពោត​ពូជ​ពី​ក្រុមហ៊ុន​ផៃ​អូ​នៀ ក្នុង​មួយ​គឺ​ឡូ​ក្រាម​តម្លៃ​២​មឺ​ុ​ន​រៀល​ហើយ​ពួក​គាត់​បាន​ជួល​ដី​គេ​ដាំ​មួយ​ហិ​កតា​៤០ម៉ឺ​ន​រៀល ។ លុះ​ដាំ​បាន​ផល​យក​មក​លក់​ឱ្យ​ក្រុមហ៊ុន​ផៃ​អូ​នៀ​នោះ​វិញ​បែរជា​គេ​អត់​ទិញ គឺ​មាន​តែ​ក្រុមហ៊ុន​សី​ុ​ភី​ជា​អ្នក​ប្រមូល​ទិញ​យក ក្នុង​មួយ​គីឡូក្រាម​គ្រាប់​តម្លៃ​តែ​៧៥០​ទៅ​៨០០​រៀល​ប៉ុណ្ណោះ ។

អ្នក​ភូមិ​បាន​និយាយ​ថា ការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ត្រូវ​ខាតបង់​ថវិកា​ធ្ងន់ធ្ងរ​។ ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ គឹ​ម យ៉ា​ន អាយុ​៤៥​ឆ្នាំ បាន​អំពាវនាវ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ជួយ​សម្រួល​តម្លៃ​ជូន​ប្រជាពលរដ្ឋ​ផង​បើ​មិន​មាន​ទីផ្សារ​ច្បាស់លាស់​ទេ អ្នកស្រុក​ដែល​មាន​តែ​មុខរបរ​ដាំពោត​នេះ​ច្បាស់​ជា​រត់ចោលស្រុក​អស់ហើយ ។

ពលរដ្ឋ​ឈ្មោះ គឹ​ម ដា បាន​សុំ​ឱ្យ​ក្រុមហ៊ុន​ផៃ​អូ​នៀ​ដែល​លក់​គ្រាប់ពោត​ពូជ​សូម​បញ្ចុះតម្លៃ​ខ្លះ​ផង ព្រោះ​ទិញ​ពី​ក្រុមហ៊ុន​ថ្លៃ ហើយ​នៅ​ពេល​ទទួល​បាន​ផល ប្រជា​កសិករ​យក​មក​លក់​ឱ្យ​ក្រុមហ៊ុន​ដើម​វិញ​បែរជា​មិន​ទិញ ទៅ​ឱ្យ​ក្រុមហ៊ុន​ឈ្មោះ ស៊ី ភី ជា​អ្នក​ប្រមូល​ទិញ​ទៅ​វិញ ។

ទោះជា​បែប​ណា​អ្នក​ភូមិ​ជា​ច្រើន​គ្រួ​សារបាន​ធ្វើ​ជង្រុក​ដាក់​ពោត​ទុក​ស្ទើរតែ​គ្រប់​ផ្ទះ​រង់ចាំ​ពោត​ឡើងថ្លៃ​ទើប​លក់ តែ​ពួក​គាត់​ត្រូវ​ប្រឈម​នឹង​ការ​ខ្វះខាត ត្រូវ​រក​ប្រាក់​បង់ការ​ប្រាក់​កម្ចី ។

ការ​កាប់​បំពង់​រង់ចាំ​ទឹកភ្នែក​នេះ​មិនដឹង​ថា ពេល​ណា​ពោត​ឡើងថ្លៃ​នោះ​ទេ ។

លោក ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេ​សា​ទេ​ខេត្តកំពត បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្ទៃដី​សម្រាប់​ដាំពោត​គ្រាប់​សមាន​ចំនួន​៧៧០​ហិ​កតា និង​ពោតក្រហម​៥១៨​ហិ​កតា​នៅ​ក្នុងស្រុក​ដងទង់ និង​ស្រុក​ឈូក ។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ចាត់​ទុក​ថា ការ​លក់​គ្រាប់ពោត​ពូជ​មួយ​គីឡូក្រាម​តម្លៃ​២​ម៉ឺន​រៀល​ដូច​ជា​ថ្លៃ​ជ្រុល​ពេក​ហើយ ៕